ក្រសួង​ទុក​ពេល​បន្ថែម​៧​ថ្ងៃ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​នៅ​ក្រុង​ចំនួន៣ ស្នើ​​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសង្គមកិច្ច ទុកពេល១សប្តាហ៍ទៀតសម្រាប់ពលរដ្ឋទីទ័លក្រក្នុងក្រុងភ្នំពេញ​ ក្រុងតាខ្មៅ និ​ងក្រុ​​ងព្រះសីហនុដែលរងផ​លប៉ះពាល់ផ្នែកជីវភាពអំឡុងការបិទខ្ទប់ អាចស្នើសុំបើកប្រា​ក់​ឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដែលបានចាប់ផ្តើមកាលពីខែមុន។

សេចក្តីប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងសង្គមកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ម្សិលមិញ ដើម្បីបិទបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណគ្រួសារគោលដៅជុំដំបូងដែលក្រសួងជ្រើសរើសបានជាង៦ម៉ឺន (៦១ ៦​៧​៨​) គ្រួសារ ឬ​ស្មើនឹ​ងជាង២​​០ម៉ឺននាក់។

តាមការបញ្ជាក់ពីប្រធាននាយកដ្ឋានសុខុមាលភាពសង្គម លោក ហួរ សុបញ្ញា អំឡុងសន្និសីទ ឱ្យដឹងថា​ កម្មវិធីនេះមិនផ្តល់ជូនសម្រាប់គ្រួសារកាន់បណ្ណសមធម៌នៅមានសុពលភាព និងកម្មករកាត់ដេរនោះទេ។ លោកថា ក្រសួងបានចា​ប់ផ្តើមផ្សព្វផ្សាយ និងទទួលពាក្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ហើយប្រើក្រុមការងារច​ម្រុះ​​​ប្រមាណ១ពាន់នាក់ ដើម្បីសម្ភាសគ្រួសារផ្ទាល់មាត់ឬតាមទូរសព្ទ។

ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ លោក ថេង បញ្ញាធន លើកឡើងក្នុងសន្និសីទថា គ្រួសារដែលទទួលបានប្រា​ក់ឧបត្ថមត្រូវចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន និងឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ឬតាមទូរសព្ទ ក្នុងករណីពួកគេរស់នៅតំបន់បិ​ទខ្ទប់ពីក្រុមការងារចម្រុះ ដោយផ្តោតសំខាន់លើស្ថានភាពលំនៅដ្ឋាន សម្ភារប្រើប្រាស់ និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ក្រុមគ្រួ​សា​​​​រនីមួយៗ។

មន្រ្តីជាន់ខ្ពស់ក្រសួងផែនការរូបនេះ អំពាវនាវឱ្យគ្រួសារដែលគិតថាខ្លួនក្រីក្រ ឋិតក្នុងលក្ខខណ្ឌកំណត់ តែមិនទាន់មានឱកាសចុះឈ្មោះ ត្រូ​វប្រញាប់រួសរាន់ទាក់ទងទៅ​អាជ្ញាធរ​មូ​លដ្ឋានឱ្យបានមុនថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​​ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភដែ​លមានចា​ប់ពី១៥៦ ០០០រៀល ដល់៣១១ ០​០០រៀល សម្រាប់ការចំណាយលើថ្លៃទឹក ភ្លើង និងអាហាររយៈពេល២ខែ។

លោកមានប្រសាសន៍ថា៖ «នេះគឺសូមជម្រាបជូនឱ្យហើយ ហើយសុំមេត្តារួសរាន់ធ្វើការទាក់ទង។ បើសិនជាមិនបានទេ​ ហ្នឹងមិនមែនជាកំហុសរបស់អាជ្ញាធរ ឬកំហុសរបស់ក្រុមការងារយើងដែលចុះទៅធ្វើកិច្ចការងារនេះទេ គឺជាកំហុសរបស់បងប្អូនប្រជាជនយើងផ្ទាល់តែម្តង»

យ៉ាងណា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក វង សូត លើកឡើងថា ក្រសួងនឹងពិនិត្យពន្យារពេ​លបន្ថែមទៀតដោយផ្អែកលើភាពជាក់ស្តែង ប្រសិនបើការផ្តល់ពេល​១សប្តាហ៍នៅតែមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋក្រីក្រធ្វើការស្នើសុំ។

បើតាមលោករដ្ឋមន្រ្តី កម្មវិធីជំនួយសង្គមជុំដំបូងនេះ ក្រសួងត្រូវចំណាយថវិកាចំនួន៤លានដុល្លារសម្រាប់​គ្រួសារក្រីក្រដែលនៅតំបន់បិទខ្ទប់​​ ក្រោយ​បានសម្ភាសជាប់ ហើយនឹង​ចំណាយបន្ថែមទៀតសម្រាប់ដំណាក់កាលបន្តបន្ទាប់ បើនៅតែមានប្រជាពលរដ្ឋខ្វះខា​តពិត។

លោកមានប្រសាសន៍ថា៖ «មិនមែនមានន័យថា មួយ​អាទិត្យហ្នឹងយើងបិទគ្រឹប លែងទទួលពាក្យនោះទេ! ខ្ញុំគិតថា មិនមានបញ្ហាអីស្មុគស្មាញប៉ុន្មានទេ ព្រោះតំបន់បិទខ្ទប់ហ្នឹង វានៅក្នុងកម្រិតមួយតូចដែរទេ។ យើងកន្លងមក យើងធ្វើទូទាំងប្រទេស យើងធ្វើបា​ន! គ្រាន់តែប៉ុណ្ណឹង យើងទាមទារពេលវេលាបន្តិច»

ដោយឡែក លោក កៅ ពឿន អគ្គលេខាធិការរងសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លើកឡើងថា ពាក់ព័ន្ធរបៀ​បស្នើសុំសាច់ប្រាក់ឬកំណត់អត្តសញ្ញាណក្នុងការទទួលបានជំនួយសង្គមកិច្ចនេះ មានបញ្ហាស្មុគស្មាញ និងមិនមានតម្លាភាពគ្រ​​ប់គ្រាន់ចំពោះពលរដ្ឋក្រីក្រឬខ្វះខាត ជាពិសេស​សមាជិកសមាគមរបស់លោកផ្ទាល់តែម្តង។ 

លោកមានប្រសាសន៍ថា៖​ ​«ខ្ញុំធ្លាប់ឱ្យខាងសមាជិកយើង សមាជិករបស់សមាគម IDEA ហ្នឹង គាត់យក list [បញ្ជី]ឈ្មោះ ទៅឱ្យខាងសង្កាត់ស្ទឹងមានជ័យ២ ហើយគាត់អត់ទាំងទទួលផង​ មិនដឹងថា តើខាងរដ្ឋជ្រើសរើសម៉េចទេ? ប៉ុន្តែបើតាមសេចក្តីជូនដំណឹ​​ងហ្នឹង ឃើញគាត់ដាក់អីត្រឹមត្រូវ ឧទាហរណ៍ថា អ្នកដែល​មានមុខរបរលក់ដូរក្នុងផ្សារ លក់ដូរតាមផ្លូវអ៊ីចឹង អ្នករត់កង់បី ប៉ុន្តែពេលយកទៅដាក់ គាត់អត់ទទួល មិនដឹងម៉េច? គាត់ថែមទាំងនិយាយថា អ្នកណាឱ្យយកមកហ្នឹង យកឱ្យអ្នកហ្នឹងទៅ!»។ 

លោក កៅ ពឿន បន្ថែមថា ចំពោះបញ្ហាដំណើរការនីតិវិធីក្នុងការចែកសាច់ប្រាក់វិញ ក៏មានលក្ខណៈលម្អៀងនិងមិនទូលំទូលា​យចំពោះពលរដ្ឋក្រីក្រពិតប្រាកដដែល​ពួកគាត់ត្រូវការជំនួយជាចាំបាច់នោះទេ ប៉ុន្តែ​កម្មវិធីនេះ ពេលខ្លះគ្រាន់តែធ្វើឱ្យល្អមើល។

លោកថា៖ «អារឿងហ្នឹង យើងអត់បានគិតថាវាមានប្រយោជន៍អី ឬក៏អ្នកដែលរងផលប៉ះពាល់នឹងទទួលបានពិតប្រាកដទេ! ជាក់ស្តែង យើងទៅដាក់ គាត់អត់ទទួលផង ហើយយើងក៏មិនសង្ឃឹមថាទទួលបានប្រយោជន៍ពីហ្នឹង​​ដែរ»។

លោកស្រី ហីង អះអាងថាជា​ពលរដ្ឋក្រីក្រម្នាក់ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានមុខរបរដើរបេះត្រកួនលក់ផង រើសអេតចាយលក់ផង ហើយរកមួយថ្ងៃហូបមួយថ្ងៃ និងកំពុងជំពាក់បំណុលគេជាច្រើននៅក្នុងអំឡុងពេលកូវីដ-១៩នេះ។

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំនៅភូមិព្រែកទាល់ហ្នឹង សង្កាត់ស្ទឹងមានជ័យ២ហ្នឹង​ មានការខ្វះខាតក្នុងជីវភាព ហើយមានការខ្វះខាតជាច្រើន ផ្ទះបាក់បែក ធ្លុះធ្លាយ ខ្ញុំបានដាក់សំណើទៅខាងរដ្ឋថ្ងៃមុន តែគាត់អត់ទទួលសំណើខ្ញុំទេ»។

រដ្ឋាភិបាលបានសម្រេចផ្តល់ការឧបត្ថម្ភ​ជាសាច់ប្រាក់ឡើងវិញ​ដល់គ្រួសារក្រីក្រក្នុង​រា​ជធានីភ្នំ​ពេ​ញ ក្រុ​​​​ង​​តាខ្មៅ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​ដែលមានការបិទខ្ទប់ទ្រង់ទ្រាយធំដោយ​សារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមលក្ខ​ខ​ណ្ត្រូវឆ្លងកាត់ការចុះឈ្មោះ វាយតម្លៃពីអាជ្ញាធរមូលដ្ឋាន និងការសម្ភាស។ ការផ្តល់សារជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបើកផ្តល់ម្តងនៅអំឡុងមុនថ្ងៃចូលឆ្នាំខ្មែរ តែត្រូវលុបចោលវិញដោយប្តូរទៅជាជំនួ​យស្បៀងអាហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ