យុវជន​និង​ការ​ចូល​រួម​ក្នុង​ការ​ការពារ​បរិស្ថាន

គំនរសំរាមមួយកន្លែងម្ដុំលូទឹកស្អុយ ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (អ៊ុយ សុធា)

យុវជនមានតួនាទីសំខាន់ក្នុងការការពារបរិស្ថាន ដោយមានច្បាប់និងគោលនយោបាយនានាលើកទឹកចិត្ត ប៉ុន្ដែពួកគេត្រូវបានរងនូវការរឹតត្បិតសេរីភាព​ក្នុងការចូលរួមសកម្មភាពទៅ​វិញ។

លោក ចាន់ សារិន ជាយុវជនព្រៃឡង់រយៈពេល៦​ឆ្នាំ បាន​ប្រាប់ ​វីអូឌី ​ថាការចូលរួមជា​សកម្ម​ជន​ការ​ពារ​បរិស្ថាន​នេះ ដោយ​សារ​តែលោកមើលឃើញ​ពីវិនាសកម្មព្រៃឈើ តាម​រយៈ​ការកាប់បំផ្លាញព្រៃឈើ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ភពផែនដី ការឡើងកម្ដៅផែនដី ឬបាតុភូតគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ឬទឹកជំនន់ ជាដើម។

សកម្មជនរូបនេះបន្ដថា៖ «ទឹកចិត្តខ្ញុំចង់ឱ្យព្រៃឈើនៅស្រស់បំព្រង ដូចដូនតា​ដែលបន្សល់​ទុក​ពី​ដើមមក គាត់​មិនដែល​បាន​កាប់បំផ្លាញ​ទេ»។

ដោយសារតែទឹកចិត្តរបស់គាត់ ឆន្ទៈ ការ​ស្រឡាញ់​ធន​​ធាន​​ធម្មជាតិដូចជាព្រៃឈើជាដើម លោក ចាន់ សារិន បាន​ប្ដេជ្ញាចិត្តដោយ​​ខ្លួនឯង ​ដើម្បីការពារព្រៃឈើឱ្យ​បាន​គង់​វង្ស​សម្រាប់​​ក្មេងៗ​ជំនា​ន់ក្រោយ និងជួយផែនដីកុំឱ្យមានគ្រោះធម្មជាតិ។

សកម្មជន​ព្រៃឡង់​រូប​នេះលើកឡើងថា៖ «ស្ថានភាពសព្វថ្ងៃពិបាក ដោយសារតែ​មន្ដ្រីបរិស្ថានអត់ឱ្យ​បណ្ដាញ​​សកម្មជនព្រៃឡង់ចុះល្បាតទេ»។

សកម្មជនអាយុ២៧ឆ្នាំរូបនេះ និយាយថា យុវជនជាទំពាងស្នងឫស្សីដ៏សំខាន់ គួរតែចូលរួមជួយដាំកូនឈើឡើងវិញផងដែរ។

នៅក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២១ កាលពីដើមខែមិថុនាកន្លងទៅនេះ សកម្មជនព្រៃឈើ​រូប​នេះក៏បានចូលរួមជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាននិងព្រៃឈើផងដែរ។

សកម្មជនការពារព្រៃឈើរូបនេះបានលើកឡើងថា៖ «​ព្រៃឈើ គឺជាជីវិតយើងទាំងអស់គ្នា! ចូលរួមការ​ពារ​ព្រៃឈើនិងធនធានធម្មជាតិដែលជាសម្បត្តិដូនតារបស់យើងឱ្យបានគង់វង្ស ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា លោក ហេង គីមហុង បានប្រាប់ វីអូឌី ថាយុវជនិងប្រជាពលរដ្ឋពិតជាមានតួនាទីសំខាន់ណាស់ក្នុង​ការចូល​រួម​ការពារ​ធនធានធម្មជាតិ ពីព្រោះយុវជនជាក្រុមអ្នករៀនសូត្រ ជាអ្នកមានគំនិតសិក្សា​ស្វែងយល់​ក្នុងការការពារបរិស្ថានច្រើន ហើយស្ថិតក្នុងស្ថានភាពមួយដែលមានការវិវត្តសង្គមពីមួយដំណាក់កាលទៅមួយដំណាក់កាល។

លោក ហេង គីមហុង លើកឡើងថា៖ «បើសិនគ្មានការចូលរួមពីយុវជននិងប្រជាពលរដ្ឋក្នុងការចូលរួមការ​ពារ​បរិស្ថានទេ នោះជនខិលខូច ជាពិសេសក្រុមអ្នកចង់បំផ្លាញឫក៏ចង់ទាញយកផលប្រយោជន៍ពីបរិស្ថានហ្នឹង នឹងឆ្លៀតឱកាសទាញយកផលប្រយោជន៍ហួសហេតុច្រើនដែលធ្វើឱ្យខូចបរិស្ថាន»។

លោក​​​បន្ត​ថា​៖ «សម្រាប់ប្រទេសកម្ពុជា ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនវ័យក្មេងដែលមានទឹកចិត្តមោះមុតក្នុងការចូលរួមការពារធនធានធម្មជាតិនិងបរិស្ថាននោះ បែរជាត្រូវរងការរឹតត្បិត​ទៅវិញ»។​​

លោកបន្ថែមថា​ បើទោះបីជាច្បាប់និងគោលនយោបាយនានាមានការលើកទឹកចិត្តក៏ពិតមែន ប៉ុន្ដែបែរជាមានរឹតត្បិតពីសំណាក់មន្រ្ដីមួយចំនួនទៅវិញ។

ដោយលោកបានពន្យល់ថា ថ្មីៗនេះ តុលាការសម្រេចឃុំខ្លួន​សកម្មជនមាតាធម្មជាតិ៣នាក់ ដោយពួកគាត់គ្រាន់តែមានចេតនាពិភាក្សាកុំឱ្យមានការលុបបឹងតាមោក ព្រោះវាមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងបរិស្ថាននិងលំហូរទឹកស្អុយក្នុងទីក្រុងភ្នំពេញ។

ដើម្បីឱ្យយុវជនអនុវត្តសិទ្ធិខ្លួនឯងបានពេញលេញ លោក ហេង គីមហុង លើកឡើងថា៖ ​«ពួកគាត់ត្រូវសិក្សាស្វែងយល់អំពីច្បាប់ឱ្យបានច្រើន មានចំណេះដឹងឱ្យបានខ្ពស់ ហើយឈរលើឆន្ទៈឱ្យពិតប្រាកដក្នុងការរក្សានិងការពារបរិស្ថានឱ្យមាននិរន្ដរភាព សម្រាប់ការចូលរួមរបស់ខ្លួនផងនិងសម្រាប់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយផង»។​

លោក​បានលើកឡើងបន្ថែមថា យុវជនគួរតែផ្លាស់ប្ដូរឥរិយាបថការប្រើប្រាស់សម្ភារជុំវិញខ្លួន ដូចជា កុំប្រើប្រាស់ប្លាស្ទិកច្រើនពេក ដោយប្រើប្រាស់ឧបករណ៍កែច្នៃ​ឡើង​វិញ​បាន។ លោក​បន្ដថា​ យុវជនគួរតែចាប់ផ្ដើមចែករំលែកចំណេះដឹងអំពីសារៈប្រយោជន៍នៃបរិស្ថានទៅ​សហគមន៍​របស់​ខ្លួន និង​អនុវត្តសិទ្ធិនិងករណីយកិច្ចដែល​កំណត់​ដោយ​ច្បាប់ទាំង​ឡាយ​ក្នុង​ការ​ចូល​រួម​ការ​ពារ ជាពិសេស​ចូលរួមទប់ស្កាត់បទល្មើសធំៗ​ដែល​បង្កឱ្យ​មាន​ការបំផ្លិចបំផ្លាញ​ដល់​បរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា​​អ្នក​នាំពា​ក្យ​​ក្រសួង​​បរិស្ថាន​ ស្វាគមន៍​និង​​លើកទឹក​ចិត្ត​សម្រាប់យុវជនក្នុងការចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ ព្រោះជាតួនាទីរបស់ពលរដ្ឋ​ទាំងអស់គ្នា។ តែអ្វីដែលជាសំណូមពររបស់​លោក គឺការចូលរួ​មដោយមានភាព​ស្មោះ​ត្រង់ និងធ្វើការងារបម្រើឱ្យផលប្រយោជន៍សហគមន៍ ដោយមិនមាន​របៀប​វារៈនយោ​បាយ​នៅពីក្រោយ​ខ្នង។

លោក នេត្រ ភក្ត្រា លើកឡើងថា ការចូលរួមរបស់យុវជនមានគ្រប់រូបភាព មាន​ការអនុវត្តផ្ទាល់​ទៅលើបរិស្ថាននិងធនធានធម្មជាតិ។ លោកពន្យល់​ថា យុវជនត្រូវចូលរួម​សម្អាត ថែ​រក្សាអនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​ស្អាត ឱ្យមាន​ផាសុកភាព ការ​រស់​នៅ​ស្អាត​មាន​អនា​ម័យ។

អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «ការចូលរួមជាមួយសង្គម គឺ​ការ​ចូល​រួម​សម្អាត​អនាម័យ​បរិស្ថាន​ជារួមនៅក្នុង​សកម្មភាព​ផ្សេងៗ ជា​កា​រជំរុញលើកទឹកចិត្ត ក៏ដូចជាបណ្ដុះស្មារតី​ឱ្យមានការស្រឡាញ់​បរិស្ថាន»។

លោកបន្ដថា៖ «ពួកគាត់អាចចូលរួមដាំដើមឈើ ចូលរួមសកម្មភាពផ្សេងទៀត​ដែលជាសកម្មភាពមានភាពស្មោះត្រង់​ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង»។

​ពាក់ព័ន្ធនឹងការការពារនិងអភិរក្សធនធានធម្មជាតិនេះ​ដែរ ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថានរូបនេះបញ្ជាក់​ថា ក្រសួង​បានធ្វើកិច្ចការ​សំខាន់​ទៅ​លើ​​សសរស្ដម្ភ​ចំនួន​៤ចំណុច ក្នុងនោះ ​ផ្ដោត​ទៅលើកិច្ចការពារបរិស្ថាន ដោយគិតគូរពីគោលនយោបាយក្នុងការផ្ដល់កិច្ចគាំពារបរិស្ថាន សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋមានផាសុកភាពនិងគុណភាពល្អ។

លោក​បន្តថា ក្រសួង​បាន​និង​កំពុងធ្វើការងារអភិរក្សធនធានធម្មជាតិលើផ្ទៃដី៧លាន​៣សែនហិកតាក្នុងតំ​បន់​ការពារ​ធម្មជាតិ ដែលមានឧទ្យានជាតិ និងដែនជម្រក​សត្វព្រៃជា​ដើម សរុប​ជាង៧០កន្លែង។

លោកបន្ថែមថា ក្រសួងក៏បានប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាព័ត៌មានទំនើបជាជំនួយ និង​សហការជាមួយសហគមន៍ក្នុងតំបន់ការពារធម្មជាតិដែលទទួលស្គាល់ដោយក្រសួងនិង​មានច្បាប់ត្រឹមត្រូវ ក្នុងការធ្វើសកម្មភាពចូលរួមការពារ​និងអភិរក្ស។

លោកបានលើកឡើងបន្ថែមថា ក្រៅពីនោះ​ ការអភិរក្សជីវចម្រុះដែលមានសត្វព្រៃគ្រប់ប្រភេ​ទ​ក្នុងតំបន់ការពារ ក្នុងនោះ ​ចំនួនសត្វព្រៃក្នុងប្រទេស​មានកំណើនឡើង និងចំនួនថេរ​ចំពោះប្រភេទសត្វខ្លះ និងមានការធ្លាក់ចំពោះប្រភេទសត្វមួយចំនួនដែរ។ ចំណែកការអភិវឌ្ឍដោយចីរភាព ​សំដៅដល់តុល្យភាពនៃការអភិវឌ្ឍនិងអភិរក្ស ដោយរាល់ការអភិវឌ្ឍត្រូវតែឆ្លងកាត់ការវាយតម្លៃលើហេតុប៉ះពាល់បរិស្ថាននិងសង្គម។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិរបស់យើងមានភាពល្អប្រសើរ។ ហើយយើងឈានទៅដល់ការលក់កាបូនលើទីផ្សារអន្ដរជាតិ ដែលនៅតាមតំបន់ការពារធម្មជាតិនានា»។

លោកបន្ថែមថា៖ «ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ យើងបានលក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារសហរដ្ឋអាមេរិក។ ហើយថវិកានេះ យើងយកមកប្រើប្រាស់ទៅលើការពង្រឹងតួនាទីភារកិច្ចនៃការការពារ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ»។

គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ចែងថា៖​ «យុវជនជាធនធានគន្លឹះនិងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្ដិភាព ទាំងបច្ចុប្បន្ននិងអនាគត»។

ឯកសារដដែលក៏បានលើកឡើងអំពីយុទ្ធសាស្រ្ដក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន​ដល់​យុវជនផងដែរ ដោយក្នុងនោះរួមមាន ការលើកកម្ពស់ការយល់ដឹងរបស់យុវជនស្ដីពីបរិស្ថាន ក្នុងការយកចិត្តទុកដាក់​អភិវឌ្ឍនិងថែរក្សាបរិស្ថានប្រកបដោយចីរភាពជាដើម។

កម្ពុជាបានប្រារព្ធទិវា​បរិស្ថាន​ពិភព​លោក​ឆ្នាំ២​០២១ ដោយសមា​គម អង្គការ​សង្គម​ស៊ីវិល និងសហគមន៍ ចំនួន១២ស្ថាប័ន បាន​សហការ​គ្នា​ធ្វើយុទ្ធនាការ​លើ​បណ្តាញ​សង្គម​រយៈ​ពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធាន​បទ ស្តីពី «បរិស្ថាន ជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិនិងករណីកិច្ចចូលរួមការពារថែរក្សាប្រកបដោយបរិយាប័ន្ន»

សកម្មជន​បរិស្ថាន បាន​ប្រើប្រាស់​វេទិកា​នេះ​ភាគច្រើន​ជជែកនិង​រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល​រឿង​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ការ​ធ្វើទុក្ខបុកម្នេញនិង​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ព្រមទាំង​ទទូច​ឱ្យ​​រដ្ឋាភិបាលបើកទូលាយ​ឱ្យ​ប្រជាពលរដ្ឋនិង​អាជ្ញាធររួមគ្នា​ទប់ស្កាត់​គ្រប់​បទ​ល្មើស​​កាប់​​បំផ្លាញ​​ព្រៃឈើ និង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិល បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានឆ្នាំនេះ មានគោលបំណងសំខាន់៤ចំណុច រួមមាន ការលើកកម្ពស់ការយល់ដឹងអំពីសារៈ​សំខាន់របស់បរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ ដល់យុវជននិង​ប្រជាជនទូទៅ រួមទាំងលើកទឹកចិត្តបំផុសគំនិត ផ្តល់ឱកាសដល់យុវជន ដើម្បីចូលរួមដោះស្រាយបញ្ហានានាដែលបានបង្កហានិភ័យដល់បរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ។

ពួកគេក៏បាន​ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យកាន់តែទូលំទូលាយ ដើម្បីរួមគ្នាទប់ស្កាត់និងបញ្ឈប់គ្រប់បទល្មើសកាប់បំផ្លាញព្រៃឈើ និងសកម្មភាពដែលបំផ្លាញបរិស្ថាន ព្រមទាំងស្នើឱ្យក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធបង្កលក្ខណៈងាយស្រួលដល់យុវជន ប្រជាពលរដ្ឋ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន ឱ្យចូលរួមការពារបរិស្ថាននិងធនធានធម្ម​ជាតិ​ស្របតាម​ច្បាប់ដែលបានកំណត់៕


អត្ថបទទាក់ទង

លោក សិដ្ឋ ឈីវលីម៉េង កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុទ្ធ។ (CYN)

យុវជន​បរិស្ថាន​៣​នាក់​កំពុង​ប្រឈម​នឹង​ការ​ចោទ​ពី​បទ​​ «រួមគំនិតក្បត់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ