គ.ជ.ប​ បារម្ភ​មិន​មាន​អ្នក​ទៅ​​បោះឆ្នោត​ ​ខណៈ​​​ការ​បោះ​ឆ្នោត​​សាក​​​​​ល្បង​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជិត​មក​ដល់​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់ ពិនិត្យមើល​ប្រព័ន្ធ​ចុះឈ្មោះ​និង​ដំណើរ​ការ​ផ្សេង​ៗនៃ​ប្រតិបត្តិ​ការបោះឆ្នោត​អន​ឡាញ ក្នុង​ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត National Election Committee​)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ការព្រួយបារម្ភ​ថា អាច​នឹងមិនមានអង្គបោះឆ្នោត​ច្រើន​​​​ចាប់អារម្មណ៍ចំពោះប្រព័ន្ធបោះឆ្នោតថ្មីតាមបច្ចេកវិទ្យាអនឡាញនេះទេ ខណៈការបោះ​​ឆ្នោត​​​​​សាកល្បងនឹងត្រូវចាប់ផ្តើមក្នុងរយៈពេលប្រមាណ១០ថ្ងៃខាងមុខទៀតនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា​ ការ​​បោះ​​ឆ្នោត​​សាក​​ល្បង​​​តាម​​ប្រព័ន្ធអនឡាញនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី​២០ ខែមិថុនាខាងមុខ​​​នេះហើយ។ លោកបន្តថា គិត​​មកដល់ពេលនេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតសាកល្បងនេះ​នៅ​មាន​​ចំនួន​​តិចតួចនៅឡើយ។

លោកបន្តថា៖ «គ.ជ.ប មានការបារម្ភខ្លះដែរ! គ.ជ.ប កំពុងតែពិនិត្យ​ជា​មួយ​រដ្ឋបាលគ្រប់រាជធានី-ខេត្ត ដើម្បីឱ្យលោកចូលរួមក្នុងការទទួលខុសត្រូវ និងឆ្លើយតបថា​តើអាច​ដំ​ណើរ​​ការបានឬក៏អត់! បាទ» ។

បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃ​នេះ មានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ២៥ ០០០នាក់ហើយ ក្នុង​ចំណោមការិយាល័យទាំង​៥០ទូទាំង​ប្រទេស។

នេះជាលើកទី១ហើយដែលកម្ពុជាដាក់ឱ្យអនុវត្តការបោះឆ្នោត​តាមប្រព័ន្ធបច្ចេកវិទ្យាឬការ​​បោះ​ឆ្នោតតាមអនឡាញ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ថ្វីបើនេះជាការបោះឆ្នោតតាមអនឡាញ តែចំពោះ​អ្នកបោះឆ្នោតគឺតម្រូវឱ្យ​ទៅបោះឆ្នោត​ដោយ​ផ្ទាល់នៅតាមការិយាល័យ​ដែលខ្លួនបានចុះឈ្មោះជាចាំបាច់ មិនមែនបោះឆ្នោត​តាមទូរសព្ទដៃឬតាមកុំព្យូទ័រពីផ្ទះទៅទេ។

បើទោះជាបែបណា លោក សិត វណ្ណា ជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោកហាក់មិនដែលទទួលបានព័ត៌មានពីការបោះឆ្នោត​​តាមរយៈប្រព័ន្ធនៃការបោះឆ្នោតថ្មីនិងទំនើបនេះទេ​ពីមុន​មក​​។​

បុរសដែលមានវ័យ៣០ឆ្នាំរូបនេះ បញ្ជាក់ថា លោក​ពិតជាពិបាកសន្និដ្ឋានណាស់ ថា​តើ​ប្រព័ន្ធបោះឆ្នោតថ្មីនេះអាចនឹងដំណើរការទៅបានល្អប្រសើរឬមានភាពស្មុគស្មាញសម្រាប់អ្នក​​បោះ​​ឆ្នោត។

លោកបន្តថា៖ «ព័ត៌មាន​ហ្នឹង ដល់ពេលខ្ញុំអត់បាន​តាមដានអ៊ីចឹង ក៏​ពិបាក​ជ្រាប​អារឿង​ហ្នឹងដែរ​! ខ្ញុំមិនធ្លាប់ដែលបានដឹងពីមុនមក ដល់អ៊ីចឹងទៅមិនដឹងថាការដឹកនាំរបស់គេពីមុនមក គេធ្វើ​​​ម៉េច​​​អីម៉េច​​អ៊ីចឹងដែរ»។

បើតាមមន្ត្រី គ.ជ.ប ការបោះឆ្នោតសាកល្បងតាមអនឡាញដែលគ្រោងរៀបចំនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ គឺជា​​ការ​​​​​​បោះដែលប្រព្រឹត្តទៅក្នុងក្របខណ្ឌទូទាំងប្រទេស ប៉ុន្តែក្នុង១ខេត្តជ្រើសរើសយកតែ១​​ឃុំ-​​សង្កា​​ត់ ហើយក្នុង១ឃុំ-សង្កាត់ គឺជ្រើសរើសយកតែ២ការិយាល័យប៉ុណ្ណោះ ដោយ​១ការិយាល័យ​​នៅ​​​​ទី​​​ប្រជុំជន ហើយ​​​១ការិយាល័យទៀតនៅតាមជនបទ។

ដោយឡែក សម្រាប់គណបក្ស​​នយោបាយ​​ដែល​​​ត្រូវ​​ចូលរួមដាក់ឱ្យអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតជ្រើសរើស សម្រាប់ការបោះ​​ឆ្នោត​​សាក​ល្បងតាម​​ប្រព័ន្ធអនឡាញនេះ គ្រាន់តែជាសំណាកប៉ុណ្ណោះ។ សំណាកនេះ មានន័យថា គណ​​បក្ស​​​​នយោ​​បាយ​​​​សម្រាប់ការបោះឆ្នោតសាកល្បង​នេះ គឺជាឧទាហរណ៍ដែល គ.ជ.ប សន្មត​ឡើង​​នៅ​​លើ​​សន្លឹក​បណ្ណ​​បោះ​​ឆ្នោត។

លោក កង សាវាង្ស មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) ចាត់ទុក​​ការ​​បោះឆ្នោតសាកល្បងតាមអនឡាញដែលរៀបចំដោយ គ.ជ.ប នេះ​ ថាជាការកែប្រែមួយ​​ដែលនាំ​​ឱ្យ​​ការបោះឆ្នោតអាណត្តិបន្តបន្ទាប់ទៀតកាន់តែមានភាពល្អប្រសើរ។

លោកបន្ត​ថា ប្រព័ន្ធដែលនឹង​​ដាក់​ឱ្យដំណើរការក្នុងកម្រិតសាកល្បងនេះ អាចមានភាពងាយស្រួលដល់ការគ្រប់គ្រងទិន្នន័យសម្រាប់ការ​​បោះ​ឆ្នោតថែមទៀតផង។

លោកថា៖ «ខ្ញុំគិតថា នេះជារឿងមួយល្អ ជាពិសេសការដាក់ឱ្យប្រើប្រាស់​ការ​​សាកល្បងនៃការចុះឈ្មោះរបស់បេក្ខជនតាមរយៈប្រព័ន្ធកុំព្យូទ័រនេះ។ វាជារឿងល្អមួយដែរ ព្រោះ​​អីមាន​​ភាព​ងាយស្រួលក្នុងការគ្រប់គ្រង ដែលអាចដឹងមុនថា បុគ្គលជាបេក្ខភាពដែលដាក់តំណាង​ឱ្យគណ​​បក្ស​​ន​យោ​បាយ វាមានពិតឬ​​មួយគាត់ទៅ​​ឈរក្នុងតំណាងគណបក្ស​ផ្សេងទៀត មានន័យ​ថា គណៈ​​កម្មការ​រៀប​ចំ​ការ​បោះឆ្នោតឃុំ-សង្កាត់ ឬ គ.ជ.ប អាចគ្រប់គ្រង​បាន រួមទាំងអាយុផង»។ 

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យដឹងថា សម្រាប់ប្រព័ន្ធ​​ថ្មី​ដែល​​នឹង​​ដាក់ឱ្យសាកល្បងក្នុងពេលដ៏ឆាប់នេះ មានលក្ខខណ្ឌចំនួន៤ គឺទី១ ចង់សាកល្បងដោយ​​ប្រើ​​ប្រាស់​​កម្មវិធីរៀបចំបញ្ជីគណបក្សនិងបេក្ខជនគណបក្សតាមប្រព័ន្ធកុំព្យូទ័រ ដោយជំនួសទម្រង់ចាស់ ១០ ០៨ ពីមុន។ ទី២ គឺប្រព័ន្ធត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលសរុបតាមប្រព័ន្ធកុំព្យូទ័រ។ ទី៣ គ.ជ.ប ចង់​សាក​ល្បងឱ្យអង្គបោះឆ្នោតចេះប្រើប្រាស់នូវប៊ិកគំនូសសញ្ញាគាំទ្រ និងលក្ខខណ្ឌទី៤ ស្របពេល​​បរិបទ​​នៃការ​​រីក​រាលដាលជំងឺកូវីដ-១៩នេះ ដូច្នេះ គ.ជ.ប សម្រេចជ្រើសរើសការ បោះឆ្នោតសាក​​ល្បងតាមអនឡាញនេះ ដើម្បី​​វាស់​​ស្ទង់ពីរបៀបនៃការបោះឆ្នោតតាមរបៀបថ្មីនេះ។

បើតាមអ្នកនាំពាក្យ គ.ជ.ប ប្រសិនបើ​ដំណើរការសាកល្បងនេះប្រព្រឹត្តទៅបានល្អ ការបោះឆ្នោត​តាមប្រព័ន្ធ​ទំនើបនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ការបោះឆ្នោត​​ក្នុងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីធានាថា ការ​​បោះ​​​ឆ្នោត​​​​នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ