CYN​ ថា​យុវជន​បរិស្ថាន​៤​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

សកម្មជានបរិស្ថាន លោក យឹម លាងហ៊ី និងលោក លី​ ចាន់ដារ៉ាវុទ្ធ។ (CYN)

សមាគមបណ្តាញយុវជនកម្ពុជា (CYN)  ឱ្យដឹងថា សកម្មជនបរិស្ថាន៤នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅ២កន្លែងផ្សេងគ្នា នៅថ្ងៃពុធនេះ ក្នុងនោះ សកម្មជន៣នាក់ត្រូវបានឃាត់ខ្លួនក្រោយពួកគេ​​ថត​វីដេអូ​ទឹក​ស្អុយ​ហូរចូលទន្លេ នៅម្តុំមុខព្រះបរមរាជ​វាំង។

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជន​កម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍​ថា តាមការផ្តល់ដំណឹងពីក្រុមគ្រួសារបរិស្ថាន លោក យឹម លាងហ៊ី ត្រូវបានអាជ្ញាធរស្រុកកោះធំ ឃាត់ខ្លួននៅម៉ោងប្រមាណជា១១ព្រឹកនេះ ខណៈសកម្ម​ជន​បរិស្ថាន៣នាក់ទៀត រួម​មាន លោក លី​ ចាន់ដារ៉ាវុទ្ធ លោក លី ម៉េង និង​កញ្ញា ស៊ុន រដ្ឋា ត្រូវបានអាជ្ញាធរ​​ឃាត់ខ្លួន​នៅក្នុងរាជធានីភ្នំពេញ ក្រោយពីពួកគេថតវីដេអូទឹកស្អុយហូរចូលទន្លេ។

លោកថា៖ «ព័ត៌មានបឋមដែលយើងទទួលបានពីប្រពន្ធសកម្មជនបរិស្ថាន លោក លឹម លាងហ៊ី ដែលគាត់នៅខាងស្រុកកោះធំ ខេត្តកណ្តាល គាត់ថាសមត្ថកិច្ចបានមកហៅប្តីគាត់ឱ្យទៅប៉ុស្តិ៍ ដើម្បីសាកសួរព័ត៌មានមួយចំនួន។ ហើយក្រោយមក គេឱ្យប្រពន្ធគាត់មកផ្ទះវិញ ហើយគេធ្វើការឃាត់ខ្លួនប្តីគាត់»។

ភរិយាលោក យឹម លាងហ៊ី គឺអ្នកស្រី ម៉ៅ បានប្រាប់ដោយខ្លីថា ប្តីគាត់ពិតជាត្រូវបានអាជ្ញាធរ​​ស្រុក​កោះធំឃាត់ខ្លួនមែន ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុទេ។

អធិការស្រុកកោះធំ លោក ស៊ីម ឃាង អះអាងថា លោកមិនទាន់បានដឹងករណីចាប់ខ្លួននេះទេ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក​ សាន សុខសីហា មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយដែរ។

លោកថា៖ «អ្នកសារព័ត៌មានខលមកខ្ញុំច្រើនដែរ ប៉ុន្តែទាក់ទងចំពោះកម្លាំងស្នងការរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមកនេះ អត់មានករណីឃាត់ខ្លួនខាងណាទេ។ ខ្ញុំអត់ដឹងខាងណាឃាត់ទេ តែកម្លាំងស្នងការរាជធានីភ្នំពេញអត់បានឃាត់ខ្លួនខាងណាទេ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អះអាងថា លោកទទួលបានព័ត៌មាននេះ ប៉ុន្តែថាមិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួននេះនៅឡើយទេ។

គួរបញ្ជាក់ថា កន្លងមក យុវជនមាតាធម្មជាតិចំនួន​៣នាក់ រួម​មាន លោក ថុន  រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា​ ភួន កែវរស្មី ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស១៨ខែ និងពិន័យប្រាក់ម្នាក់ៗ​៤លានរៀល ក្រោមបទ​ចោទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពី​ថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២១។

ពួកគេត្រូវបានចាប់ខ្លួនកាល​ពី​​​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពី​​ប្រកាសគម្រោង​ធ្វើ​​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​កប់ស្រូវ ឬបឹង​តា​មោក ក្នុងរាជធានីភ្នំពេញ។ បើគិតត្រឹមថ្ងៃអង្គារនេះ ពួកគេត្រូវបានឃុំខ្លួនជាង​៩ខែមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ