ក្រសួង​វប្បធម៌​ចាត់​ទុក​​មរណ​ភាព​​ទេវនាដ​និម្មិត​ ឯម ធាយ​ ថា​ជា​ការ​​បាត់បង់​មរតក​មនុស្ស​រស់

លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ (ហ្វេសប៊ុក៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:)

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃអង្គារនេះ ដោយលោកយាយ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨៦ឆ្នាំ។ 

សារនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ លោកស្រី ភឿង សកុណា នៅថ្ងៃទី១៥ ខែមិថុនានេះ បានចាត់ទុក​ការទទួលមរណភាពរបស់ទេវនាដនិម្មិតរូបនេះថាជាការបាត់បង់ដ៏ធំធេងមួយក្នុងវិស័យវប្បធម៌ ទាំងផ្នែក​របាំក្បាច់​បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ 

លោកស្រី ភឿង សកុណា សរសេរថា៖ «រាងកាយបាត់ទៅ ក្នុងជន្មាយុ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បៈ​ខ្មែរ​មិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់​ក្រោយ ដោយចង​ចាំនូវ​គុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ។ នាងខ្ញុំសូមក្រាបសំពះជូនដំណើរ និងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេនូវអ្វីដែលលោកយាយបានលះបង់និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

យោងតាមគេហទំព័រមជ្ឈមណ្ឌលសោតទស្សន៍បូផាណា បានឱ្យដឹងថា លោកយាយ ឯម ធាយ គឺជា​ព្រឹទ្ធាចារ្យ​នៃរបាំ​បុរាណ​ខ្មែរ និងជានាដការីរបាំព្រះរាជ្យទ្រព្យផងដែរ។ លោកយាយ ឯម ធាយ កើត​នៅឆ្នាំ១៩៣២។ កាលនៅមានជីវិត លោកយាយនៅ​បន្ត​ធ្វើការ​ក្នុងការ​អភិវឌ្ឍ​របាំបុរាណ​ខ្មែរ​ជានិច្ច។

ក្នុង​បទសម្ភាសជា​មួយបូផាណា ឱ្យដឹងទៀតថា លោកយាយ ឯម ធាយ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួនដែលឆ្លងកាត់សម័យកាលជាច្រើន ​ដោយ​ផ្សារភ្ជាប់ជីវិតរបស់ខ្លួន​ជាមួយនឹង​វិស័យ​សិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត។

រដ្ឋបាលសាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនានេះ បានឱ្យដឹងថា នៅ​ម៉ោងប្រមាណ​៩ព្រឹក ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយអាជ្ញាធរ​សង្កាត់ភូមិ បានចុះយកសំណាកសព លោកយាយ ឯម ធាយ ដោយពិនិត្យឃើញថា មានវិជ្ជមាន​កូវីដ-១៩។ ប៉ុន្តែដោយកូនចៅមិនអស់ចិត្ត ក៏បានហៅក្រុមគ្រូពេទ្យ​ធីតា ទៅ​យកសំណាក​ម្តង​ទៀត​នៅម៉ោង១១​ព្រឹក​ តែលទ្ធផលនៅតែវិជ្ជមានកូវីដ-១៩ដដែល។ 

យ៉ាងណា ព័ត៌មាននេះត្រូវបានលុបចេញពីទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ព្រែកប្រាវិញ នៅថ្ងៃអង្គារនេះ។ ​

ដោយឡែក អ្នកនាំពាក្យក្រសួងសុខាភិបាល លោក​ស្រី ឱ វណ្ណឌីន ប្រាប់ វីអូឌី នៅរសៀលថ្ងៃអង្គារនេះថា អ្នកស្រីនៅពុំទាន់​ទទួលបានព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែលោក​ស្រីថា ជាធម្មតា នៅក្នុងស្ថានភាពជំងឺកូវីដ-១៩កំពុងរីករាលដាល មន្ត្រីជំនាញតែងមានការប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវចុះពិនិត្យនិងយកសំណាកសពដែលស្លាប់ ដើម្បីឱ្យប្រាកដថា អ្នកស្លាប់នោះស្លាប់ដោយជំងឺអ្វីពិតប្រាកដ ចៀសវាងការឆ្លងជំងឺផ្លូវដង្ហើមនេះទៅកាន់អ្នកផ្សេងទៀតដោយមិនបានដឹង៕  ​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ