តុលាការ​នឹង​បើក​សវនាការ​រឿង​ក្តី​អតីត​មន្រ្តី​ជាន់​ខ្ពស់​និង​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ដើម​ខែ​កក្កដា

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ចៅក្រមជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ ​កំណត់ថ្ងៃ​បើក​សវនាការលើសំណុំរឿង​​​​មន្រ្តី​ជាន់​ខ្ពស់​​អតីត​​គណបក្ស​សង្រ្គោះជាតិ និង​អ្នកគាំទ្ររ​បស់​ខ្លួន​​ ចំនួន៩​រូប នៅថ្ងៃទី​១ ខែ​កក្កដា ខាង​មុខ​នេះ។

នៅ​ក្នុងដីកាបញ្ជូនសំណុំ​រឿង​ទៅ​ជំនុំជម្រះដែល ​វីអូឌី ទទួល​បាន​នៅថ្ងៃទី​២១ ខែ​មិថុនា ឱ្យដឹងថា ជន​ជាប់​ចោទ​ចំនួន៣រូប រួមមាន លោក ហូរ វ៉ាន់ អតីត​​សមា​​ជិកព្រឹទ្ធសភាជាមន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្រ្គោះជាតិ លោក សាន សីហៈ និង​អ្នកស្រី ហុង អាន ជា​សកម្មជន​គាំទ្រ​អតីត​​គណ​​បក្ស​​សង្រ្គោះ​​​ជាតិ​ ត្រូវ​រង​​ការ​​ចោទ​​ប្រកាន់​ពីបទ «អ្នកផ្តើមគំនិតក្នុងអំពើញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម»។

នៅក្នុងដីកាដដែលនេះបញ្ជាក់ទៀតថា នៅ​មានមនុស្សចំនួន៦នាក់ទៀតដែលរង​ការចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក៏ត្រូវបាន​​តុលាការ​​​កំណត់ថ្ងៃបើក​សវនាការនៅដើមខែក្រោយនេះដែរ​ ក្នុងនោះ​​​មាន អ្នកស្រី លឹម សាន, អ្នកស្រី យ៉យ ស្រីម៉ុម, អ្នកស្រី សាត ផា, អ្នកស្រី ប៉ៃ រ៉េន, អ្នកស្រី សាន់ ស្រីនាថ និង​លោក តុន និមល។

សវនាការនេះនឹងមានលោក អ៊ុក រ៉េតគន្ធា ជាចៅក្រមជំនុំ​ជម្រះ និង​លោក ឆាយ ហុង ជា​​តំណាង​អយ្យការ។

លោក សំ សុគង់ មេធាវីការពារក្តីម្នាក់ក្នុងចំណោមមេធាវី ​២រូប ដែល​កាន់​សំណុំរឿងនេះ មាន​ទុទ្ទិដ្ឋិ​និយម​ថា វាសនាកូ​នក្តីរបស់ខ្លួនហាក់មិន​​មាន​​សង្ឃឹម​​​ថា​​​​អាច​នឹងរួចផុតពីការចោទប្រកាន់តាម​ផ្លូវ​តុលាការ​ឡើយ។ តែយ៉ាងណា លោកថា លោកនឹង​ប្រឹង​ប្រែងក្នុងនាមជាមេធាវី ដើម្បី​ស្វែង​​រក​ផល​ប្រយោជន៍​ឱ្យកូន​ក្តីរបស់​លោក​ឱ្យបាន បើទោះជាមិនមានសង្ឃឹមក្តី។

លោកបន្តថា៖ «ទាក់ទងទៅនឹងរឿងនេះ ​ដោយ​សារ​វា​ពាក់​ព័ន្ធ​នឹង​នយោបាយ​ហើយ​ យើង​ឃើញ​ជា​បទ​ពិសោធន៍​នោះ​ គឺបើជា​រឿង​នយោបាយ ​ពុំបាន​យុត្តិធម៌ទេ»។

នៅក្នុង​អង្គហេតុ​នៃរឿង​ក្តីព្រហ្មទណ្ឌមួយនេះ ជនជាប់ចោទទាំង៩រូបបានប្រមូលផ្តុំគ្នាតវ៉ានៅ​ខាង​មុខ​ស្ថាន​ទូត​ចិន កាលពីខែ​តុលា ឆ្នាំ​២០​​​២០​។ កាលណោះ ពួកគេរួមទាំង​អ្នក​គាំទ្រ​នៃអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេងទៀត បាន​​ចូលរួ​មសំដែង​មតិ​ដោយ​ទាម​ទារ​​ឱ្យរដ្ឋាភិបាលអនុវត្ត​​គោល​​​​​ន​យោ​​បាយ​ដោយ​​តម្កល់​​​ស្មារ​​តី​នៃ​​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា។ ភ្លាមៗ ក្រោយ​ហេតុ​ការណ៍​កើត​ឡើង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ចេញ​ប្រតិកម្ម ដោយ​ចាត់​ទុក​ការ​ប្រមូល​ផ្តុំ​នេះ ​ថាមានលោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្រ្គោះជាតិ ជាអ្នកនៅពីក្រោយ​ខ្នង។

វីអូឌី ពុំអាចសុំការអធិប្បាយ​បន្ថែមពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

នាយក​រងអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សម្រាប់​កម្ពុជា ​ស្ទើរក្លាយទៅជាទម្លាប់ទៅហើយដែលយករឿងជាប់ពាក់ព័ន្ធនឹងនយោបាយទៅ​លាយ​ឡំជាមួយ​​តុលាការ​វិញ។ យ៉ាងណា សម្រាប់អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ដើម្បី​កុំ​ឱ្យ​​មាន​​ការ​​​​ឈឺ​​ចាប់​​ផ្នែក​​នយោបាយ​នេះ​ត​ទៅទៀត និងដើម្បីផលប្រយោជន៍ជាតិរួម អ្នក​នយោ​បាយ​គួរ​បញ្ចប់​វប្បធម៌​នេះ ហើយ​ដោះ​ស្រាយ​គ្នាតាម​ផ្លូវ​​នយោ​បាយ​​វិញ​​។

លោកបន្តថា៖ «អ៊ីចឹងយើងគ្រាន់តែសង្ឃឹមថា ​ទាក់​ទង​ផ្នែកនយោបាយ អ្នក​នយោបាយ​ទាំង​អស់​គួរ​តែ​គិត​ពី​ឧត្តម​ប្រយោជន៍​ជាតិ និងឧត្តម​​ប្រ​យោ​ជន៍​​​ប្រជាពលរដ្ឋ​ជាធំ។ យើង​ដោះ​ស្រាយ​គ្នា​តាម​វប្បធម៌​សន្ទនា​គ្នា​រវាង​ខ្មែរនិងខ្មែរ»។

គិតចាប់ពីខែមករា ដើមឆ្នាំ២០២១​កន្លងទៅនេះ អ្នកនយោបាយ និង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ រួមទាំង​យុវជ​នការពារ​បរិស្ថាន​ផង ត្រូ​វ​បានអាជ្ញាធរ​ចាប់​ខ្លួន​​ប្រមាណ​៤០​​នាក់​ហើយ។ ពួកគេទាំងនោះត្រូវរងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង ​«ញុះញង់​បង្ក​ឱ្យ​មានភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​​សន្តិសុខ​សង្គម» រួមទាំងបទចោទមួយចំនួនទៀតផង​ដែរ។

បើទោះជាបែបណា បញ្ហានេះ មេធាវីការពារក្តី លោក សំ សុគង់ យល់ឃើញថា តាមពិតអ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​អស់ ទាក់ទិននឹង​ការ​​សំដែងមតិ។ បើតាមលោក សំ សុគង់ ទាំងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិ​នយោបាយ រាល់​ការសំដែង​មតិណាមួយ​ វាពុំមែនជាបទល្មើសនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ