ពលករ​ខ្មែរ​នៅ​ថៃ​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ដោយ​សារ​ជំងឺ​កូវីដ-១៩​បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​

ពលករចំណាកស្រុកកម្ពុជាវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់)

សង្គមស៊ីវិលឱ្យដឹងថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដែលមានប្រមាណ១លាននាក់ កំពុងប្រឈមបញ្ហាធ្លាក់ចុះចំណូល ​ដោយ​សា​​​រការឆ្លងនិងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩តាមរោង​ចក្រ​ ដែល​នាំឱ្យពួកគេខ្លះសម្រេចចិត្តត្រឡប់មកស្រុ​កកំណើតវិញ។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន ប្រាប់ វីអូឌី នៅ​​ថ្ងៃ​ទី១៨ ខែមិថុនានេះថា ស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសថៃ បានកើនពីជាង១ ០០០​ករណីក្នុង១ថ្ងៃ នៅ​ក្នុងខែឧសភា ដល់ជាង៣ ០០០​ករណីក្នុងមួយថ្ងៃ ចាប់ពីដើមខែមិថុនាមក ខណៈមេរោគនេះបន្តរីករាលដាលពាសពេញពិ​ភ​ពលោកជិត២ឆ្នាំ។ 

លោកថា រោងចក្រដែលមានពលករខ្មែរកំពុងប​ម្រើការច្រើន ដូចជា នៅខេត្តសាមុតប្រាកាន សាមុតសាខន រ៉ាយ៉ង បាធុនថានី និងជាយក្រុងថេប ជាដើម បានផ្ទុះកា​រ​ច​ម្ល​ង និងត្រូ​​វបានអាជ្ញាធរបិទខ្ទប់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលសហគ​​មន៍ខាងក្រៅ​។ លោកបន្ថែមថា មានកម្មករខ្មែរជាច្រើននាក់​ឆ្លងជំងឺនេះ ប៉ុន្តែមិនអាចដឹងប៉ុន្មាននាក់នោះទេ ខណៈអាជ្ញាធរមិនបានប​ញ្ចេញជាសាធារណៈ។

មន្រ្តីសង្គមស៊ីវិលដដែលបន្តថា បញ្ហានេះកំពុងប៉ះពាល់ដល់ជីវភាពពលករខ្មែរជាច្រើន ពិសេសអ្នកដែលមិនមានឯកសារត្រឹមត្រូ​វ អ្នកកាន់បណ្ណការងារឬលិខិតឆ្លងដែនហួសសុពលភាព និងអ្នកធ្វើការក្នុងវិស័យសាងសង់ដែលបើកប្រាក់ថ្ងៃ​ ខណៈថៅកែរប​ស់ពួកគេមួយចំនួនមិនទទួលខុសត្រូវ។​

លោក លឹង សុផុន និយាយថា៖ «នៅពេលដែលមានបញ្ហាផ្ទុះកូវីដភ្លាម​ នៅពេលដែលគេត្រួតពិនិត្យ​ឃើញ ថៅកែ​ខ្លះអ​ត់​ទទួល​ស្គាល់ ថៅកែខ្លះគាត់មកប្រឈម មកទទួល! តែថៅកែកន្លែងខ្លះទៀត គាត់មិនបានជួយដោះស្រាយទេ​ ក៏គេចវេះពីបញ្ហាទាំងអស់ហ្នឹងក៏មានដែរ អ៊ីចឹងហើយបានជាខ្ញុំថាមានការស្មុគស្មាញអ៊ីចឹង»

ប្រភពដដែលបន្ថែមថា ពលករមួយចំនួនបានសម្រេចត្រឡប់មកស្រុកកំណើតវិញ ដោយសារពួកគេបារម្ភខ្លាចឆ្លងជំងឺ​ក្នុងក​ន្លែ​ង​​ការងារនិងនៅពេលធ្វើចត្តាឡីស័ក ដែលនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលចាំបាច់សម្រាប់ផ្គត់ផ្គង់ជីវភាពនិងដោះស្រាយបំ​ណុ​ល។ 

លោកថា៖ «យើងឃើញថា ពលករ អ្នកខ្លះគាត់មករកការងារមិនទាន់បានផង បើសិនជាមានការឆ្លង អ្នកខ្លះបានហើយបែរជាឯកសារមិនត្រឹមត្រូវតាមច្បាប់អីអ៊ីចឹង។ ហើយខ្ញុំលើកឡើងខាងដើមអ៊ីចឹង​ ពលករដែលគ្នារស់នៅបែបខុសច្បាប់ មិនទាន់មានសិទ្ធិពេញលេញផង ហើយមានការឆ្លងអ៊ីចឹង រឹតតែព្រួយបារម្ភទៀត»

ពលករបម្រើការនៅរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងនៅខេត្តសាមុតប្រាកាន លោក នួន ណារិន លើកឡើងថា​ នៅរោងច​ក្ររបស់លោកមានពលករខ្មែ​រប្រមាណ៦០០នាក់។ លោកថា ក្នុងនោះ មួយចំនួន​បានឆ្លងជំងឺកូវីដ-១៩ រាប់ទាំងលោកនិងភរិយា។ 

លោកនិយាយថា៖ «បងប្អូនខ្មែរយើងច្រើនណាស់បងអើយ! រោងចក្រខ្ញុំនៅហ្នឹងភាគច្រើនខ្មែរ ឆ្លងទៅ ខ្លះគេឱ្យទៅ​ត្រួត​ទៅ។ ដល់ពេលត្រួតដឹងលទ្ធផលទៅ ខ្លះអត់ទាន់ដឹង ខ្លះដឹងទៅក៏រត់ទៅផ្ទះខ្លះទៅ ខ្លះទៅដឹងហើយគេយកទៅព្យាបាលទៅ […] មិនដឹងថាម៉េចទេ ខ្លះក៏ទៅព្យាបាលនៅខ្មែរយើងទៅ»។

យ៉ាងណា បុរសវ័យ៤៤ឆ្នាំ មានស្រុកកំណើតក្នុងខេត្តព្រៃវែងរូបនេះ បញ្ជាក់​ថា លោកនិងភ​រិយាបានជាពីជំងឺនិងបានធ្វើចត្តាឡី​ស័ក១៤ថ្ងៃរួចហើយ។ លោកថា ខាងរោងចក្រសន្យាផ្តល់ប្រាក់ខែ៤ ០០០​បាត សម្រាប់​រយៈពេលអវត្តមានពីការងារ ខណៈលោ​កអាចធ្វើការបានពី១៥ ០០០ ទៅ១៦ ០០០បាត ក្នុងមួយខែ ដោយបូកទាំងប្រាក់ថែ​មម៉ោង។ 

លោក នួន ណារិន និយាយថា​៖ «អារម្មណ៍នៅតែខ្លាច ភ័យខ្លាចនៅតែឆ្លងទៀត! ធ្វើយ៉ាងម៉េច​ ដោយ​សារ​ជីវភាព​យើង ចេះតែស៊ូ​ៗមកធ្វើទៅ។ តែប្រពន្ធខ្ញុំគាត់អាការគាត់ធ្ងន់អ៊ីចឹង អត់ទាន់បានមកធ្វើទេ គ្នាសម្រាកទាល់តែយើងជាស្រួលបួល បានមកបា​ន»

ពលករខ្មែរបម្រើការផ្នែកសាងសង់មួយរូបឈ្មោះ ផាន់ សុផល បានឱ្យដឹងថា លោកបានសម្រេចត្រឡប់មកស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យវិញ ជាមួយពលករខ្មែរជាច្រើនទៀត កាលពីខែឧសភា បន្ទាប់ពីមានការផ្ទុះនៅជុំវិញតំបន់ដែ​លលោ​កធ្វើការក្នុងខេត្តរ៉ាយ៉ង។

លោកថា លោកបានចំណាយពេលធ្វើចត្តាឡីស័ករហូតដល់១ខែនៅមណ្ឌលចត្តាឡីស័ក ដោយសារលោកបានពាក់ព័ន្ធនឹងព​ល​​ករមានវិជ្ជមានកូវីដ-១៩ មុននឹងបានត្រឡប់មកស្រុកកំណើតវិញ។ 

បុរសវ័យ២៩ឆ្នាំរូបនេះបន្ថែមថា មូលហេតុដែលលោកសម្រេចត្រឡប់មកស្រុកកំណើតវិញ គឺដោយ​សារ​បារម្ភខ្លាច​ឆ្លង​ជំងឺ​កូវីដ-១​៩នៅក្នុងប្រទេសគេ ខណៈនៅទីនោះមានមនុស្សរស់នៅច្រើន ហើយមាន​ពលករខ្មែរនិងពលករថៃ​ធ្វើការនិងស្នាក់នៅក្នុងអ​គារជាមួយគ្នា។

លោក ផាន់ សុផល និយាយថា៖ «កូវីដ ដល់ពេលអ៊ីចឹងទៅបងអើយ ពិបាក! មិនថាវៀតណាម មិនថាខ្មែរ មិនថាថៃទេ បងអើយ ពិបាកដូចតែគ្នា។ នោះទីនោះខ្ញុំ ដល់ពេលខ្ញុំចោលផ្ទះអ៊ីចឹង ខ្ញុំពិបាក! ដល់អ៊ីចឹង ខ្ញុំក៏ត្រឡប់មកផ្ទះទៅ»។ 

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង លើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការនៅក្នុងប្រទេសថៃ មានចំនួនប្រមាណ១លាននាក់។ យ៉ាងណា លោកមិនបានទទួលព័ត៌មានថា ពួកគេប៉ុន្មាននាក់បានឆ្លងជំងឺកូវីដ-១៩នៅទីនោះទេ​។ 

លោកបន្ថែមថា ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជានៅប្រទេសថៃ តែងយកចិត្តទុកដាក់ជាប្រចាំដល់​ពលករខ្មែរ ហើយសហការជាមួយអាជ្ញាធរថៃ ក៏ដូចជាសហការជាមួយថៅកែរោងចក្រ ដើម្បីសម្របសម្រួលជួយពួកគាត់ និងតែងចែកស្បៀងអាហារដល់អ្ន​កដែលមានស្ថានភាពលំបាកខ្លាំង។

លោកប្រាប់ វីអូឌី តាមសារ Telegram បន្ថែមថា៖ «ដើម្បីបង្ការការរីករាលដាល យើងមិនបានលើកទឹកចិត្តឱ្យ​​ពួកគាត់ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតទេ ជាពិសេសការឆ្លងកាត់ព្រំដែន»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ពីចំនួនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ថាមានការកើនឡើងឬយ៉ាងណានោះទេ។​ យ៉ាងណា លោកបានប្រាប់កាលពីថ្ងៃចន្ទ​សប្តាហ៍មុន​ថា ក្នុងមួយថ្ងៃ ពលករចំណាកស្រុកខ្មែរត្រឡប់មកពីប្រទេសថៃមាន​ប្រមាណ៤០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ