កសិករ​មួយ​ចំនួន​​នៅ​ខេត្ត​បាត់​ដំប​ង​ត្អូញ​ត្អែរ​ចំពោះ​តម្លៃ​បន្លែ​បន្ត​ចុះ​ថោក​និង​គ្មាន​ទី​ផ្សារ​

អ្នកស្រី ដិន ចាន់ធី និងសមាជិកកសិករប៉ុន្មាននាក់ទៀត កំពុងចុះមើលដំណាំម្ទេសរបស់ខ្លួននៅឯចម្ការ ស្ថិតក្នុងខេត្តបាត់ដំបង។ (សុខ ចន្ទ្រាវុធ)

ប្រជាកសិករដាំបន្លែ​មួយចំនួននៅខេត្តបាត់ដំបង ស្នើ​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល​ជួយ​សម្រួលស្វែង​​រក​ទីផ្សារ​​​ជូន​​ដល់​ពួកគាត់ ខណៈពួកគាត់ត្អូញត្អែរថា កសិផលដែលពួកគាត់ដាំរួចលក់ពុំបានថ្លៃនិងគ្មានទីផ្សារ ដែលធ្វើឱ្យ​ជួបការលំបាកក្នុងជីវភាព។

ប្រកបមុខរបរដាំម្ទេសអស់រយៈពេលជិតមួយឆ្នាំហើយ​ លោក​ យស់ សុនី ជាកសិកររស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បាន​លើកឡើងថា ការដាំដំណាំម្ទេសនេះត្រូវការ​ចំណាយ​ដើម​ទុន​ច្រើន ដូច​ជា ការដាក់ជី ការជួលកម្មករធ្វើស្មៅ និងការចំណាយលើថ្លៃថ្នាំបាញ់ស្មៅ ជាដើម។ ប៉ុន្តែ​នៅ​ពេល​ដំណាំ​ម្ទេស​​ទទួល​ផល លោកថា បែរ​ជា​តម្លៃ​​ម្ទេស​នៅលើ​ទីផ្សារ​​​​បន្តធ្លាក់ចុះទៅវិញ ដែលធ្វើឱ្យ​រូបគាត់អស់សង្ឃឹមក្នុងការបន្តអាជីពនេះទៀត។​

លោក​ យស់ សុនី ជាកសិកររស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងបេះដំណាំម្ទេសរបស់លោកនៅចម្ការ។ (សុខ ចន្ទ្រាវុធ)

លោកថា​៖ «កាលពីម៉ាហឹកមុន ដូចថា ក្នុងការចាប់ផ្ដើមខ្ញុំដាំដំបូងហ្នឹង ដែលយើងដាំ គេបានថ្លៃ ដោយសារតែគេអត់ទាន់មានអ្នកដាំច្រើនអ៊ីចឹង ហើយការនាំចូលក៏អត់ទាន់មានច្រើន ហើយដល់ពេលយើងដាំច្រើនជិតបានផលនេះ ឮថាសល់តម្លៃ២០ជាង [ពីរពាន់រៀលជាង] តែវាអត់បានដល់តម្លៃឡើង ឱ្យកត់សម្គាល់ថាឱ្យ​សមាមាត្រ​នឹង[ការចំណាយ]យើងដាំទេ»។

លោក យស់ សុនី ដែលជាគ្រូបង្រៀនម្នាក់ផងដែរនោះ បន្តថា ក្រៅពី​តម្លៃម្ទេស​ធ្លាក់ចុះនោះ កសិផល​ម្ទេសក៏មិនសូវ​មានអ្នកប្រមូលទិញផងដែរ ដែលធ្វើឱ្យកសិករ​កាន់តែពិបាកក្នុងការរកទីផ្សារថែម​ទៀត។ បើតាមកសិកររូបនេះ​ តាំងពីការភ្ជួរ ការបាញ់ថ្នាំ រហូតមកដល់បច្ចុប្ប​ន្ន​នេះដែលមាន​រយៈពេល៣ខែមកហើយ​នោះ លោកបានចំណាយដើមទុនអស់​ជាង១ ០០០ដុល្លារហើយ​។

បុរសវ័យ៣៥ឆ្នាំរូបនេះបានសម្តែង​ការសោកស្ដាយចំពោះតម្លៃកសិផល​ធ្លាក់​ចុះថោក​ ដោយសារតែបញ្ហាការរីករាល​ដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យកសិករជាច្រើនរងនូវផលប៉ះពាល់។ លោកថា បញ្ហានេះមិនមែនកើតឡើងចំពោះតែរូបលោកនោះទេ មានប្រជាកសិករជាច្រើនទៀត​នៅខេត្តបាត់ដំបងនេះក៏កំពុងតែរអ៊ូរទាំដូចគ្នា។

លោកថា​៖ «គេបិទគ្រប់ច្រកអ៊ីចឹង គ្នាលក់ទីផ្សារវាមិនមាន គ្នានៅតែក្នុងផ្ទះអ៊ីចឹង ជាពិសេសនៅតាមហាងធំៗអ៊ីចឹង គេបិទច្រើន មានភ្ញៀវណាទៅហូប គ្នាក៏មិនបានបើក […] ដែលថាដំណាំយើងបានអ៊ីចឹងទៅ គឺភាគច្រើនគឺចុះថោក! ពេលយើងដាំមិនបានផល វាថ្លៃ ដល់ពេលយើងបានផល ដូចជា តាសក់ ដូចអីអ៊ីចឹង ភាគច្រើនថោកមែនទែន និងប្រជាជនយើងមិនអាចទប់ទល់រួច បើថាក្រោមតម្លៃ៥០០ ឬ៨០០ថេរអ៊ីចឹង[តម្លៃអាចទទួលយកបាន]​ កុំឱ្យមានចុះដល់២០០ ឬ៣០០អ៊ីចឹង ​អត់សូវអីទេ! ដូចជាម្ទេស បើសិនជាតម្លៃនៅត្រឹម៣ ០០០រៀល [តម្លៃ]នៅថេរ ៣ ០០០រៀល​ជាងអី​ អាចរួច​ខ្លួន»។

ករណីនេះ លោក យស់ សុនី បានស្នើ​រដ្ឋាភិបាលជួយបង្កើននូវទីផ្សារ​ឱ្យប្រជាកសិករដែលកំពុងតែជួបបញ្ហា ខណៈលោកថា ប្រជាកសិករភាគច្រើនដែលប្រកបមុខរបរ​នេះជា​អ្នកខ្ចីលុយធ​នាគារយកមកធ្វើដើមទុន។

កំពុងតែមមាញឹកនឹងការបេះម្ទេសនៅខាងជើងផ្ទះរបស់អ្នកស្រី ជាមួយនឹងកូនស្រីអាយុ១៤ឆ្នាំ ក្រោមកម្ដៅថ្ងៃក្ដៅ អ្នកស្រី ដិន ចាន់ធី បានបង្ហាញពីក្ដីបារម្ភ រួមទាំងក្តីអស់សង្ឃឹម​ នៅពេលដែល​តម្លៃម្ទេសមិន​មាន​ទីផ្សារ​ខ្ពស់ដូចពីមុន។ អ្នកស្រីបន្តថា​ ម្ទេសបច្ចុប្បន្នមានតម្លៃ​ត្រឹមតែ២ ៥០០រៀលតែប៉ុណ្ណោះ​ក្នុ​ងមួយគីឡូ បើប្រៀបធៀបកាលពីមុន​ផ្ទុះជំងឺ​កូវីដ-១៩ មានតម្លៃចម្លោះពី៥ ០០០រៀល ទៅជាង៥ ០០០រៀល។​

អ្នកស្រីថា៖ «បានឡើងថ្លៃទៅ ប្រជាជនយើង ប្រជាពលរដ្ឋយើងទាំងអស់គ្នាចង់ដាំ​អ៊ីចឹង ដល់ពេលវាថោកពេក ប្រជាពលរដ្ឋក៏គ្មាននរណាចង់ដាំ ព្រោះអីវាដាំទៅ យើងវា[លក់]អត់រួចនឹងថ្លៃ យើងទិញអាស្អីៗ ថង់ យើងទិញទុយោអស់ច្រើនអ៊ីចឹង ដល់ពេលថោក វាអត់រួចថ្លៃយើងដាំដែរអ៊ីចឹង។ អ៊ីចឹងបានសំណូមពរឱ្យបានឡើងថ្លៃតិចមក ខាងទីផ្សារហ្នឹង! យើងឯណេះ ក៏ប្រជាពលរដ្ឋចង់ដាំច្រើនដែរ»។

កសិករម្នាក់ទៀតរស់នៅភូមិមង្គល ស្រុកមោងឫស្សី លោក រួម រ៉ូ បានឱ្យដឹងដែរថា គ្រួសាររបស់គាត់បានដាំដំណាំម្នាស់ អស់រយៈពេលជាង១០ឆ្នាំមក​ហើយ ប៉ុន្តែពីរឆ្នាំ​ចុងក្រោយនេះ ជាពិសេស​ស្រប​ពេល​​កម្ពុជា​កំពុងជួបវិបត្តិជំងឺកូវីដ-១៩ បានធ្វើ​ឱ្យ​​តម្លៃម្នាស់​បាន​ធ្លាក់​ចុះ​ខ្លាំង និងប្រឈមនឹងការស្អុយចោលដោយសារតែគ្មានទីផ្សារ។ លោកថា បើសិនតម្លៃម្នាស់នៅតែបន្តចុះថោកដូច្នេះ នោះ​លោកមិនដឹងជាត្រូវពឹងអ្វីទៀតនោះទេ។

លោក រួម រ៉ូ ជាកសិកររស់នៅភូមិមង្គល ស្រុកមោងឫស្សី អង្គុយលក់ម្នាស់នៅផ្សារប្រជុំជនមួយកន្លែងក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ (សុខ ចន្ទ្រាវុធ)

លោកបានស្នើ​ថា៖ «មានតែសំណូមពរសុំឱ្យ​រដ្ឋាភិបាលជួយទៅ រកទីផ្សារឱ្យអ្នកចម្ការម្នាស់ផង ព្រោះអីឥលូវជួបការលំបាកខ្លាំងណាស់។ និយាយទៅ បើនៅតែអ៊ីចឹងទៀត យ៉ាប់មែនទែន»។

បើតាម​បុរសវ័យ៣៩ឆ្នាំរូបនេះ ការកើនឡើងនូវចំនួនកសិករ​ដែលដាំម្នាស់ ក៏ជា​បញ្ហាប្រឈមមួយទៀតសម្រាប់​រូបលោក ក្នុងការស្វែងរកទីផ្សារ​ផងដែរ។​

លោកមើលឃើញថា បើសិនជាកម្ពុជាមានរោងចក្រម្នាស់ អាចធ្វើឱ្យតម្លៃទីផ្សារឡើងថ្លៃ ហើយប្រជាពលរដ្ឋអាចកាត់បន្ថយការចំណាកស្រុកទៅប្រទេសថៃថែមទៀត។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មាន​ប្រសាសន៍​ថា អាជ្ញាធរពាក់ព័ន្ធកំពុងខិតខំក្នុងការ​ដោះស្រាយបញ្ហាទាំងនេះ។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំទៅកសិករឱ្យមានការអត់ធ្មត់ និងចងក្រងគ្នា​ជា​បណ្តុំ​សហគមន៍ក្នុងការដាំដំណាំបណ្តាក់គ្នា ដើម្បីចៀសវាងការរាំងស្ទះនៅពេលលក់ផលដំណាំរបស់ខ្លួន។

លោកថា៖ «យើងបានអប់រំគាត់ថាឱ្យដាំឆ្លាស់​គ្នា ពួកគាត់​​ច្រើនតែដាំមកដំណាល​គ្នា [..] ប៉ុន្តែគាត់ដាំវាស្រុះ​គ្នា យើងធ្លាប់បានទៅអប់រំគាត់ថា ធ្វើម៉េចឱ្យមើលគ្នា ឱ្យខុសគ្នាមួយសប្ដាហ៍ ដើម្បីឱ្យវាធំខុសគ្នាមួយសប្ដាហ៍អ៊ីចឹងទៅ បានយើងលក់ទៅវាស្រួល។ [តម្លៃទីផ្សារ] វាថោក ថោកតែមួយអាទិត្យនេះទេ ក្រោយមកហ្នឹងមកវារើមកវិញ ដោយសារពេលហ្នឹង ថ្ងៃហ្នឹងវាជុញ[ដំណាំច្រើនធ្វើឱ្យជាន់គ្នាលើទីផ្សារ]»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា ​លោក ថេង សារឿន សង្កេត​ឃើញ​ថា ​បញ្ហានេះ​​បាន​កើត​ឡើង​ជាយូរ​មកហើយ នៅពេលដល់រដូវប្រមូលផលរបស់ប្រជាកសិករម្ដងៗ។ លោកជំរុញដល់​អាជ្ញាធរ​​ពាក់ព័ន្ធ ​គួរតែដោះស្រាយបញ្ហា​ដដែលនេះ ដើម្បីបញ្ចៀសផលប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់​ប្រជាកសិករ​​ ខណៈកសិករខ្លះត្រូវខ្ចីបុលពីធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើដើមទុនក្នុងការ​ដាំដំណាំទាំងនោះផងដែរ។  

លោកថា៖ «បើសិនជាបញ្ហាទីផ្សារ មានបញ្ហាធ្លាក់ចុះ មិនអាចលក់ផលិតផលបាន នឹងធ្វើឱ្យប៉ះពាល់ការដាំដុះនិងទឹកចិត្តនៃការផលិតរបស់បងប្អូន​ប្រជាកសិករ។ ​ហើយមួយវិញ​ទៀត ប្រឈម​ធ្វើឱ្យ​បង​ប្អូន​ជា​កសិករ​ប្រឈម​​ការជំពាក់បំណុល​ធ​នាគារឬមីក្រូហិរញ្ញវត្ថុឯក​ជន​ដែលគាត់បានខ្ចី យកសម្រាប់ធ្វើការប្រើប្រាស់ជាទុនក្នុងការដាំដុះដាំណាំកសិកម្មរបស់ពួកគាត់ហ្នឹង។ អ៊ីចឹងហើយបើសិនជាបញ្ហានៅទីផ្សារកាន់តែមានបញ្ហាចុះថោកបែបនេះ ធ្វើឱ្យគាត់មិនអាចលក់បានប្រាក់កម្រៃចំណេញ ហើយមិនអាចរួចថ្លៃដើមនោះ នឹងរឹតតែធ្វើឱ្យគាត់មានស្ថានភាពកាន់តែលំបាកក្រីក្រ ជាពិសេសកង្វះថវិកា ការសងបំណុល​ទាំងចុងទាំងដើម ការ​ប្រាក់​ទៅធ​នាគារនិង​មីក្រូហិរញ្ញវត្ថុ»។

កាលពីពេលថ្មីៗនេះ កសិករនៅខេត្តកណ្តាលមួយចំនួនក៏​​​បានបង្ខំចិត្តឈូសឆាយបន្លែបង្ការរបស់ខ្លួនចោល​ផងដែរ ដោយពួកគាត់​អះអាង​ថា គ្មានទីផ្សារសម្រាប់លក់ចេញ​ ក្រោយពេលរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបិទ​ផ្សារលក់ដូររបស់រដ្ឋនិងផ្សារមិនរៀបរយទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ