យុវជន​បរិស្ថាន​៣​នាក់​កំពុង​ប្រឈម​នឹង​ការ​ចោទ​ពី​បទ​​ «រួមគំនិតក្បត់»

លោក សិដ្ឋ ឈីវលីម៉េង កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុទ្ធ។ (CYN)

យុវជនបរិស្ថានចំនួន៣នាក់ដែលសមត្ថកិច្ចចាប់ឃុំខ្លួន កំពុងប្រឈមនឹងបទចោទ «រួមគំនិតក្បត់» ពាក់ព័ន្ធទំនាក់ទំនងជាមួយបណ្តាញមកពីក្រៅ។

កាលពីថ្ងៃ​ម្សិលមិញ យុវជនបរិស្ថានមាតាធម្មជាតិ ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះ មាន​ម្នាក់​ត្រូវសមត្ថកិច្ចចាប់ខ្លួន​នៅស្រុកកោះធំ ខេត្តកណ្តាល និង៣នាក់ទៀត រួមមាន លោក លី ចាន់ដារ៉ាវុទ្ធ លោក សិដ្ឋ ឈីវលីម៉េង និង​កញ្ញា ស៊ុន រដ្ឋា ត្រូវបាន​ចាប់ខ្លួន​នៅរាជធានីភ្នំពេញ។

អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោក ស ថេត បានឱ្យដឹងនៅថ្ងៃនេះថា វិធានការចាប់ខ្លួនយុវជន​ទាំង៣នាក់នោះ កម្លាំងសមត្ថកិច្ច​​រាជធានីភ្នំពេញ អនុវត្តតាមដីកា​របស់តុលាការ ពាក់ព័ន្ធនឹង​​បទ«រួមគំនិតក្បត់»។

ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយលម្អិតករណីនេះទេ ដោយឱ្យសួរបន្ថែមទៅមន្ត្រីជំនាញនៅអគ្គស្នងការនគរបាលជាតិ ដែលកំពុងបន្តនីតិវិធីនេះ។

លោកថា៖ «ចោទ​ពីបទរួមគំនិតក្បត់ [គាត់ធ្វើអ្វីបានចោទពួកគាត់រួមគំនិតក្បត់?]​ ធ្វើអីសកម្មភាពនៅក្នុងដីការបស់តុលាការហ្នឹង គេបានបញ្ជាក់អ៊ីចឹង [មានទំនាក់ទំនង]ជាមួយអ្នកនៅខាងក្រៅ ជាមួយមេដឹកនាំខាងហ្នឹង[បក្សប្រឆាំង]។ ហ្នឹងហើយ កម្លាំងរបស់អគ្គ [ស្នងការដ្ឋាននគរបាលជាតិ] គាត់អនុវត្ត ព្រោះខាងយើង​ រាជធានី គ្រាន់តែសហការទេ មានអីសួរទៅគាត់ទៅ»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងបាន។

យ៉ាងណា មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជន​កម្ពុជា លោក សាន់ ម៉ាឡា បង្ហាញការខកចិត្តចំពោះបទចោទនេះ ដោយលោកថា នេះជាបទចោទធ្ងន់ធ្ងរ ដែលមិនទំនងទាល់​តែសោះ សម្រាប់យុវជនដែលធ្លាប់ការពារបរិស្ថាន។

លោកថា៖ «រដ្ឋាភិបាលគួរតែធ្វើការលើកទឹកចិត្តស្ញើចសរសើរដល់ក្រុមអ្នកដែលបានរួមចំណែកលះបង់នូវកម្លាំងកាយចិត្ត ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិរបស់យើង ជាជាង​មានការចោទប្រកាន់ធ្វើទុក្ខ​បុ​កម្នេញ​លាបពណ៌ពួកគាត់ថាជាក្រុមមាននិន្នាការប្រឆាំង ឬធ្វើសកម្មភាពធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ជាដើម»។

យ៉ាងណា លោក សាន់ ម៉ាឡា អះអាងថា យុវជនម្នាក់ទៀតឈ្មោះ​ យីម លាងហ៊ី ដែល​អាជ្ញាធរចាប់ខ្លួននៅស្រុកកោះធំ ខេត្តកណ្តាលនោះ ក្រុមគ្រួសារមិនទាន់ដឹងថានៅទីណាពិតប្រាកដនៅឡើយទេ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ចំណាត់ការលើ​យុវជន​ទាំងនេះនឹងបង្កើតឱ្យមានការចោទសួរបន្ថែមទៀត​ពីការអនុវត្តច្បាប់លើអ្នកការពារបរិស្ថាន។

លោក​មើលឃើញថា ចំ​ណាត់​​ការ​នេះក៏​បានធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ក្រោយពីមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក ចូលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលក្នុងជំនួបនោះ សហរដ្ឋអាមេរិក​​ចង់ឃើញរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានដែលជាប់​ឃុំ ដើម្បីជាការលើកទឹកចិត្តដល់អ្នកហ៊ាននិយាយពីហានិភ័យបរិស្ថាន។

លោកថា៖ «ករណីនេះ យើងនៅតែមានការព្រួយបារម្ភថា សកម្មជនការពារបរិស្ថាននៅតែប្រឈមមុខ វាខុសពីការលើកឡើងរបស់ពិភពលោក ដែលបច្ចុប្បន្នគេចាប់អារម្មណ៍ទៅលើបរិស្ថាន ហើយគេគាំទ្រទៅលើសកម្មជនដែលការពារបរិស្ថាន»។

​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy កាលពីថ្ងៃទី៨ ខែមិថុនានេះ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងជំនួបទល់មុខគ្នា​​នោះ អាមេរិកអំពាវនាវ​​​ឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​សកម្មជន​បរិស្ថាន ៣នាក់ ដែលកំពុងជាប់ឃុំ ដោយលើកឡើងថា «ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រ​ឈ​មនឹ​ងការគំរាមកំហែង ដោយ​សារ​ការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ»។

ការជំរុញរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើង​ស្របពេលដែលយុវជនមាតាធម្មជាតិ ៣នាក់ រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា​ ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស១៨ខែ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ក្រោមបទ​ចោទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពី​ថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២១។

ពួកគេត្រូវបានចាប់ខ្លួនកាល​ពី​​​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពី​​ប្រកាសគម្រោង​ធ្វើ​​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​កប់ស្រូវ ឬបឹង​តា​មោក ក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ