រដ្ឋាភិបាល​​អនុញ្ញាតឱ្យ​អ្នក​ជំងឺ​កូវីដ-១៩កម្រិត​ស្រាល​ព្យាបាល​នៅ​ផ្ទះ​ ​ដើម្បីស​ម្រាល​បន្ទុក​គ្រូពេទ្យ

តំបន់ផ្សារអូរឫស្សីត្រូវបានបិទបណ្ដោះអាសន្នក្រោយមានករណីអ្នកឆ្លងកូវីដ-១៩ នៅផ្សារអូរឫស្សី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាលបានដាក់ចេញគោលការណ៍សារជាថ្មី ដោយ​​ណែនាំឱ្យ​អ្នកជំងឺកូវីដ-១៩កម្រិតស្រាល​ព្យាបាលនៅផ្ទះ ដើម្បីជួយសម្រាលបន្ទុករបស់ក្រុមគ្រូពេទ្យនិងថវិកាចំណាយរបស់រដ្ឋ ស្របពេលស្ថានភាពរីករាលដា​លនៃ​ជំងឺផ្លូ​វដង្ហើមថ្មីមួយ​នេះមិ​នមានសញ្ញាថម​ថយ។

ក្នុងសេចក្តីប្រកាសចុះ​ថ្ងៃទី២​០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​សម្រេច​ឱ្យអ្នកជំងឺកូវីដ-១​​៩​​​ក​ម្រិ​​តស្រាលឬគ្មានរោគសញ្ញា ក្នុងរាជធានីភ្នំពេញ ព្យាបាលដាច់​ដោយឡែកនៅផ្ទះដោយខ្លួនឯង ក្រោម​ការផ្តល់ប្រឹ​ក្សា​ពីគ្រូពេទ្យនិងគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន​តាមនីតិវិធីប្រតិបត្តិស្តង់ដារថ្មី។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន​ ប្រាប់ វីអូឌី នៅថ្ងៃ​ទី​២១​ ខែមិថុនា​នេះ​ថា គោល​ការណ៍​ថ្មី​នេះធ្វើឡើ​​ង​ដើ​ម្បី​​ជួយ​សម្រាលបន្ទុកគ្រូពេទ្យ និងចំនួនគ្រែពេទ្យ​នៅតាមមន្ទីរ​ពេទ្យផ្សេងៗ​ដែលមាន​ចំនួនកម្រិត​សម្រាប់​មើល​ថែអ្នកជំងឺកូវីដ-១៩​ស្រា​លៗឬមិនមានរោគសញ្ញា ដែលមាន​ប្រមាណ៨០ភាគរយ​នៃអ្នកជំងឺ​សរុប។ 

លោកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើគ្រប់គ្នានៅក្នុងពេទ្យ ដល់ពេល​ពេញ​ទៅ នៅពេលមានអ្នកជំងឺធ្ងន់ចូលទៅ យើងអត់មា​នកន្លែងដាក់គាត់ទេ ព្រោះអ្នកជំងឺធ្ងន់ទាមទារការជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ មិនអាចសង្គ្រោះនៅផ្ទះបានទេ។ អ៊ីចឹងវាជា​រឿងមួយដែលសម្រាលបន្ទុក ហើយក្នុងហ្នឹងក៏យើងអាចលៃលករក្សាទីកន្លែងខ្លះដើម្បីទទួលអ្នកជំងឺដែលធ្ងន់ ដើ​ម្បីយើងអាចជួយសង្គ្រោះអាយុជីវិតគាត់បាន»

មន្រ្តីអ្នកនាំពាក្យរូបនេះបន្ថែមថា វិធានការថ្មីនេះក៏ជួយកាត់បន្ថយបន្ទុកចំណាយថវិកាផ្សេងៗរបស់រដ្ឋាភិបាលនិងអ្នកជំងឺផ្ទាល់ នៅអំ​ឡុងពេលស្នាក់នៅក្នុងមណ្ឌលថែទាំឬមន្ទីរពេទ្យ ខណៈអ្នកជំងឺកម្រិតនេះ អាចតាមដានស្ថានភាពសុខភាពនៅផ្ទះបា​ន ក្រោមកិ​ច្ចសហការជាមួយគ្រូពេទ្យ។

លោកស្រីថ្លែងបន្ថែមថា៖ «វាមិនមែនកាត់បន្ថយតែរដ្ឋទេ បុគ្គលក៏កាត់បន្ថយដែរ ពីព្រោះបុ​គ្គលគាត់ទៅ​ពេទ្យ គាត់ពិបាក គាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន គាត់ទិញនេះទិញនោះ ទិញរបស់របរប្រើប្រាស់ខ្លួនគាត់។ តែបើគាត់នៅផ្ទះ គា​​ត់មានរបស់គាត់ស្រា​ប់ អី​ស្រាប់ គាត់អត់មានចាំបាច់ត្រូវការចំណាយលុយសម្រាប់ការសម្រាកពេទ្យរបស់គាត់ទេ»

លោក ប៉ា ចន្ទរឿន លើកឡើងថា លោកមិនមែនជាអ្នកជំនាញខាងសុខាភិបាល ប៉ុន្តែក្នុងនាមលោកជាអ្នកជំនាញខាងវិទ្យាសាស្រ្តសង្គម មើលឃើញថា វិធានការព្យាបាល​អ្នកជំងឺកូវីដ-១៩​កម្រិតស្រាលនៅផ្ទះ ជាមធ្យោបាយមួយជួយបន្ធូរបន្ថយបន្ទុកចំណាយរបស់រដ្ឋាភិបាល និងសម្រាលបន្ទុកធនធានគ្រូពេទ្យក្នុងការថែទាំអ្នកជំងឺ។

យ៉ាងណា លោក​ថា រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលគួរបង្កើនការផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងរបស់ពល​រដ្ឋចំពោះវិធានការថ្មីរបស់ខ្លួន និ​​ងបញ្ចូលការអប់រំផ្នែកផ្លូវចិត្ត ដើម្បីកុំឱ្យអ្នកជំងឺមាន​ការភិតភ័យ និងចូលរួមទប់ស្កាត់ជំងឺទាំងអ​ស់គ្នា។

លោកមានប្រសាសន៍ថា៖ «បន្ថែមពីលើការចេញជាឯកសារលាយលក្ខណ៍អក្សរ គួរតែមានជាវីដេអូឬក៏បង្កើនការផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ ជាពិសេសឱ្យប្រជាពលរដ្ឋងាយយល់ ងាយធ្វើតាម ទើបយន្តការនៃការបង្កើតឱ្យមានការព្យាបាលជំងឺកូវីដនៅតាមផ្ទះហ្នឹង មានប្រសិទ្ធភាព»។ 

ដោយឡែក នាយក​ប្រតិបត្តិសម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ ថ្លែងថា គោលការណ៍ថ្មីរបស់ក្រសួងអាចនឹងជួបការលំបាកនៅពេលអនុវត្តជាក់ស្តែង ពិសេសលើអ្នកជំងឺដែលស្នាក់នៅក្នុងទីប្រជុំជនឬតាមបន្ទប់ជួលក្បែររោងចក្រកាត់ដេរ ដែលពិបាកកាត់ផ្តាច់ពួកគេមិនឱ្យពាក់ព័ន្ធសមាជិកគ្រួសារនិងអ្នកជិតខាង។ 

លោក​ថា៖ «បរិបទនៃការរស់នៅរបស់ពលរដ្ឋនៅទីប្រជុំជន គឺជាការបារម្ភមួយ ខណៈពេលដែលការស្នាក់​នៅផ្ទះតូចចង្អៀតនៅក្នុងផ្ទះល្វែងដែលមានសមាជិក-សមាជិកាច្រើន គឺជារឿងមួយដែលយើងនៅតែបារម្ភ ទោះបីជាគោ​ល​​ការណ៍យើងគិតគូរដល់ចំណុចហ្នឹងក៏ដោយ»

លោកបន្ថែមថា ប្រសិនបើអត្រាឆ្លងកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន​នៅតំបន់ដែល​ផ្ទុះការ​ចម្លង​ខ្លាំង​ អាចនឹងមានបញ្ហាខ្វះខាតកម្លាំងក្នុងការគ្រប់គ្រងនិង​ទប់ស្កាត់មិនឱ្យអ្នកជំងឺឬអ្នកជាប់ធ្វើចត្តាឡីស័កក្នុងមូលដ្ឋានរបស់ខ្លួន។ 

លោកថ្លែងថា៖ «មានតែពឹងឱ្យប្រជាពលរដ្ឋជួយមើលប្រជាពលរដ្ឋខ្លួនឯង ហើយអាជ្ញាធរ ប្រសិនបើមាន​ការបំពានបម្រាមអីធ្ងន់ធ្ងរ គឺត្រូវមានការឆ្លើយតបឬចាត់វិធានការភ្លាមៗដើម្បីឃាត់ទុក ដើម្បីឱ្យពួកគាត់អនុវត្តទៅតាមវិធានការរបស់សុខាភិបាល»។ 

យោងតាមគោលការណ៍ណែនាំក្នុងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលមានកម្រាស់៣២ទំព័រ បានបែងចែកអ្នកជំងឺកូវីដ-១៩កម្រិតស្រាល គឺជាអ្ន​កដែលមិនមានចេញរោគសញ្ញាឬមានរោគសញ្ញាកម្រិតស្រាល ដូចជា ក្តៅខ្លួន អស់កម្លាំង ក្អក តឹងច្រមុះ ហៀរសំបោរ ឈឺបំ​ព​ង់ក ឈឺក្បាល និងឈឺសាច់ដុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ