រដ្ឋា​ភិបាលបន្ត​ផ្អាក​ដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​​រដ្ឋ​និង​ឯកជន​ ខណៈ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​នៅ​បន្ត​មាន

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងអប់រំ យុវជន និងកីឡា ​បន្តផ្អាក​គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន​នៅ​ទូទាំងប្រទេស​បន្តទៀត ដោយពុំទាន់កំណត់​ពេលបើកដំណើរការឡើងវិញនៅឡើយ ខណៈព្រឹត្តិការណ៍ ​«សហ​គមន៍​​២០កុម្ភៈ» នៅបន្តមានអ្នកឆ្លងជំងឺកូវីដ-១៩​ជាច្រើនរយនាក់ក្នុងមួយថ្ងៃៗ។

​អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ប្រាប់ វីអូឌី តាម​​សារតេឡេក្រាមថា ក្រសួងអប់រំនៅតែមានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសា​ធារណៈនិងឯកជននៅទូទាំងប្រទេស ដោយបន្តតាមដាននិងវាយតម្លៃស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ និងគោរពអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល។

ស្របពេលគ្នានេះដែរ លោកថា ក្រសួងអប់រំលើកទឹកចិត្តដល់​គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់​ត្រូវបន្តការបង្រៀននិងរៀនពីចម្ងាយនិងតាមអនឡាញ ស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ​ ខណៈ​ក្រសួង​បានចេញរួច​ហើយ​​នូវសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់​គ្រឹះស្ថានបឋមសិក្សានិងមធ្យមសិក្សាសាធារណៈឆ្នាំសិក្សា​២០២០និង២០២១។

​លោក​បន្ថែមថា៖ «សូមទាំងអស់គ្នា​បន្ត​អនុវត្តវិធានការការ​ពារ ៣ការពារ ៣កុំ ឱ្យ​​បានខ្ជាប់​ខ្ជួន។ ហើយ​ក្រសួងលើកទឹកចិត្តអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធ​ បន្តពិភាក្សាគ្នា​ ចរចា​គ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់​គ្នាកម្រិតខ្ពស់ និង​សម្បទាន​គ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីជំងឺកូវីដ-១៩»។

ការបញ្ជាក់ជំហររបស់ក្រសួងអប់រំ បានធ្វើឡើងក្រោយ​ពីតំណាង​អង្គការ​សុខភាពពិភពលោក និង​អង្គការយូនីសេហ្វ (UNICEF) ប្រចាំតំបន់​ បាន​ចេញវិចារណកថាមួយកាលពីថ្ងៃទី១៦ ខែ​មិថុនា ដោយ​លើកឡើងថា ការបើកសាលារៀនឡើងវិញមិនគួរពន្យារពេលបន្តទៀតទេ។

តំណាង​ស្ថាប័នអន្តរជាតិធំៗទាំងពីរនេះបាន​សង្កត់ធ្ងន់ថា ការបើកដំណើរការសាលារៀនឡើងវិញ​ប្រកបដោយ​សុវត្ថិភាព គឺជាអាទិភាពបន្ទាន់មួយសម្រាប់កុមារ ដោយការរៀននៅក្នុង​សាលាមាន​សារៈសំខាន់យ៉ាងខ្លាំង​សម្រាប់ការអប់រំនិងសក្តានុពលសម្រាប់ជីវិតពួកគេ។

អង្គការទាំងពីរនេះបន្តទៀតថា ការអូសបន្លាយរយៈពេលយូរក្នុងការបិទទ្វារសាលារៀន បង្កផលប៉ះពាល់ជាច្រើនដល់កុមារមិនត្រឹមតែប៉ះពាល់ដល់ការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់​​ផលិតភាព ព្រមទាំងលទ្ធភាព​រកចំណូលពេញមួយជីវិត និង​មានផលប៉ះពាល់សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់ពួកគេទៀតផង។

អង្គការទាំងពីរនេះបញ្ជាក់​ថា៖ «ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​ ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត»។

បើតាមវិចារណកថាដដែលបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាលបានបិទទ្វារសាលារៀនជាង២០០​ថ្ងៃហើយ ក្នុងអំឡុងពេលប្រឈមការរាតត្បាតជាសកល ហើយកុមារមួយចំនួន​នៅតែបន្តការរៀនសូត្របាន ខណៈមានកុមារជាច្រើនជួបការលំបាក រួមទាំងកុមារមាន​ពិការភាព កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារជនជាតិភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។

​លោក ភី រក្សា ប្រកបរបររត់ម៉ូតូ​កង់បី វ័យ៣៣ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការ​មន រាជ​ធានី​ភ្នំពេញ ដែល​មានកូនម្នាក់ចូលរៀន​កម្រិតបឋមសិក្សា មានប្រសាសន៍​ថា ជាការល្អ ប្រសិនបើមានការបើកសាលារៀនឡើងវិញ ដើម្បីឱ្យ​កូនរបស់គាត់​បានចូលរៀនវិញ។ ប៉ុន្ដែលោកក៏​នៅមា​នការព្រួយបារម្ភ​ដែរអំពីលទ្ធភាពនៃការ​ឆ្លងកូវីដ-១៩ទៅកាន់កូននៅសាលារៀន។

លោកថា៖ «ធម្មតា ការបិទសាលា ប្រព័ន្ធអប់រំអ៊ីចឹង ទាំងកូនខ្ញុំ កូនគេ វាមិនបានចំណេះដឹងអីមកក្នុងខ្លួ​ន។ ហើយអនាគតទៅ មិនដឹងថាយ៉ាងម៉េច បើអត់បានរៀនបានអីអ៊ីចឹង! ចេះតែចង់ឱ្យបើកហើយ តែបើគេបើកមិនបើក អាហ្នឹងខាងក្រសួងជាអ្នកសម្រេច»។

នាយករងអង្គការភ្លែនអន្តរជាតិកម្ពុជា​ លោក យី គីមថាន មាន​ប្រសាសន៍ថា លោក​គាំទ្រការលើក​ឡើង​របស់តំណាង​ WHO និង UNICEF ថ្នាក់តំបន់ ដែលជំរុញ​ឱ្យ​មាន​ការ​បើក​សាលារៀ​នឡើងវិញ ដោយអនុវត្តវិធានការ​សុវត្ថិភាព។ លោកថា រដ្ឋាភិបាលគួរពិចារណានិងមាន​ចំណាត់​ការ​​ក្នុង​ការបើកសាលារៀន​ឡើងវិញ ទៅតាមដំណាក់កាលនិងតាម​តំបន់​ដែល​មិន​សូវ​មាន​ហានិភ័យ​នៃ​ការឆ្លងជំងឺកូវីដ-១៩ ដើម្បីឱ្យសិស្សអាចទទួលបានការសិក្សា​ឡើងវិញ ខណៈសិស្ស​ភាពច្រើននៅតំបន់​ដាច់ស្រយាលពិបាកក្នុងការ​ទទួលបាន​ការសិក្សា​តាមប្រព័ន្ធអនឡាញ។

លោក យី គីមថាន មានប្រសាសន៍ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន ទាក់​ទង​នឹងការអប់រំរបស់​កុមារ ព្រោះប្រសិនជា​ការបិទ​សាលាចេះតែពន្យារ​ទៅ​ អ៊ីចឹង​កុមារ​ភាគ​ច្រើនដែល​ងាយ​រងគ្រោះបំ​ផុត គឺ​នឹង​ជួប​ផលវិបាកច្រើនសម្រាប់ជីវិតទៅថ្ងៃមុខរបស់គាត់ មិនត្រឹមតែពេលនេះ តែយើងក៏សម្រាប់ទៅថ្ងៃមុខដែរ។ អាចមានកុមារមួយចំនួនធំបោះបង់ការសិក្សា អ៊ីចឹងវាធ្វើឱ្យ​អា​វដ្តនៃ​ភាពក្រីក្ររបស់គាត់នៅតែបន្តទៅមុខទៀត»។

លោកបានស្នើ​ដែរ​ថា៖ «សូមក្រសួង​គិត​គូរផង​ដែរនៅពេលសាលាបើកឡើងវិញ ថាតើកម្មវិធីសិក្សាឬវិធីសាស្ត្របង្រៀន បង្រៀនយ៉ាងម៉េច ដើម្បីឱ្យសិស្សហ្នឹងគាត់អាចរៀនរំឭកពីមេរៀនចាស់ៗវិញ ឬអាចធ្វើឱ្យសិស្សយល់ពីមេរៀន ត្រូវរៀនថ្នាក់ដែលគាត់មិនបានរៀន ដែលធ្វើឱ្យគាត់អាចរៀនទាន់តាមកម្មវិធី ក៏ដូចជាមានចំណេះដឹងគ្រាន់ផងដែរ»។

​គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានរយៈពេល៣ខែមកហើយដែលសាលារៀនទូទាំងប្រទេសបានបិទទ្វារ បើគិតតាំងពីការប្រកាសបិទចុងក្រោយ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍​​២០​កុម្ភៈ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា តួលេខគ្រូបង្រៀនដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់មានចំនួនប្រមាណជាង ៩៥% នៃចំនួនគ្រូបង្រៀន ១៥៨ ០០០នាក់​ទូទាំងប្រទេស។

ដោយឡែក បើតាមក្រសួងសុខាភិបាល​ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤២ ០៥២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន១ ៦៦២នាក់ ខណៈអ្នកជាសះស្បើយសរុប៣៦ ៨៦៨នាក់ និងស្លាប់ដោយសារជំងឺនេះចំនួន៤១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ