ការ​ចរចា​រក​ដំណោះ​ស្រាយ​រវាង​អាជ្ញាធរ​និង​ពលរដ្ឋ​ប៉ះពាល់​ដី​ធ្លី​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​គ្មាន​​​លទ្ធផល​

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​​ពលរដ្ឋអះអាងថា ការ​ចរចា​រក​ដំណោះស្រា​យរឿងវិវាទដីធ្លី​រវាង​អាជ្ញាធរនិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល មិនទទួលបានលទ្ធផលនោះទេ ក្រោយភាគីពាក់ព័ន្ធចរចាគ្នាអស់រយៈពេលជាង៥ម៉ោងនៅព្រឹកថ្ងៃអង្គារនេះ។

តំណាងប្រជាពលរដ្ឋប្រហែល៣០នាក់បានជួបប្រជុំជាមួយអភិបាលខេត្តកណ្តាលនិងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីស្វែងរក​ដំណោះស្រាយផលប៉ះពាល់ដីធ្លី ក្រោមគម្រោង​អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

ពលរដ្ឋនៅឃុំបឹងខ្យាង អ្នកស្រី ឃឹម ម៉ាលី ដែលចូលរួមកិច្ចប្រជុំនោះបានប្រាប់ វីអូឌី ថាការជួបប្រជុំនោះ​ អាជ្ញាធរបានត្រឹមតែសម្របសម្រួលឱ្យពលរដ្ឋទទួលយកសំណងផលប៉ះពាល់ត្រឹមតែ៨ដុល្លារ​​ក្នុង​មួយម៉ែត្រ​ការ៉េ និងដោះដូរដីកន្លែងផ្សេងដែលជាដំណោះស្រាយ​ដដែលៗតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ពលរដ្ឋ​​នៅ​តែរក្សាជំហរ​មិនព្រមទទួលយកសំណងនេះឡើយ។

អ្នកស្រី ឃឹម ម៉ាលី ដែលអះអាងថា ប៉ះពាល់ដីទំហំ២៧អា បានបន្តទៀត​ថា សំណងដែលអ្នកភូមិចង់បានគឺដីនៅជាប់ផ្លូវតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីមិនជាប់ផ្លូវអាស្រ័យលើការចរចាគ្នាបន្ថែមទៀត។ អ្នកស្រីបន្ថែមថា មូលហេតុដែលពួកគាត់មិនអាចទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ ដោយ​សារ​សំណងនេះ​​តិច​តួច​ពេក មិនអាចទៅរកទិញដី​កន្លែងផ្សេងបាន និងបារម្ភខ្លាចដីដែលដោះដូរនោះមានបញ្ហាបណ្ណកម្មសិទ្ធិទៀតផង។

អ្នកស្រីបន្ថែមថា៖ «តម្លៃហ្នឹង ពួកខ្ញុំទទួលយកអត់បានទេ និងការដូរដី គឺខាងពួកខ្ញុំមិនព្រមដែរ ពីព្រោះអីបើយើងដូរ មិនដឹងថាដីនោះនៅកន្លែងណា ទៅមើលម្តងគាត់ចង្អុលថាកន្លែងនេះកន្លែងនោះ។ មួយទៀត ខ្លាចមានបញ្ហារឿងប្លង់ រាល់ថ្ងៃនេះ​ដីពួកខ្ញុំមានបណ្ណកម្មសិទ្ធិស្របច្បាប់ផងនៅលំបាក»

ពលរដ្ឋនៅឃុំបឹងខ្យាងម្នាក់ទៀត លោក សួង ពៅ ឱ្យដឹងថា ការសម្របសម្រួលដោះស្រាយនៅព្រឹកមិញនេះ អាជ្ញាធរហៅពលរដ្ឋតែ១៣គ្រួសារប៉ុណ្ណោះមកដោះស្រាយ ហើយការដោះស្រាយរបៀបនេះ អ្នកភូមិមិនអាចទទួលយកបានឡើយ។ លោកថា អ្នកភូមិទាមទារទៅអាជ្ញាធរឱ្យដោះស្រាយជាសរុបរួមសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់គ្នា។

ពលរដ្ឋរូបនេះបន្តថា បញ្ហាប្រឈមសម្រាប់អ្នកភូមិមួយទៀតនោះ គឺអាជ្ញាធរបានបិទការទិញលក់ដីនៅតំបន់ពួកគាត់ និងហាមប្រជាពលរដ្ឋមិនឱ្យចូលទៅបង្កបង្កើនផលក្នុងដីស្រែរបស់ខ្លួនរយៈពេលជិត៣ឆ្នាំហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតស្បៀងនិងជួបបញ្ហាជីវភាព។

លោកបន្ថែមថា៖ «ជំហររបស់ប្រជាពលរដ្ឋ គឺនៅតែតវ៉ាទាមទារ ហើយទាមទារឱ្យក្រុមហ៊ុនមកចរចាជាមួយប្រជាពលរដ្ឋ ដែលពលរដ្ឋទាមទារ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលនេះជាគោលការណ៍របស់ប្រជាពលរដ្ឋ។ ហើយទាមទារដោះស្រាយជារួម គឺមិនមែនដោះស្រាយត្រឹមតែ១៣ក្បាលដីហ្នឹងទេ ដោយសារតែរាប់រយគ្រួសារទៀតបានបិទការទិញជិត៣ឆ្នាំហើយ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទេ នៅថ្ងៃអង្គារនេះ ដោយទូរសព្ទ​ចូលគ្មានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់ប្រាប់ វីអូឌី កាលពីចុងខែឧសភា ថាការសម្រេចផ្តល់សំណង៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េជូនពលរដ្ឋ និងសុំដោះដូរដីនោះ គឺរដ្ឋាភិបាលជាអ្នកកំណត់ ក្រោយមានការវាយតម្លៃផលប៉ះពាល់ពីក្រសួងពាក់ព័ន្ធ។ 

លោក គង់ សោភ័ណ្ឌ ក៏ព្រមានចាត់វិធានការច្បាប់ផងដែរ ប្រសិនពលរដ្ឋនៅតែមិនព្រមទទួលសំណងដែលរដ្ឋាភិបាលបានកំណត់នេះ។

លោកបន្ថែមថា៖ «អាហ្នឹងខ្ញុំគិតថា វាល្អបំផុតហើយ ដោយសារចេញពី៨ដុល្លារបាន បានអាដីនៅក្បែរហ្នឹងចុះ គាត់ចង់បានដីហ្នឹង វាថ្លៃ! ប៉ុន្តែពួកគាត់មិនព្រមទៀត ដល់ពួកគាត់មិនព្រមទៀត អាហ្នឹងយើងអស់ជម្រើស។ ដល់​អស់ជម្រើស [ចូលដល់​] កាតព្វ​​កិច្ចហើយ ព្រោះយើងត្រូវមាន​កាតព្វកិច្ចដែរ មិនអាចឆ្លើយថាទេចំពោះកាតព្វកិច្ចទេ ហើយ​ប្រើច្បាប់អស្សាមិករណ៍ ។ល។ ទៅ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កន្លងមកនេះ ការអភិវឌ្ឍ​ភាគច្រើនមិនបានគោរពទៅតាមច្បាប់នោះទេ ដោយថា គម្រោងខ្លះមិនបានដោះស្រាយសំណង​សមរម្យនិងយុត្តិធម៌ជូនពលរដ្ឋឡើយ។ លោកថា តាមច្បាប់ រាល់ការដកហូតសិទ្ធិស្របច្បាប់លើកម្មសិទ្ធិឯកជន ដើម្បីយកទៅអភិវឌ្ឍនានានោះ គឺត្រូវបានធានាពីការទូទាត់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌។ 

មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល ភាគច្រើនមានបណ្ណកម្មសិទ្ធិស្របច្បាប់ ដែលអាជ្ញាធរនិងក្រុមហ៊ុនត្រូវតែដោះស្រាយសំណងសមរម្យនិងយុត្តិធម៌ជូនពួកគេ។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា អាជ្ញាធរគប្បីមានការពិនិត្យនិងចរចា​តម្លៃឱ្យបានសមរម្យដែលពួកគាត់អាចទទួលយកបាន ចៀសវាងនូវការប្រើវិធានការគំរាមកំហែង ឬក៏ដាក់សម្ពាធ ឬក៏ហិង្សាណាមួយ​ចំពោះពួកគាត់ ពីព្រោះចំណុចទាំងអស់នេះ ពួកគាត់សុទ្ធតែបានបណ្ណកម្មសិទ្ធិស្របច្បាប់។ អ៊ីចឹង​ប្រសិនបើពួកគាត់មិនទាន់អាចទទួលយកបានទេ គួរតែមានការចរចា ចរចាហើយចរចាទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អាចទទួលបាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ