ការ​ត្រៀម​ខ្លួន​របស់​គណ​បក្ស​នយោ​បាយ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សនយោបាយមួយចំនួន​លើកឡើង​​ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចទាំងកម្មវិធីនយោ​បាយនិងបេក្ខភាពមេឃុំ-ចៅសង្កាត់ សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ​ទី៥ ឆ្នាំ២០២២ ដែលនៅសល់ពេលប្រមាណ​១២ខែខាងមុខទៀតនេះ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ថ្លែងនៅថ្ងៃសុក្រនេះ​ថា គណបក្សនយោបាយ​ដែលផ្តួចផ្តើមឡើង​ពីក្រុមបញ្ញវន្តមួយនេះ បានត្រៀមខ្លួនរួចហើយ​ទាំង​​កម្មវិ​​ធី​​នយោ​បាយនិងផែនការ​យុទ្ធសាស្រ្ត ដើម្បីឈានទៅយកអាសនៈមេឃុំ-ចៅសង្កាត់នាពេលខាងមុខនេះ។

ប៉ុន្តែអ្នកនាំពាក្យរូបនេះប​ញ្ជាក់ថា នេះគ្រាន់តែជាការ​ត្រៀម​​ខ្លួន​​ប៉ុ​​ណ្ណោះ ព្រោះ​ប្រសិនបើស្ថានការណ៍​ក្នុងពេលខាងមុខនេះត្រូវជួបឧបសគ្គ ដូចជា សិទ្ធិបញ្ចេញមតិត្រូវបានរឹតត្បិតឬបញ្ហាដទៃទៀត ទាំងនៅមុននិងក្នុងដំណាក់​​កាល​​នៃ​​យុទ្ធ​​នា​ការបោះឆ្នោត គណបក្សរបស់ខ្លួននឹងពិចារណាក្នុងការដកខ្លួនថយវិញដែរ។

លោកបន្តថា៖ «យើងកំពុងតែសង្កេតមើល​ពីសភាពការនយោបាយ ជា​ពិសេសរឿង​​ជំងឺកូវី​ដ​​-១៩ និងសិទ្ធិធ្វើនយោបាយ បើមានប៉ះពាល់អី យើងនឹងពិចារណាក្នុងការចូលរួម​»។ 

បើតាមលោក ឡឹក សុធារ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៦នេះ គណបក្សនឹង​ជ្រើស​​រើស​​​​ឃុំ-សង្កាត់ចំនួន១០០ឃុំ-សង្កាត់ ក្នុងការដាក់បេក្ខភាពមេឃុំ-ចៅសង្កាត់ឈរឈ្មោះ។ ចំពោះកម្មវិធីនយោបាយឬសារនយោបាយដែលបក្សប្រជាធិបតេយ្យ​មូល​ដ្ឋាន​​កំ​ណត់​​​​ជាអាទិភាពនោះគឺ «មេឃុំល្អ» ព្រោះ​ការជ្រើសរើសបានមេឃុំល្អ នឹងអាចរកបានអភិបា​លស្រុកនិង​​ក្រុម​​ប្រឹក្សា​​​​ខេត្តបានល្អដែរ​។

ប្រធានកិត្តិយសគណបក្សខ្មែរតែមួយ លោក កែម រិទ្ធិសិត ឱ្យដឹងថា ​គណបក្សនេះ ថ្វី​ត្បិតមានវ័យ​ក្មេង​​ខ្ចីក្តី តែនឹង​ចូលរួមការបោះឆ្នោតនេះ​​ដែរ​។ លោកបន្តថា ​​គណបក្សខ្មែរតែមួយ មានគោលនយោបាយ​អាទិភាព ដូចជា ត្រូវមានច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ជាដើម។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ខ្លួននៅមិនទាន់បាន​ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​​ការ​​ត្រៀម​​ប្រកួតនៅឡើយទេ។ លោកបន្ត​ថា ថ្វីបើមកដល់​ពេល​នេះ ទាំ​ងយុទ្ធសាស្រ្តនិង​​កម្ម​​វិធី​​ន​​យោបាយមិនទាន់ដាក់ចេញក្តី ក៏គណបក្សនេះ​បាន​អនុវត្តដោយជោគជ័យរួចទៅហើយទៅលើកម្មវិធីនយោបាយដែលមានស្រាប់។

លោកបន្តថា៖ «មិនទាន់និយាយកើតទេ ព្រោះវានៅឆ្ងាយណាស់ ដូច្នេះ​​ការត្រៀមលក្ខណៈហ្នឹងមិនទាន់ធ្វើទេ។ ទោះបែបណាក្តី គណបក្សប្រជាជនកម្ពុជា នឹងអនុវត្តទៅតាមកម្មវិធីរបស់ គ.ជ.ប មិន​ឱ្យខ្វះទេ»។ 

ដោយឡែក អតីតគណបក្សសង្រ្គោះជាតិ ដែលធ្លាប់ទទួលបានការគាំទ្រមិនចាញ់បក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ ត្រូវបានអតីតមន្រ្តីជាន់ខ្ពស់គណបក្សមួយនេះអះអាងដោយមិនប្រាកដប្រជាថា នឹងត្រូវចូលរួម​ក្នុងការបោះឆ្នោត​នឹងគេដែរឬយ៉ាងណានៅឡើយទេ។

ថ្លែងពីប្រទេសបារាំង តាមបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ែន សុថាវរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឱ្យដឹងថា គិតមកដល់ពេលនេះ លទ្ធភាពនៃការចូលរួម​របស់គណបក្សនេះនៅមិនទាន់អាចគូសវាសបាននៅឡើយ ខណៈខ្លួនកំពុងតាមដានពីលំហនយោបាយ ថាតើនឹងមាន​ការប្រែប្រួលទៅ​រកភាពវិជ្ជមាន​កម្រិត​ណា​។​

លោ​ក​​​បន្តថា៖ «រឿងប្តេជ្ញាចិត្តថាចូលរួមបោះឆ្នោត យើង​ចូលហើយ ប៉ុន្តែខាងគណបក្ស​ប្រជាជនកម្ពុជា ចង់បានប្រជាធិបតេយ្យដែរឬអត់! បើចង់បានប្រជាធិបតេយ្យពិតប្រាកដ ត្រូវឱ្យគណបក្សសង្រ្គោះជាតិត្រឡប់ទៅវិញ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំដទៃទៀត។ ហើយរៀបចំ គ.ជ.ប ឱ្យមានតម្លាភាព»។

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មាត្រា​៤១ កំណត់ថា ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយ​​ត្រូវ​ដាក់​ពាក្យ​​សុំ​​ចុះ​បញ្ជីឈរឈ្មោះបោះឆ្នោត តាមការកំណត់ដោយ គ.ជ.ប ទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច៩០ថ្ងៃមុនថ្ងៃបោះឆ្នោត។

ទន្ទឹមនឹងនេះ មាត្រា​៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតនេះដដែល ចែងថា គ.ជ.ប ត្រូវកំណត់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជន សម្រាប់ឃុំ-សង្កាត់នីមួយក្នុង​រយៈពេល៣ថ្ងៃ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា ដោយ​សារ​ពេល​វេលានៃ​ការបោះឆ្នោតនេះនៅរយៈពេលវែងឆ្ងាយនៅឡើយ ហេតុនេះ ការកំណត់កាលបរិច្ឆេទស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ គឺមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា៖ «សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ​-សង្កាត់​ ​​នឹ​ង​ធ្វើនៅខែ៦ ឆ្នាំ២០២២ អ៊ីចឹង​អត់ទាន់ដល់ពេលដែលគណបក្សដាក់ពាក្យចូលរួមប្រកួត​ប្រជែងទេ ដូច្នេះបានន័យថា អត់ទាន់មានគណបក្សទេ»។  

លោក កន សាវាង្ស មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការ ខុមហ្រ្វែល (Comfrel) យល់ឃើញថា សម្រាប់កម្ពុជា ស្ថានភាពនយោបាយបច្ចុប្បន្ននេះកំពុងតែជាប់គាំង​ ដោយ​​សារ​​អតីត​គណបក្សប្រឆាំងត្រូវបានផាត់ចេញពីសង្វៀននយោបាយរួចទៅហើយ។

ម្យ៉ាង​​ទៀត បើ​​​ទោះ​​ជា​មើលឃើញថាមានគណបក្សនយោបាយថ្មីៗ​​កំពុងតែកើតឡើង​​ព្រោង​​ព្រា​​ត​ក្តី លោកថា បញ្ហានេះ​​មិន​​អាចឆ្លុះ​​បញ្ចាំងពីសេរីភាព​​​ផ្នែកនយោបាយ​នោះទេ។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ប្រសិនបើ​គ្រប់ភាគីនយោបាយមិន​​ឆាប់​​បញ្ចប់​​​ការ​​ខ្វែងគំនិតខាងនយោបាយទេ បញ្ហានេះវានឹងជះឥទ្ធិពលមិនល្អដល់ដំណើរការបោះឆ្នោតខាងមុខថែមទៀត។

លោកបន្ត​ថា៖ «វិបត្តិនយោបាយ​​របស់ប្រទេស ​​គឺវាបា​នកើត​​ឡើង​​ក្រោយពីបានរំលាយគណបក្សសង្រ្គោះជាតិមួយ ក្រោយពីការបោះឆ្នោតឆ្នាំ២០១៧។ ហើយវិបត្តិនយោបាយ​តែងមានភាពតានតឹងក្នុងការជជែកនិងដោះស្រាយ ហើយ​​​​សម្រាប់ខ្ញុំមើលឃើញថា វានាំដល់ភាពទ័លច្រកសម្រាប់កិច្ចការងារផ្នែកនយោបាយទៅមុខទៀត»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គណបក្សនយោបាយដែលបាន​ចូលរួមក្នុងការប្រកួតប្រជែងការ​បោះឆ្នោតមានចំនួន​១២​គណ​​បក្ស​​ ហើយ​ចំនួននេះ​មានការកើនឡើង បើធៀបទៅនឹងគណបក្សនយោបាយដែលបានចូលរួម​ការបោះឆ្នោតកាលពីឆ្នាំ២០១២ ដែល​មានត្រឹមតែ១០គណបក្សនយោបាយប៉ុណ្ណោះ។ សម្រាប់អាណត្តិទី៥នេះវិញ មន្រ្តីនាំពាក្យ គ.ជ.ប មិនអាចបញ្ជាក់បាននៅឡើយទេ​ពី​​ចំ​​នួ​ន​​​​គណបក្សនយោបាយដែលនឹងត្រូវចូលរួម ព្រោះពេលវេលានៅវែងឆ្ងាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ