ក្រសួង​កសិកម្ម​​ថា​ ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​បន្ត​ជួប​បញ្ហា​ប្រឈម​ដោយ​មិន​អាច​ដោះ​ស្រាយ​​បាន​

សកម្ម​ភាព​ខ្លះ​ៗនៅ​កំពង់ផែ​មាត់ទន្លេ​សាប ក្នុង​រដូវ​ធ្វើ​ផ្អក​ប្រហុក ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដោយទទួលស្គាល់ថា តម្រូវការនិងការផ្គត់ផ្គង់ត្រីនៅកម្ពុជានៅជួបបញ្ហាប្រឈមនិង​​មិនទាន់អាច​ដោះស្រាយបាននៅឡើយ ដោយសារ​កត្តាច​ម្បងៗ​មួយ​ចំនួន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា បញ្ហាប្រឈមនៃ​ការផ្គត់ផ្គង់ត្រីដែលមិនទាន់ដោះស្រាយបាននោះ បណ្តាលមកពីការថម​ថយ​ផល​ត្រីពីធម្មជាតិដោយសារ​​កំណើន​ប្រជានេសាទ​ប្រើបច្ចេកទេសនេសាទ​​ខ្ពស់ និងជនប្រព្រឹត្តបទល្មើសកើនឡើង។ ក្រសួងបន្តថា ការរេចរឹលបរិស្ថាន ការបាត់បង់ជម្រកត្រីសម្រាប់ពងកូន ការប្រែប្រួលអាកាសធាតុនិង​របបទឹកទន្លេមេគង្គ រួម​នឹង​ការប្រើប្រាស់ដីធ្លី ជាដើម ក៏ជាមូល​ហេតុធ្វើឱ្យ​​ការផ្គត់​ផ្គង់​ត្រី​ជួប​បញ្ហា​ផង​ដែរ។

បន្ថែមពីលើនេះទៀត ក្រសួងថា កិច្ចសហការនិងការទទួលខុសត្រូវរបស់សមត្ថកិច្ច​ក្នុង​ការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិកន្លងមក។ 

ក្រសួងបន្តទៀតថា​ ទីផ្សារត្រីនៅកម្ពុជាមិនមានការព្រមព្រៀងណាមួយរវាងអ្នកចិញ្ចឹមត្រីក្នុងស្រុកនិងអ្នកគាំទ្រការនាំចូល ខណៈ​ខាងវារីវប្បករ ក៏មិនអាចផលិតនិងផ្គត់ផ្គង់ទីផ្សារ​ត្រី​​ក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូលបានឡើយ ដោយសារកត្តាមួយចំនួន។

សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម៖ «ដោយមូលហេតុទី១ ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប ក្នុងនោះ ខ្វះប្រភពទឹក បរិស្ថានជុំវិញមិនគាប់ប្រសើរ។ ទី២ ​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីក្នុងការចិញ្ចឹមមានតម្លៃខ្ពស់។ ទី៣ ​បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារនិងការចែកចាយភាគច្រើនគ្រប់គ្រងដោយបណ្តាញអាជីវករនាំចូលត្រី»។

ជាមួយគ្នានោះដែរ ក្រសួងកសិកម្មបន្តថា វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុននិងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុកនិងការនាំចេញ តម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងដដែលនេះបញ្ជាក់ថា ខ្លួនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងឡាយ។

ប្រធានសមាគម​វារីវប្បករ​កម្ពុជា​ លោក​ សុខ រ៉ាដែន ចាត់ទុកការលើកឡើងរបស់ក្រសួងកសិកម្ម គឺបានឆ្លុះបញ្ចាំងពីផលលំបាករបស់អ្នកចិញ្ចឹមត្រីនៅកម្ពុជា។ 

លោកថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលលោកក៏បាន​ជ្រាបពីបញ្ហាហ្នឹង! ខ្ញុំជឿថា លោកនឹងមានវិធានការដើម្បីទប់ស្កាត់​ ដើម្បីជួយស្រោចស្រង់​នូវវិស័យហ្នឹងបាន។ ខ្ញុំជឿ​ថា លោកក៏ដឹងពីបញ្ហាហ្នឹង ហើយសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងជួយវិស័យ​ហ្នឹង ប៉ុន្តែបើមិនជួយទេ យើងអាចនឹងមានបញ្ហាហើយ ដោយសារយើងលក់ត្រីមិនចេញ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ប្រសិនបញ្ហាប្រឈមទាំងអស់នេះមិនត្រូវបានដោះស្រាយទេ អ្នកដែលចំណេញនោះគឺប្រទេសជិតខាងកម្ពុជា ប៉ុន្តែករណីនេះ អាចនឹងដោះស្រាយបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល។

លោកថា៖ «យើងនឹងបាត់បង់ចំណូលសេដ្ឋកិច្ចជាតិខ្លាំង​ទៅលើការចំណាយវិស័យម្ហូបអាហារ ពិសេសត្រី សាច់ ​ដែលវានឹងហូរចូលកម្រៃនិងកំណើនសេដ្ឋកិច្ច​ទៅបណ្ដាប្រទេសជិតខាង។​ ទី២ អាចមានបញ្ហាទាក់​ទង​នឹង​សុវត្ថិភាព​ស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។​ ទី៣ វានឹងប៉ះពាល់សុខភា​ពដែរ ធម្មតាការនាំចូលត្រីពីបណ្ដាប្រទេសជិតខាង​ ក៏អាចប៉ះពាល់សុខភាព​ និងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ សេដ្ឋកិច្ចជាតិ»។

​កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមាគមវារីវប្បករនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ​ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១​ ត្រីជាច្រើនប្រភេទរបស់ប្រជាពលរដ្ឋ​ជាសមាជិកវារីវប្បករចំនួន៣១៥កន្លែង ដែលមានបរិមាណត្រីចំនួនជាង៥ពាន់តោន (៥ ៥២៧តោន) ត្រូវកកស្ទះនៅសល់ក្នុងស្រះនៅឡើយ ដោយមិនអាចលក់ចេញបាន។ ត្រីទាំងនោះមាន​ដូចជា​ ត្រីប្រា ត្រីឆ្ដោ ត្រីពោ ត្រីអណ្ដែង ត្រីឆ្ពិន ត្រីទីឡាព៉្យា ត្រីក្រាញ់ និងត្រីធម្មជាតិដទៃទៀត។

សេចក្ដីប្រកាសព័ត៌មាន​ដដែលបញ្ជាក់ថា ដោយឡែក ក្នុងខែឧសភាកន្លងទៅ ប្រជាពលរដ្ឋជាសមាជិកវារីវប្បករទាំងនោះ នៅមានត្រីចំនួនជិត៥ពាន់តោន (៤ ៨២៩តោន​) ទៀត ដែលត្រូវចាប់លក់ជាបន្តបន្ទាប់ផងដែរ។

យ៉ាងណា ​សមាគមមួយនេះបានស្នើទៅក្រសួងចំនួន៣ រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ឱ្យជួយបន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឱ្យបានកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាទីផ្សារ ព្រមទាំងហានិភ័យរបស់កសិករចិញ្ចឹមត្រីនៅកម្ពុជា៕  


អត្ថបទទាក់ទង

សកម្ម​ភាព​ខ្លះ​ៗនៅ​កំពង់ផែ​មាត់ទន្លេ​សាប ក្នុង​រដូវ​ធ្វើ​ផ្អក​ប្រហុក ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

កសិករ​ចិញ្ចឹម​ត្រី​ស្នើ​រដ្ឋា​ភិបាល​​ជួយ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ត្រី​ចុះ​ថោក​និង​គ្មាន​ទីផ្សារ​

ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីមួយចំនួនស្នើទៅក្រសួង​ពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃត្រីចុះថោកនិងគ្មានទីផ្សារលក់ចេញ ខណៈពួកគេអះអាងថា ប្រសិនបើគ្មានដំណោះស្រាយ​នឹងអាចបោះបង់ចោលមុខរបរនេះតែម្តង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ