អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បំផ្លាញ​ស្រា​ថ្នាំ​តាំងគួយ​​មាន​សារធាតុ​គីមី​ជាង​២​ម៉ឺន​ដប

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានធ្វើការបំផ្លាញស្រាថ្នាំ «តាំងគួយ» ជាង២ម៉ឺនដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

អាជ្ញាធរនិងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួង​ពាណិជ្ជកម្មសាខាខេត្តបន្ទាយមានជ័យ បានបំផ្លាញចោលស្រាថ្នាំ«តាំងគួយ»ជាង២ម៉ឺនដបដែលមាន​សារធាតុគីមី ក្រោយមានមនុស្ស​ស្លាប់​ក្រោយទទួលទានស្រាថ្នាំនេះ។

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ពលរដ្ឋ៧នាក់នៅខេត្តបន្ទាយមានជ័យ បានស្លាប់ជាបន្តបន្ទាប់ ក្រោយ​ពី​ពួក​គាត់​បាន​ទទួល​ទានស្រាថ្នាំចិន​តាំង​គួយ ខណៈម្ចាស់សិប្បកម្មផលិតស្រាថ្នាំចិនសែមួយនេះបាន​រត់​គេចខ្លួន។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ថាស្រាថ្នាំតាំងគួយ ចំនួន២៧ ៧៥៦ដប ដែលមានសារធាតុគីមី ត្រូវបានអាជ្ញាធរនិងមន្ត្រី ក.ប.ប បំផ្លាញចោលនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះ​ថា ស្រាថ្នាំ«តាំង​គួយ»ដែលអាជ្ញាធរ​បំផ្លាញ​​ចោល​នោះ គឺមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មសាខាខេត្តបន្ទាយមានជ័យ ដកហូតយក​មករក្សាទុកតាំងពីឆ្នាំមុន ហើយទើបតែបំផ្លាញចោលនៅពេលនេះ។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​​ការ​នគរ​បាល​ជាតិ ​លោក ឆាយ គឹមខឿន មិនទាន់អាចបញ្ជាក់បានថា រហូតដល់ពេលនេះ ម្ចាស់សិប្បកម្មផលិតស្រាថ្នាំ«តាំង​គួយ»នោះ ត្រូ​វបានចាប់ខ្លួនឬនៅទេ ដោយរង់ចាំពិនិត្យមើលសិន។

លោកបន្ថែមថា៖ «រឿងនេះយូរហើយ មកសួរខ្ញុំភ្លាមៗ ចង់បានចម្លើយល្អម៉េចបាន ចាំខ្ញុំឆែកមើលសិន»

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ស្រាថ្នាំតាំង​គួយដែលបណ្តាលឱ្យមនុស្សពុលស្លាប់ចំនួន៧នាក់ ពិនិត្យឃើញថា ក្នុងស្រាថ្នាំនេះ​មានសារធាតុមេតាណុលកម្រិតខ្ពស់ដល់១៤ភាគរយ ដែលកម្រិតអនុញ្ញាតឱ្យប្រើមានតែ០,២ភាគរយប៉ុណ្ណោះ។

អគ្គនាយកដ្ឋានមួយនេះ ឱ្យដឹងទៀតថា ការផលិតស្រាថ្នាំនេះក៏ល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងគុណ​ភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវា ដែលត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនា​ម័យ ដែលអ្នកផលិតប្រឈមជាប់ទោសដាក់ពន្ធនា​គារពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី៥ ០០០ ០០០រៀល ដល់១០ ០០០ ០០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ