ពលរដ្ឋ​២៤​គ្រួសារ​ស្នើ​អាជ្ញា​ធរ​ខេត្ត​សៀមរាប​​ផ្តល់​សំណង​សមរម្យ​លើ​ករណី​វិវាទ​ដី​ធ្លី​របស់​ពួក​គាត់​

ប្រជាពលរដ្ឋមួយចំនួនតំណាងឱ្យ ២៤គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប លើកបដាតវ៉ាទាមទារដំណោះស្រាយលើដីកំពុងមានវិវាទ ដោយថាអាជ្ញាធរជាតិអប្សរាឈូសឆាយលើដីរបស់ពួកគេដោយគ្មានសំណងត្រឹមត្រូវ។ (ពលរដ្ឋមានវិវាទដីធ្លី)

ពលរដ្ឋចំនួន​២៤គ្រួសារ នៅភូមិតានី​​ ឃុំរុនតាឯក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប ស្នើ​ជាថ្មី​ដល់​អាជ្ញាធរ​ជាតិ​អប្សរាដោះស្រាយ​បញ្ហាដីធ្លីរបស់ពួកគាត់​ ដោយ​ផ្តល់សំណងសមរម្យ។

លោក នឿម សាណន អះអាងជាតំណាងពលរដ្ឋចំនួន២៤គ្រួសារនោះ​ ​បានលើកឡើងនៅ​ថ្ងៃទី​០៨ ខែ​មិថុនា​នេះ​​​​ថា​ ពួកគាត់បាន​ទៅ​រស់នៅអាស្រ័យផលលើដីទំហំ៩៦​ហិកតា​នេះ​ តាំងពី​ឆ្នាំ១៩៧៩មក ប៉ុន្តែនៅអំឡុងឆ្នាំ​២០០៥ អាជ្ញាធរជាតិ​អប្សរាបានចុះទៅស្រាវជ្រាវនិងទិញដីនោះ​ពីប្រជាពលរដ្ឋក្នុងតម្លៃ៥០០ទៅ៦០០ដុល្លារ​ ប៉ុន្តែពលរដ្ឋមិនព្រម។

លោក​បន្តថា កន្លងមក ពួក​គាត់​ធ្លាប់​​បានដាក់ពាក្យ​បណ្តឹងនិង​ញត្តិ​សុំអន្តរាគមន៍ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​ដោះស្រា​យ​វិវាទដីធ្លីនេះ​​ជាច្រើនលើកច្រើនសារ​ហើយ ប៉ុន្តែមកដល់​ពេលនេះ នៅពុំទាន់មានដំណោះស្រាយ​សមរម្យនៅឡើយ​។ ករណីនេះ លោកស្នើ​ជាថ្មី​ដល់​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​វិវាទដីធ្លីនេះឱ្យ​បាន​ឆាប់និង​ផ្តល់សំណងសមរម្យ​ដល់​ពួកគាត់។

លោកបន្តថា៖ «បងប្អូន​ប្រ​ជាពលរដ្ឋយើងអត់ទទួលយកទេ ពីព្រោះសំណងហ្នឹងវាអត់សមរម្យ អត់ទៅតាមគោលការណ៍ច្បាប់ដែលបានជួយគាំទ្រយើង។​ នេះជាដំណោះស្រាយដែលបងប្អូនពលរដ្ឋយើងទទួលអត់បាន​ ដី១ហិកតាឱ្យ​​យើង​២០[ម៉ែត្រ] គុណនឹង៣០[ម៉ែត្រ] យើងធ្វើអីរស់​? យើងទទួលយកអត់បានទេ»។

តំណាងពលរដ្ឋរូបនេះក៏បានស្នើដល់អាជ្ញាធរជាតិអ​ប្សរាដោះស្រាយបញ្ហាដីធ្លីនេះ ដោយ​ផ្តល់​ដីនៅ​ទីតាំង​ថ្មីដែលនៅក្បែរទីតាំងចាស់ ទៅតាមទំហំដី​​ចាស់​ដែល​ពួក​គាត់​កាន់​កាប់​ជាក់​ស្តែង។

វីអូឌី មិនអាចសុំការបញ្ជាក់​​ពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា​ លោក ឡុង កុសល បានទេ។

តែយ៉ាងណា លោកធ្លាប់បានប្រាប់​កាលពីថ្ងៃទី២៤​ ខែ​មីនា ឆ្នាំ២០២១ ថាករណីនេះ អាជ្ញាធរ​នឹង​​បន្តសម្របសម្រួល​ដោះស្រាយបញ្ហាដីធ្លីនេះ។

មន្រ្តីផ្នែកសិទ្ធិមនុស្ស​​នៃ​សមាគម​​អាដហុក​ប្រចាំ​ខេត្ត​សៀម​រាប លោក សួស ណារិន មាន​ប្រសាសន៍​​ថា ករណីវិវាទដីធ្លីនេះ អាជ្ញាធរធ្លាប់​បានចុះទៅ​ដោះ​ស្រាយរួច​មកហើយ​ ប៉ុន្តែជាគោលការណ៍ អាជ្ញាធរ​ផ្ដល់ដី​ជូន​ពលរដ្ឋត្រឹមតែ២០​គុណនឹង៣០ម៉ែត្រ​​​ ជាហេតុដែលធ្វើឱ្យ​​ប្រជាពលរដ្ឋមិនព្រមទទួលយក។​

លោកថា៖ «នៅក្នុង២៤គ្រួសារ គេបានសម្រួលឱ្យពួកគាត់ក្នុងម្នាក់មួយឡូ​​ត៍ ២០គុណនឹង៣០​ តែពួកគាត់អត់ព្រម! ​[…] អ្វីដែលគាត់ថតបង្ហោះនៅលើហ្វេសប៊ុក លើកបដា​តាមអីហ្នឹង គឺ​គាត់ចង់និយាយថា ដីគាត់ខ្លះមាន៥ហិកតា ៣ហិកតា​ ៤ហិកតាអ៊ីចឹង​ បើឱ្យ​គាត់តែ២០ម៉ែត្រគុណ៣០ម៉ែត្រ​ [មួយឡូត៍] អ៊ីចឹង គាត់ម៉េចយក! តែបើអាជ្ញាធរដោះស្រាយឱ្យ​គាត់ម្នាក់២ឡូ​ត៍អី ​ហើយ​ថែមលុយថែមកាក់អីខ្លះឱ្យគាត់ ប្រហែលជាគាត់យក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ