សង្គម​ស៊ីវិល​ ​អំពាវនាវ​ឱ្យ​រដ្ឋា​ភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ​ដែល​បាត់​បង់​ការងារ​

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅពីមុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

ក្រុមអង្គការ-សមាគម អំពាវនាវឱ្យរដ្ឋាភិបាល​បង្កើនការយកចិត្តទុកដាក់ដល់​កម្មករដែល​បាត់បង់ការងារដោយសារការអូសបន្លាយនៃការឆ្លងរាលដាល​កូវីដ-១៩ ដោយ​​ថា បញ្ហានេះកំពុងជំរុញឱ្យ​ពួកគាត់ប្រឈមនឹង​កា​​រ​​កើន​ឡើងនូវ​​​បំណុល និង​បង្កឱ្យ​មាន​ហានិភ័យដល់​សុខភាពសាធារណៈ។

ការទាមទារនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់​អង្គការសមាគម​ចំនួន​២២ ចុះថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២១​នេះ។

អង្គការទាំងនោះបាន​លើកឡើង​​ក្នុងសេចក្តីថ្លែងការ​ណ៍នោះថា ការរីករាលដាលនៃជំងឺ​កូវីដ-១៩ រួមទាំងវិធានការនានា កន្លងមកនេះ កំពុងគំរាមកំហែង​ដល់សិទ្ធិជាមូល​ដ្ឋាន​របស់​កម្មករ ទាំង​អ្នកប្រកប​មុខ​របរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធនិង​ក្នុង​ប្រព័ន្ធ ​ធ្វើឱ្យពួកគេ​បាត់​បង់​ប្រាក់ចំណូល ​ថែមទាំងប្រឈមនឹងបញ្ហាជាច្រើន។

បញ្ហាចម្បង​មួយក្នុងចំណោម​បញ្ហាជាច្រើនដែលក្រុមអង្គការសមាគមលើក​យក​មកបង្ហាញ នោះគឺ «ការកើនឡើងនូវបំណុលថ្មី ដើម្បីដោះស្រាយបញ្ហាជី​វភាពប្រចាំថ្ងៃ»

ក្រុម​អង្គការទាំងនោះបានគូសបញ្ជាក់ថា បញ្ហាបំណុលកើនឡើង ដោយសារ​ពួកគេបា​ត់បង់​ការងារយូរខែ ព្រោះតែ​ការគំរាមកំហែងពីជំងឺកូវីដ-១៩ ស្របគ្នានឹងការមិន​ទទួលបាន​ការ​គាំពារ​ជំនួយ​សង្គម​ផងនោះ បាន​ទាញ​ទម្លាក់​ជីវភាព​ពួកគេ​ឱ្យខ្វះ​លទ្ធភាពក្នុងការ​បង់ថ្លៃបន្ទប់ជួល ថ្លៃទឹក ភ្លើង និងការចំណាយលើ​ស្បៀងអាហារដែលហក់ឡើងខ្ពស់ផងដែរ។

បញ្ហានេះ អង្គការទាំងនោះបានចោទទៅលើកត្តា​​កង្វះជំនួយសង្គម ដែលធ្វើឱ្យ​កម្មករ​​មិនអាចរើខ្លួនរួច​ពីការ​ដោះស្រាយបញ្ហាបំណុល ខណៈអំឡុងពេលកម្ពុជាផ្ទុះជំងឺឆ្លងកូវីដ-១៩ រដ្ឋាភិបាលឧប​ត្ថម្ភកម្មករ​ដែលបាត់បង់ការងារម្នាក់ត្រឹម៤០ដុល្លារក្នុង១ខែ និង​ឧបត្ថម្ភប្រាក់​១៦ម៉ឺនរៀល​តែម្ត​ង​គត់ដល់កម្មករមួយចំនួ​​ននៅក្នុងតំបន់​បិទខ្ទប់ រួម​ទាំងការផ្តល់ស្បៀងអាហារ ជាដើម។

បញ្ហានេះ អង្គការសមាគមចំនួន២២ ដែលមានទាំងសហព័ន្ធសហជីពកម្ពុជា​ផងនោះ បានស្នើរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ពង្រីកវិសាលភាពផ្តល់ការគាំទ្រដល់កម្មករក្នុង​និងក្រៅប្រព័ន្ធ នូវសេវាសាធារណៈជាតម្រូវ​ការមូលដ្ឋាន ដូចជា ជម្រក ទឹក ភ្លើង បញ្ហាជីវភាព ផ្អាកការសងបំណុល អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា និយាយថា បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍ទាន់ពេលទេ  អ្នកងាយរងគ្រោះទាំងនោះនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីតែបញ្ហាក្រពះ ទោះប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ដែលនោះជាក្តីបារម្ភដល់ការធ្លាក់ចូលវិបត្តិធំមិនអាចស្រោចស្រង់បាន។

លោក​ស្រីថា៖ «មកដល់ដំណាក់កាលឥលូវនេះ នៅពេលដែលខ្ញុំជួបពិភាក្សាជាមួយសមាជិកនៅមូលដ្ឋាន ភាគច្រើនគាត់អត់សូវជាខ្វល់ខ្វាយអីច្រើនទេ គាត់គិតថា ទី១ គាត់ត្រូវរកលុយដើម្បីផ្គត់ផ្គង់ចិញ្ចឹមកូនចៅរបស់គាត់ អ៊ីចឹងរកគ្រប់មធ្យោបាយណាក៏ដោ​យ​ឱ្យតែគាត់រកថវិកា អាចរស់បានក្នុងដំណាក់កាលហ្នឹង គឺគាត់ធ្វើទាំងអស់»។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានច្រានចោលការទាមទារនេះ ដោយថា ការខ្ចីបំណុលជាការទទួលខុសត្រូវរវាងអ្នកខ្ចីនិងម្ចាស់បំណុល ហើយ​សម្រាប់​អ្នកដែលរងផលប៉ះពាល់​ដោយជំងឺកូវីដ-១៩ដែលជួប​​បញ្ហាខ្វះ​ស្បៀងនិងធ្លាក់ខ្លួនក្រ ត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ។

លោកថា៖ «ទី១ នៅពេលដែលគាត់ទៅខ្ចីលុយពីធនាគារ មិនមែនតំណាងរដ្ឋាភិបាលទៅចូលរួមទេ អាហ្នឹង​ត្រូវគាត់ទទួលខុសត្រូវខ្លួនគាត់ចំពោះមុខធនាគារ។ រាជរដ្ឋាភិបាលបានរៀបចំនិងសំណូម​ពរឱ្យម្ចាស់ធនាគារដែលជាម្ចាស់បំណុលហ្នឹង​សម្របសម្រួលជាមួយកូនបំណុលរបស់ខ្លួនហើយ»។

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នករត់ម៉ូតូកង់បី នៅរាជធានីភ្នំពេញ លោក ហេង សុភក្រ្តា និយាយ​ថា មុន​ផ្ទុះ​ជំងឺ​កូវីដ-១៩ គាត់ជាប់បំណុលធនាគារតែមួយម្ចាស់ប៉ុណ្ណោះ។ ប៉ុន្តែថា ក្រោយជំងឺនេះបន្តរីករាលដាលខ្លាំងរហូតដល់​មានការបិទខ្ទប់រាជធានីភ្នំពេញ ធ្វើឱ្យ​​បំណុលគាត់​បាន​កើន​ឡើង​ដល់​៦ម្ចាស់។

បុរសវ័យ៤១ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុ​កើន​ឡើង​បំណុល​នេះ ដោយសារ​អំឡុងនៃការបិទខ្ទប់មិនអាច​ចេញទៅប្រកបមុខរបរបាន ហើយត្រូវ​ប្រឈមនឹងការ​​បង់ថ្លៃផ្ទះ ទឹក និងភ្លើង បញ្ហាជីវភាពប្រចាំថ្ងៃ និង​បង់រម្លស់​ថ្លៃម៉ូតូកង់បីជាដើម។

លោកថា៖ «ម្ចាស់បំណុលចូល៦ហើយ [យកធ្វើអ្វីខ្លះ?] ទី១ បង់ភ្លើង! បន្ទាប់មក កង់បី​ខ្ចី[លុយ]គេទៀត […] មួយរយៈនៃការបិទខ្ទប់ហ្នឹង ឮថាថ្លៃទឹកថ្លៃភ្លើងអីហ្នឹង រដ្ឋជួយខ្លះជួយអីហ្នឹង ដូចអត់មានទាន់ឃើញទាល់ឥលូ​វ។ ប៉ុន្តែជំនាន់គេបិទខ្ទប់ហ្នឹង ខ្ញុំបានអង្ករ២៥គីឡូម្តង»។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃអង្គារ បានចេញផ្សាយអត្ថបទមួយថា «ខណៈដែលជំងឺកូវីដ-១៩ បានជះឥទ្ធិពល​យ៉ាងខ្លាំងដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ស្ត្រី​ចំនួន៨០​ភាគរយនៃកម្លាំង​ពលកម្មក្នុងវិស័យកាត់ដេរ​នេះ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយប្រឈមនឹងការកើនឡើងនូវវិសមភាពនិងភាពក្រីក្រ»

អត្ថបទនោះបានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺនេះធ្វើឱ្យ​រោងចក្រមួយចំនួនឈានទៅដល់ការបិទទ្វារជាបណ្តោះអាសន្ បញ្ឈប់បុគ្គលិក​ពីការងារ និងការមិនទទួលបានប្រាក់ពេលឈប់សម្រាក បានប៉ះពាល់ដល់ការរស់នៅជាប្រចាំថ្ងៃរបស់កម្មករផ្នែកកាត់ដេរប្រមាណ៩០ម៉ឺននាក់។

អង្គការអន្តរជាតិមួយនេះបន្តទៀតថា វិបត្តិនេះក៏​បានធ្វើឱ្យកម្មករជាច្រើនខ្វះលទ្ធភាពក្នុងការទទួលបានកញ្ចប់សុវត្ថិភាពសង្គម ដូចជា គ្មានការងារធ្វើ ប្រឈមនឹងការធ្លាក់ទៅក្នុងភាពក្រីក្រ និងភាពអត់ឃ្លាន ហើយ​បញ្ហានេះបានជះឥទ្ធិពលដល់សមាជិកគ្រួសាររបស់ពួកគេ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជុំវិញរោងចក្រផងដែរ៕


អត្ថបទទាក់ទង

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កម្មករ​រាប់​​រយ​នាក់​នៅ​រោងចក្រ​មួយ​នៅ​ភ្នំពេញ​ឆ្លង​កូវីដ-១៩​ ខណៈ​ចាក់​វ៉ាក់សាំង​រួច​ទាំង​២​លើក​

កម្មករជាច្រើនរយនាក់ដែល​បម្រើការងារនៅរោងចក្រមួយឈ្មោះ Y&W ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានរកឃើញវិ​ជ្ជមានជំងឺកូវីដ-១៩ នៅសប្តាហ៍មុន ត្រូវបានតំណាងកម្មករអះអាងថា ពួកគេបា​នចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្លូវដង្ហើមថ្មីមួយនេះទាំង២លើករួចរាល់ហើយ​។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ