ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ បង្ហាញក្តីបារម្ភពីជីវភាព ដោយនឹងប្រឈមការបណ្តេញចេញដោយបង្ខំនាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកខ្លះកំពុងរុះរើ និងខ្លះទៀតសុំពន្យារពេលរុះរើមួយរយៈ ដើម្បីដោះស្រាយជីវភាពនិងសេដ្ឋកិច្ចគ្រួសារ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយប្រាប់ទៅប្រជាពលរដ្ឋដែលរស់លើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ត្រូវរុះរើចេញពីយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ បើពុំដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលឬវិធានការច្បាប់។
ក្រោយមក នៅដើមសប្តាហ៍នេះ ពោលដល់ថ្ងៃកំណត់ឱសានវាទ ត្រឹមថ្ងៃទី៩ ខែមិថុនានេះ អាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ត្រីរដ្ឋបាលក្រុង បានសហការគ្នាជិះទូកទៅពិនិត្យដល់ទីកន្លែងផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ហើយបានណែនាំនិងពន្យារពេលឱ្យពលរដ្ឋ៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែមិថុនានេះ ដោយថា បើពួកគេមិនព្រមរុះរើចេញឱ្យអស់ទេ នោះអាជ្ញាធរនឹងចុះរុះរើដោយផ្ទាល់ ហើយរាល់ការខូចខាតទ្រព្យសម្បត្តិមិនទទួលខុសត្រូវនោះទេ។
អង្គុយគាស់ក្តារលើបែចិញ្ចឹមត្រី និងលើទូកដែលជាផ្ទះបណ្តែតទឹក ស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី អាប៊ូតាឡឹប មីទីណាស់ វ័យជាង៨០ឆ្នាំ ដែលអះអាងថាជាជនជាតិខ្មែរឥស្លាម មានកូនក្នុងបន្ទុកចំនួន៦នាក់ បាននិយាយទាំងទឹកភ្នែកថា គាត់រស់នៅលើផ្ទះទឹកនេះចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ មិនដែលមានទំនាស់ជាមួយអាជ្ញាធរម្តងណាឡើយ។
ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញនេះ គាត់មានការភ្ញាក់ផ្អើលនៅពេលដែលអាជ្ញាធរសង្កាត់និងខណ្ឌបានចុះទៅដល់ផ្ទះបណ្តែតទឹករបស់គាត់ និងប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេសរូបគាត់ ឱ្យរុះរើផ្ទះចេញយ៉ាងយូរត្រឹមថ្ងៃទី១២ ខែមិថុនានេះ ហើយបើិមិនរុះរើទេ អាជ្ញាធរនឹងចុះរុះរើតែម្តង។
អ្នកស្រីនិយាយដូច្នេះថា៖ «គេ [អាជ្ញាធរសង្កាត់ និងខណ្ឌ] មកច្រើនណាស់ កាណូតផង ទូកផង! គេឱ្យយើងរើហ្មង ខ្លាចគេអូស [ផ្ទះលើទឹក] យើងទៅ! យើងបានអីនៅ កូនចៅច្រើន ៥ទៅ៦នាក់ ពិបាកណាស់! វេទនាណាស់! ហើយភ្លៀងផ្គរ ខ្ញុំមិនចង់និយាយទេ កំសត់ណាស់! ទោះខ្ញុំកាលនៅសម័យអាពត[ប៉ុល ពត]កំសត់ មករស់នៅទីនេះកំសត់ទៀត ខ្ញុំនិយាយ ទេវតាលោកឃើញហើយ ហើយខ្ញុំមានប្តីឯណា បើអាពតវាវាយចោល»។
ជនជាតិខ្មែរឥស្លាមម្នាក់ទៀត លោក ម៉ាត់ លី ដែលអះអាងថាជាអ្នកប្រកបមុខរបរនេសាទ និងរស់នៅលើផ្ទះបណ្តែតទឹកជាង១០ឆ្នាំ និយាយថា គាត់ត្រូវបង្ខំចិត្តរុះរើផ្ទះចេញពីតំបន់ដែលអាជ្ញាធរហាមឃាត់ ដោយសារគ្មានជម្រើស។ ប៉ុន្តែលោកថា ក្រោយពីរុះរើ ធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដោយសារគ្មានជម្រករស់នៅពិតប្រាកដ។
លោកនិយាយថា៖ «យើងភ័យហ្នឹងហើយបង! បើយើងនៅសុខៗ គេមកប្រាប់ថាឱ្យរុះរើ ហើយពិបាករកកន្លែងថ្មីនៅផង សុំគេជ្រកនៅជិតៗហ្នឹងបណ្តោះអាសន្ន។ យើងដើររកផ្ទះជួល ឥលូវពិបាករកផ្ទះជួលទៀត កូវីដ ពិបាករកផ្ទះជួលណាស់នៅជិតៗនេះ ព្រោះយើងធ្លាប់នៅម្តុំហ្នឹង ឱ្យទៅណាឆ្ងាយ ពិបាក អត់ចេះនៅ។ ហើយយើងរកផល មានទូក មានអី មិនដឹងទៅរកទីណា មានតែនៅទីហ្នឹងហើយ»។
អង្គុយយោលចៅឱ្យគេក្នុងអង្រឹង អ្នកស្រី ស្មាន ម៉ៃសុំ រស់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ដែលជាជនជាតិខ្មែរឥស្លាមដែរនោះ និយាយថា គាត់រស់នៅទីនោះប្រហែលជាង២០ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីជាមួយអាជ្ញាធរនោះទេ។ ហើយគាត់និងកូនបានចិញ្ចឹមត្រីក្នុងបែសម្រាប់ទុកលក់ ក្នុង១ឆ្នាំជាង១០ម៉ឺនក្បាល ដែលត្រីទាំងនោះ រួមមាន ត្រីឡាប់យ៉ា ត្រីអណ្តែង ត្រីពោ និងត្រីស្ពិន ជាដើម។
អ្នកស្រីនិយាយថា គាត់មិនជំទាស់នឹងវិធានការរបស់អាជ្ញាធររាជធានី ដែលឱ្យពួកគាត់រុះរើបែចិញ្ចឹមត្រីនិងផ្ទះលើទឹកចេញពីតំបន់នោះទេ ប៉ុន្តែអ្នកស្រីស្នើទៅរដ្ឋាភិបាលទុកពេលឱ្យគាត់ប្រហែលជា៦ខែទៀត ដើម្បីគាត់ប្រមូលផលត្រីចប់សិន ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពនិងសេដ្ឋកិច្ចគ្រួសារ។
អ្នកស្រីថា៖ «ខ្ញុំសុំស្នើទៅខាងអាជ្ញាធរ ហើយសម្តេចតេជោ [ហ៊ុន សែន] ក៏ដោយ ខ្ញុំសុំឱ្យគាត់ពន្យារពេលរយៈពេលដូចថា ៦ខែ ៧ខែ ឬ១ឆ្នាំក៏ដោយ ឱ្យខ្ញុំចាប់ត្រីអស់ហើយ ខ្ញុំរុះរើហើយ ខ្ញុំអត់ប្រឆាំងនឹងគោលការណ៍របស់គាត់ទេ។ រាល់ថ្ងៃខ្ញុំស្រឡាញ់គាត់ [សម្តេច ហ៊ុន សែន] ជាឪពុកម្តាយទីពីររបស់ខ្ញុំ បើខ្ញុំអត់មានគាត់ទេ ក៏ខ្ញុំអត់មានរស់ដល់សព្វថ្ងៃហ្នឹងដែរ។ ខ្ញុំពិបាកវេទនាមែនទែន មើលទីលំនៅខ្ញុំចុះ ដឹងហើយ! ខ្ទប់កំសត់របស់ខ្ញុំ ហើយកន្លែងនេះ ខ្ញុំធ្វើនៅមើលយាមកូន។ ខ្ញុំសុំដីគេធ្វើត្រីនៅនេះ ហាលត្រីនៅនេះលក់ដោះដូរ ដើម្បីបង់អង្គការ [ធនាគារ] យើងយកលុយគេមក យើងដាក់ត្រី ដល់អ៊ីចឹងយើងត្រូវបង់គេ ១ខែ ២០០ដុល្លារ»។
ចំណែកពលរដ្ឋប្រមាណ៧០គ្រួសារ រស់នៅលើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីដើមខែមិថុនានេះ បាននាំគ្នាប្រមូលស្នាមមេដៃនិងធ្វើលិខិតស្នើទៅអាជ្ញាធរខណ្ឌ សុំពន្យារពេលរុះរើកន្លែងស្នាក់នៅចិញ្ចឹមត្រីរហូតដល់ដំណាច់ឆ្នាំ២០២១ ដោយសារតែសព្វថ្ងៃ ត្រីដែលកំពុងចិញ្ចឹមនៅមិនទាន់ធំដែលអាចយកទៅលក់នៅទីផ្សារបាននៅឡើយទេ។
លោក នាម មង្គល ដែលអះអាងថាជាជនជាតិវៀតណាម រស់នៅផ្ទះបណ្តែតទឹក ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា និងជាអ្នកបានដឹកនាំប្រមូលស្នាមម្រាមដៃប្រជាពលរដ្ឋ និយាយថា ដើមចមដែលគាត់ស្នើទៅអាជ្ញាធរពន្យារពេលឱ្យពួកគេដល់ដំណាច់ឆ្នាំ២០២១នេះ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការរុះរើ និងកុំឱ្យប៉ះពាល់ដល់ពូជត្រីនិងសេដ្ឋកិច្ចគ្រួសារជាដើម។
លោកនិយាយថា៖ «ខ្ញុំក៏សុំស្នើទៅខាងគាត់ឱ្យមានរយៈពេលវែង ដើម្បីរៀបចំពូជត្រី នៅក្បែរផ្ទះបណ្ដែតទឹកហ្នឹង ឱ្យវាបានសមរម្យបន្តិច។ ប៉ុន្តែខាងគាត់មិនទាន់មានចម្លើយមកខាងខ្ញុំទេ ថាគាត់ព្រមឬក៏មិនព្រមដែរ។ ប៉ុន្តែថ្ងៃនេះ ពួកខ្ញុំប្រមូលផ្ដុំគ្នាធ្វើលិខិតសុំទៅខាងថ្នាក់លើ ដើម្បីឱ្យគាត់ដឹងពីសំណើរបស់ខ្ញុំ ពីប្រជាពលរដ្ឋប៉ុន្មានគ្រួសារហ្នឹង ដើម្បីមានរយៈពេលយូរជាងហ្នឹងក្នុងការរុះរើ»។
ជនជាតិវៀតណាមម្នាក់ទៀត លោក ដង ចិនតាំង ដែលរស់នៅលើដងទន្លេ ហើយប្រកបមុខរបរចិញ្ចឹមត្រីអស់រយៈពេលជាង១០ឆ្នាំមកនេះ បានលើកឡើងដែរថា លោកមានក្ដីបារម្ភខ្លាំងនៅពេលដែលវិធានការរបស់អភិបាលខណ្ឌហាក់ដូចលឿនពេក ដែលធ្វើឱ្យលោកនិងគ្រួសារត្រៀមខ្លួនសឹងមិនទាន់ ព្រោះត្រីដែលលោកចិញ្ចឹមមិនទាន់ធំដែលអាចនាំចេញទៅទីផ្សារបាននៅឡើយទេ។
លោក ចិនតាំង អះអាងថា បើអាជ្ញាធរមិនពន្យារពេលទេ លោកនឹងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដោយសារបច្ចុប្បន្នកំពុងជំពាក់បំណុលធនាគារផងដែរ។
លោកថា៖ «ខ្ញុំឮដំណឹងអ៊ីចឹង ទន់ដៃទន់ជើងអស់ហើយ ព្រោះធ្វើអីមិនទាន់ទេ ព្រោះអីត្រីនៅក្នុងបែ មានត្រីតូចត្រីធំ។ បើត្រីតូច យើងអាចស្រង់ឡើងស្រះបាន លក់ឱ្យគេថោកបាន ព្រោះអីត្រីធំ យើងជំពាក់បំណុលគេច្រើនណាស់ […] បើអ៊ីចឹងខ្ញុំសុំឱ្យពន្យារពេលឱ្យពួកខ្ញុំនៅ។ អ្នកថ្នាក់លើពន្យារពេលឱ្យពួកខ្ញុំដំណាច់ឆ្នាំនេះទៅ ដាច់ឆ្នាំ២០២១នេះ ហើយពួកខ្ញុំសារ៉េត្រីឱ្យឡើងទីផ្សារហើយ ឱ្យតែខ្ញុំសារ៉េលក់បែបណាបាន ខ្ញុំលក់បែបហ្នឹងចោល។ ខ្ញុំអត់ប្រឆាំងនឹងបទបញ្ជាទេ ប៉ុន្តែខ្ញុំក៏តាមបទបញ្ជាដែរ ខ្ញុំស្នើសុំពន្យារពេល […]។»
វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី និងអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានទេ នៅថ្ងៃនេះ។
ចំណែកអភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកស្នើឱ្យអ្នកសារព័ត៌មានចុះទៅជួបលោកផ្ទាល់ ទើបផ្តល់បទសម្ភាសន៍ឱ្យ។
ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី ក៏មិនអាចសុំការបំភ្លឺបានដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា បញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេនេះ ធ្វើឱ្យផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះ គឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាតឬបាត់បង់ណាមួយនោះឡើយ។ បើករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ថែមទៀតផង។
បើតាមអាជ្ញាធរ ខណ្ឌដែលមានផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅក្នុងរាជធានីភ្នំពេញ រួមមាន ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ចាត់ទុកវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានរយៈពេលត្រឹម១០ថ្ងៃនេះថា ហាក់ដូចជាលឿនពេក ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ជាពិសេសអ្នកដែលមានបែចិញ្ចឹមត្រីនៅតំបន់នោះ ពិបាកក្នុងការអនុវត្ត។
លោក សូចែត ផ្តល់ជាអនុសាសន៍ថា អាជ្ញាធរគួរសិក្សានៅតំបន់ដែលពលរដ្ឋមានបែចិញ្ចឹមត្រី ដោយទុកពេលឱ្យពលរដ្ឋរហូតដល់ពេលត្រីល្មមលក់កាន់តែល្អ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកគេ ដោយសារត្រីដែលចិញ្ចឹមហើយនៅតូច ពិបាកនឹងជម្លៀសទៅកន្លែងផ្សេង ជាដើម។
លោកផ្តល់ជាអនុសាសន៍ដូច្នេះថា៖ «វិធានការ គួរតែពន្យារពេលឱ្យគ្នាមានពេលគ្រប់គ្រាន់ក្នុងការរុះរើឬក៏ចាកចេញពីហ្នឹង។ តែ១អាទិត្យ គ្នាពិបាកដែរ ដោយសារស្ថានភាពគ្នា បែត្រីច្រើន ជញ្ជូនយកទៅណា មានតែរើចោល ហើយត្រីមានតែលែង។ ហើយ១អាទិត្យ បើលក់ រកទីកន្លែងណា លក់មិនចេញ ហើយកន្លែងខ្លះវានៅមិនទាន់ល្មមនឹងលក់ផង វាពិបាកណាស់»៕