មន្ត្រី​ថា​ មាន​បេក្ខ​ជន​៣​នាក់​បាន​ដាក់​ពាក្យ​ប្រកួត​យក​តំណែង​ប្រធាន​ គ.ជ.ប

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព)

អ្នកនាំពាក្យរដ្ឋសភា បង្ហើបថា គិតត្រឹមថ្ងៃពុធនេះ មានបេក្ខជនចំនួន ៣នាក់ហើយ​បានដាក់ពាក្យប្រកួតប្រជែង​​យកតំ​ណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយពី​ប្រធាន គ.ជ.ប ចាស់ លោក ស៊ិក ប៊ុនហុក បានសុំលាឈប់ពីតំណែង

លោក ស៊ិក ប៊ុនហុក អាយុ៧៥ឆ្នាំ បានដាក់ពាក្យលាឈប់ពីតំណែងប្រធាន គ.ជ.ប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដោយប្រាប់ពីមូលហេតុនៃការ​លាឈប់នោះ ថាមកពី​​បញ្ហាសុខភាព។ ការស្នើសុំនេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយល់ព្រមនៅថ្ងៃទី៤ ខែ​​មិថុនា ឆ្នាំ​២០២១។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOD នៅថ្ងៃពុធនេះថា នីតិវិធីជ្រើសរើសប្រធាន គ.ជ.ប ថ្មី បានចាប់ផ្តើមហើយ ចាប់​ពីថ្ងៃពុធនេះទៅ រហូតដល់ថ្ងៃទី២៤ ខែមិថុនា។

លោកថា៖ «មាន៣នាក់ គាត់មកដាក់ពាក្យឬបែបបទហើយ! ប៉ុន្តែម្នាក់បានដាក់រួចហើយ»។

បើតាមអ្នកនាំពាក្យរូបនេះ នីតិវិធីនៃការជ្រើសរើសប្រធាន គ.ជ.ប ត្រូវឆ្លងកាត់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រជុំស​ម្រេ​ចជ្រើ​​សរើសបេក្ខជន បន្ទាប់មកបេក្ខជននោះត្រូវសុំការយល់ព្រមពីសភាពេញអង្គបោះឆ្នោតអនុម័ត ទើបអាចចូលកាន់តំណែងបាន។

លោក ស៊ិក ប៊ុនហុក បានចូលកាន់តំណែងប្រធាន គ.ជ.ប ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ តាមរូបមន្ត​ ៤+៤+១ ក្រោម​ការ​សម្រប​សម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ​ជាតិ ជាគណបក្សមានអាសនៈ​ក្នុងសភា។

រូបមន្តនេះ សមាជិក គ.ជ.ប ចំនួន៩រូប មាន​៤រូបមកពីបក្សប្រឆាំង ៤រូប​មកពីបក្សកាន់អំណាច និង១រូបមកពីតំណាងអង្គការសង្គមស៊ីវិល តែតំណែងប្រធានបានទៅលើកូតាមកពីបក្សកាន់អំណាច គឺលោក ស៊ិក ប៊ុនហុក រីឯតំណែងអនុប្រធានបានទៅលើកូតាមកពីអតីតបក្សប្រឆាំង លោក គុយ ប៊ុនរឿន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ