គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ទាម​ទារ​ឱ្យ​រដ្ឋ​សភា​​ធ្វើ​កំណែ​ទម្រង់​​ក្បាល​ម៉ាស៊ីន​ គ.ជ.ប

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

​​គណប​ក្សនយោបាយ​មួយចំនួន​ទាមទារឱ្យ​រដ្ឋសភាធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន​គណៈកម្មាធិកា​រជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីបញ្ចៀសការជាប់គាំង​នយោបាយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍របស់ខ្លួន​នៅថ្ងៃសុក្រនេះថា ដល់ពេល​​ដែល​​ត្រូវ​ធ្វើ​កំណែ​ទ​ម្រ​​​ង់​ស្ថាប័ន គ.ជ.ប ហើយ ដើម្បីធានាបាននូវភាពឯករាជ្យ ​អព្យាក្រឹត និង «ឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រប​តា​មគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស​ ទទួលបានការទុកចិត្តពីសំណាក់បក្សនយោបាយនិងអ្នកបោះឆ្នោត និងបញ្ចៀសការជាប់គាំងនយោបាយ»

ការទាមទារឱ្យធ្វើកំណែទម្រង់នេះ គណបក្សនោះបានស្នើរដ្ឋសភាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពី សមាសភាព គ.ជ.ប ត្រង់មាត្រា១៥១-ថ្មី(ពីរ) ដែលមាត្រានេះចែងពីសមាជិក គ.ជ.ប កាលពីអាណត្តិ​​ទី៥។

នៅអាណត្តិទី៥ គណបក្សពីរមានអាសនៈ​ក្នុង​សភា គឺគណបក្សប្រជាជនកម្ពុជា និងអតីត​​គណបក្សសង្គ្រោះជាតិ ​បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន គ.ជ.ប តាមរូបមន្ត (៤+៤+១) ដែល ៤រូប ជាសមាជិក​សភា មកពីកូតាគណបក្សកាន់អំណាច និង៤រូបទៀត មកពីសមាជិកសភាគណបក្សឆាំង និង១រូប មក​ពីតំណាង​អង្គការសង្គមស៊ីវិល ជាស្ថាប័នឯករាជ្យ។

ប៉ុន្តែ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ទាមទារថា ដោយសារនៅពេលនេះជាសភាឯកបក្សនិងគ្មានតំណាងរាស្ត្រមកពីគណបក្ស​ប្រឆាំង ដូច្នេះក្បាលម៉ាស៊ីន គ.ជ.ប តាមរូបមន្ត (៤+៤+១) ត្រូវមាន​ ៤រូប ជ្រើសរើស​ដោយគណបក្សដឹ​កនាំរដ្ឋាភិបាល និង៥រូប ត្រូវជ្រើសរើសដោយបើកចំហនិងតម្លាភាព។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាង​រាស្ត្របក្សប្រឆាំង ដែលបានសុំសិទ្ធិធ្វើនយោបាយ ហើយបានបង្កើតគណបក្សកំណែទម្រង់​កម្ពុជា និយាយថា វាចាំបាច់ណាស់ដែលត្រូវធ្វើឱ្យស្ថាប័ន គ.ជ.ប ក្លាយជាស្ថាប័នឯករាជ្យ ដើម្បីធានាតម្លាភាពនិងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ។

លោកថា៖ «តាមពិត ក្បាលម៉ាស៊ីនទាំង៩រូបនេះ គួរតែចេញពីសមាសភាពឯករាជ្យពិតប្រាកដ […] កាលណាចេញពីគណបក្សនយោបាយ គឺមាននិន្នាការហើយ! ហើយបើមាននិន្នាការ​ ចង់ក៏ដោយ មិនចង់ក៏ដោយ​ ច្បាស់​ជា​មាន​សម្ពាធ​ពីគណបក្សនយោបាយរបស់ខ្លួន តិច​ឬច្រើន វាមានហើយ​ភាពលម្អៀងហ្នឹង»។

យ៉ាងណា អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់ទុកការលើកឡើងនេះថា ជាការបញ្ចេញមតិ​ប៉ុណ្ណោះ គ្មាន​មូលដ្ឋានស​ម្រា​ប់ឱ្យរដ្ឋសភាពិចារណាទេ។

លោកថា៖ «អត់មានពិចារណាទេ អាហ្នឹងគ្រាន់តែជាការបញ្ចេញមតិ គណបក្សនយោបាយឬអ្នកនយោ​បាយ​ដែល​មាន​សមត្ថកិច្ចសមត្ថភាពធ្វើសេចក្តីព្រាងច្បាប់ ធ្វើសេចក្តីស្នើច្បាប់ គេលើកឬស្នើឡើង បានសភាពិនិត្យបញ្ហាហ្នឹង»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា ការលាងជម្រះមន្ត្រីរៀបចំការបោះ​ឆ្នោតកុំឱ្យជាប់ពា​ក់​ព័ន្ធនឹង​កិច្ចការនយោបាយ ជាមូលដ្ឋានគ្រឹះក្នុង​​ការ​បង្កើន​នូវ​ជំនឿទុកចិត្តដល់​មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជាពិសេស​​​​​​​ធានានូវ​សុចរិតភាព និងកាត់បន្ថយ​បាននូវ​​ការផ្ទុះវិវាទ​ក្រោយការបោះឆ្នោត។

ប៉ុ​ន្តែបើគ្មានការធ្វើកំណែទម្រង់ស្ថាប័នជាតិមួយនេះទេ លោកបារម្ភថា នឹងជះឥទ្ធិពលមិនល្អដល់មុខមាត់រដ្ឋាភិ​បាលដែលកើតក្រោយការបោះឆ្នោតដូចពេលកន្លងទៅ ។

លោកថា៖ «តិចឬច្រើន បើអាជ្ញាកណ្តាលហ្នឹងមកពីមនុស្សក្រុមតែមួយ ហើយធ្វើការងារមិនមានតម្លាភាពឬខ្វះតម្លាភាពនោះ នឹងបង្កើតឱ្យមានការសង្ស័យនិងចោទសួរអំពីតម្លាភាពនៃការងារនិងឯករាជ្យភាពដ៏​មាន​​សារៈសំខាន់​របស់ស្ថាប័នមួយនេះនៅក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាប្លុកលោកសេរី អំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៨ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ ខណៈការបោះឆ្នោតពេលនោះបានផាត់អតីត​គណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤៣ភាគរយចេញពីឆាកនយោបា​យ។

បណ្តាប្រទេសទាំងនោះក៏​បានចាត់ទុក​ការបោះឆ្នោតជាតិឆ្នាំ​២០១៨ ថាកម្ពុជាបានងាក​ចេញ​ពី​គ​ន្ល​ង​ប្រជា​ធិប​តេយ្យ និងជំរុញឱ្យ​​ស្តា​​​រស្ថានភាពនេះឡើងវិញ ជាថ្នូរនឹងការរក្សាទុកនូវ​ជំនួយនិង​អំណោយ​ផ​លផ្នែកពាណិជ្ជកម្ម។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកម្ពុជា កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោ​​​កស្រី Wendy R. Sherman ក៏បាន​​អំពាវនាវទៅរដ្ឋាភិបាលកម្ពុជាឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ​ មុនការបោះឆ្នោតមកដល់ ដោយចាត់ទុកថា ការធានាបា​ន​នូវលំហសេរីភាពមូលដ្ឋាននិងប្រជាធិបតេយ្យជាភាពចាំបាច់នៃការបង្កើនទំនាក់ទំនងរវាង​ប្រទេសទាំងពីរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ