រដ្ឋា​ភិបាល​ផ្ញើ​សារ​ឱ្យ​​អ្នក​ពាក់ព័ន្ធ​​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​ក្រីក្រ​

សាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

រដ្ឋាភិបាលបានបន្តផ្ញើសារនយោបាយថា ខ្លួននឹងបន្តយកចិត្តទុកដាក់លើសិស្សក្រីក្រ កុមារកំព្រា ជនពិការ និងជនជាតិដើមភាគតិច ជាដើម ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានការបណ្តុះបណ្តាល​ប្រកបដោយសមធម៌ឬស្មើគ្នា។

តាមសារលិខិត «ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១» កម្រាស់ជិត៤ទំព័រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កន្លងមកនិងបច្ចុប្បន្ន រដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍ​ប្រព័ន្ធ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុត​ក្នុងគ្រប់​ក្របខណ្ឌ​គោល​នយោបាយ​ជាតិ ដើម្បីខិតខំរត់ឱ្យទាន់មហិ​ច្ឆតា​​ក្នុងការអភិវឌ្ឍសង្គម។

ប៉ុន្តែលោកថា ចាប់ពីឆ្នាំ​២០២០មក គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស រួមទាំងឯកជន ត្រូវបានផ្អាកសកម្ម​ភាពជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៃការឆ្លងជំងឺ​កូវីដ-១៩។ កត្តានេះធ្វើឱ្យការសិក្សាផ្តាស់ប្តូរទៅប​ង្រៀនតាមអនឡាញជំនួសវិញ ធ្វើឱ្យកម្មវិធីបណ្តុះបណ្តាលខ្លះត្រូវបានរៀបចំឱ្យមានភាពបត់បែន ដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានគូសបញ្ជាក់ក្នុងសារលិខិតនោះទៀត​ថា៖ «ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់អាហារូបករណ៍កាន់​តែច្រើនឡើងសម្រាប់យុវ​ជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជាលទ្ធផលរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករ និយោជិត ជាង២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល»។

តែយ៉ាងណា សារលិខិតនោះមិនបានប្រាប់ថា រដ្ឋាភិបាលនឹងពង្រីក​ការផ្តល់អាហារូបករណ៍នេះក្នុងទំហំប៉ុនណានិង​នៅពេលណាពិតប្រាកដនោះ​ទេ។

ក្រៅពីនេះ រដ្ឋាភិបាលបានអំពាវនាវផងដែរ ឱ្យស្ថានីយវិទ្យុទូរទស្សន៍របស់រដ្ឋនិងឯកជនជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនេះ នូវអ្វីដែលលោកថា ដើម្បីបង្កើនការយល់ដឹងដល់សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ