ក្រសួង​ហាម​ឃាត់​ការ​លក់​និង​ប្រើ​ប្រាស់​​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ-១៩

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

ក្រសួងសុខាភិបាលព្រមានចាត់វិធានការ​ផ្លូវច្បាប់លើម្ចាស់​គណនីហ្វេស​ប៊ុក​មួយចំនួនដែល​បាននិងកំពុង​​ផ្សព្វផ្សាយលក់តេស្តរហ័ស​​រកអង់ទីគ័រ​ការពារជំងឺកូវីដ-១៩ខុសច្បាប់ ​និង​អំពាវ​នាវ​ដល់​​សាធារណ​ជនទាំង​អស់បញ្ឈប់​​​នូ​វការ​ប្រើ​ប្រាស់​​​តេស្តរហ័សទាំងនោះជាបន្ទាន់។

សេចក្តីជូនព័ត៌មានរបស់ក្រសួងចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បាន​លើកឡើងថា មាន​គណនីហ្វេស​ប៊ុកចំនួន​៤ រួមមាន បងប្រុសទីពីរ, Leng Kuchnika Pol, Srey Nit និង TMS-Trust Medical Service ​បាននិងកំពុងផ្សព្វផ្សាយលក់តេស្តរហ័ស​​រកអង់ទីគ័រ​ការពារជំងឺកូវីដ-១៩ គ្មាន​ចុះ​បញ្ជិកា​ និង​ពុំ​មាន​​ការ​​​ទទួល​​ស្គាល់​​​​​ពី​​ក្រសួង ខណៈសេវាសុខាភិបាល​ឯកជន​មួយចំនួនទៀតក៏បាន​និងកំពុងយកឧបករណ៍ទាំងនោះទៅធ្វើតេស្ត​ជូន​ប្រជា​ពលរដ្ឋ​យ៉ាង​អនា​ធិប​តេយ្យ។

ក្រសួងបន្តថា តេស្តរហ័ស​ដែលកំពុងចរាចរនោះ ក៏ពុំមាន​ការទទួលស្គាល់ពីអង្គការ​សុខភាព​ពិភពលោក (WHO) នៅឡើយដែរ ហើយ​លទ្ធផល​ដែល​បានមកពីការប្រើ​ប្រាស់​តេស្ត​ទាំង​នេះ គឺមិនអាចជឿជាក់បានឡើយ។

ដើម្បីចៀសវាង​នូវការខាតបង់ថវិកា និងបង្កឱ្យ​មានភាពអនាធិបតេយ្យ​ក្នុងសង្គម ដែលធ្វើឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាលដែលកំពុងចាក់​វ៉ាក់​សាំង​កូវីដ-១៩នៅ​ទូទាំង​ប្រទេស​នោះ ក្រសួង​អំពាវនាវដល់សាធារណជនទាំងអស់ត្រូវបញ្ឈប់​ជាបន្ទាន់នូវការ​ប្រើ​ប្រាស់​​តេស្តរហ័ស​រកអង់ទីគ័រ​ការពារជំងឺកូវីដ-១៩ទាំងនោះ និងបញ្ឈប់​ការទៅធ្វើតេស្ត​តាម​សេវា​សុខាភិបាល​ឯកជន​ជាបន្តទៀត ព្រោះ​តេស្តនោះពុំមាន​ប្រភព​ច្បាស់​លាស់​ ដែលមិន​អាច​​ធានាបាន​នូវគុណភាពនិងសុក្រឹត្យ​ភាព​នៃលទ្ធផលបានឡើយ។

ក្រសួង​ក៏បានព្រមាន​ដល់​ម្ចាស់​គណនីហ្វេ​សប៊ុក​និង​ម្ចាស់​សេវា​សុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្សព្វផ្សាយលក់និង​ប្រើប្រាស់​តេស្តរហ័សនោះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើពុំនោះទេ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។

ក្រសួងបញ្ជាក់ទៀតថា៖ «ក្រសួងសុខាភិបាលនឹងមានវិធានការ​​យ៉ាង​តឹងរ៉ឹងបំផុត ចំពោះ​សេវាសុខាភិបាលឯកជនណាដែលនៅតែ​ឆ្លៀតឱកាស​​ប្រើ​ប្រាស់​ឧបករណ៍​តេស្តរហ័ស​​រកអង់ទីគ័រ​ការពារ​ជំងឺកូវីដ-១៩នេះ ម្ចាស់​គណនីហ្វេស​ប៊ុកទាំង៤ ​[ដែល​បាន​និង​កំពុង​ផ្សព្វ​ផ្សាយ​​លក់តេស្ត​នោះ] ព្រមទាំង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដែល​បាននិង​កំពុង​បន្ត​​ផ្សព្វ​ផ្សាយ​ឬលក់តេស្ត​​ទាំងនោះ ទៅតាមច្បាប់​ដែលមានជាធរមាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ