កម្ពុជា​​ឱ្យ​ឥណ្ឌា​នាំ​ចូល​សាច់​បង្កក​​និង​មុខ​ទំនិញ​​បង្កក​ឡើង​វិញ​ ក្រោយ​ផ្អាក​ជិត​២​​ខែ​​​ព្រោះ​​​​​កូវីដ-១៩

ស្ដ្រីម្នាក់កំពុងតែដើរទិញអីវ៉ាន់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងផ្សារម៉ាក្រូ ក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (ណាត សុភាព)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចឱ្យប្រទេសឥណ្ឌានាំចូលសាច់បង្កកនិងមុខទំនិញ​បង្កកគ្រប់ប្រភេទឡើងវិញ ក្រោមហេតុផលថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌាធូរស្រាល ខណៈ​លទ្ធផល​នៃការធ្វើតេស្តលើសាច់បង្កក​នាពេលកន្លងមក គឺអវិជ្ជមានកូវីដ-១៩។

ការសម្រេចអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែមិថុនា​ បានស្នើឱ្យកម្ពុជាដកចេញ​នូវបម្រាមលើការនាំចូលសាច់បង្កកនិងទំនិញបង្កកផ្សេងៗទៀត​ពីប្រទេសឥណ្ឌា ក្រោយពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រមូលនិងធ្វើតេស្ដលើសាច់បង្កកទាំងនោះកន្លងមក​ លទ្ធផលបង្ហាញថាគ្មានកូវីដ-១៩។ 

ក្នុងលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែល វីអូឌី ទើប​ទទួលបាន ឱ្យដឹងថា ការសម្រេចលើកលែង​បម្រាមលើការនាំចូលសាច់បង្កកនិងមុខទំនិញបង្កក ដោយដាក់មកជំនួសវិញនូវ​វិធានការបណ្តោះអាសន្ន ក្នុងនោះ តម្រូវឱ្យអាជ្ញាធរ​មានសមត្ថកិច្ចនៃប្រទេសដើមកំណើត​ទំនិញ​ចេញវិញ្ញាបនបត្រឬលិខិតបញ្ជាក់បន្ថែមថាគ្មានវីរុសកូវីដ-១៩លើសាច់បង្កក។

លើសពីនេះទៀត រាល់ពេលដែលទំនិញមកដល់នោះ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុននឹងអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តថា លក្ខខណ្ឌទាំង​២ដែល​បាន​ដាក់​ចេញនេះ ​នឹងត្រូវបន្ធូរ​បន្ថយឬដក​ចេញទាំងស្រុងផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញថា អវិជ្ជមានជាបន្តបន្ទាប់។ 

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សេចក្តីជូនដំណឹងនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ ខែ​មិថុនានេះ​​តទៅ រហូតដល់មានការណែនាំជាថ្មីម្តងទៀត។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេ នៅថ្ងៃនេះ។

យ៉ាងណា អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ លោក ផាន អូន មានប្រសាសន៍ថា មូលហេតុដែល​​កម្ពុជាអនុញ្ញាតឱ្យនាំចូលសាច់បង្កកនិងមុខទំនិញបង្កកឡើងវិញនេះ ដោយសារ​ប្រទេសផ្សេងៗ​ក៏មិនបានបិទការនាំចូលទំនិញបង្កក​ពីឥណ្ឌានោះ​ដែរ។

លោកថា៖ «ប្រទេសផ្សេងៗគេ​មិនទាន់រកឃើញ ការដាក់បម្រាមលើសាច់បង្កករបស់ប្រទេសឥណ្ឌា​ អ៊ីចឹង​យើងក៏រកមិនទាន់ឃើញអ៊ីចឹង យើងមិនទាន់មានហេតុផលវេជ្ជសាស្ត្រដែលអាចដាក់បម្រាមទៅគេបានទេ។ ប៉ុន្តែយើងក៏មានវិធានការបង្ការដែរ សម្រាប់ការអនុញ្ញាតឱ្យមានការនាំចូលនោះ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជំរុញរដ្ឋាភិបាលរៀបចំការកែច្នៃនិងផលិតសាច់បង្កកនិងមុខទំនិញបង្កកផ្សេងៗទៀតឱ្យបានកាន់តែច្រើន ជាជាងនាំចេញចូលពីខាងក្រៅប្រទេស។ លោកចាត់ទុកការកែច្នៃនិងផលិតមុខទំនិញខ្លួនឯងនេះ ថាបានជួយដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិផងដែរ។

លោកថា៖ «ទី១ វាចំណេញទាំងសេដ្ឋកិច្ច ទី២ វាចំណេញទាំងមុខរបរ ចំណេញទាំង​ប្រាក់ចំណូល។ ហើយ​មួយ​ទៀត អាចធានានិរន្តរភាព​នៃការផ្គត់ផ្គង់នូវគ្រឿងឧបភោគនិងបរិភោគក្នុងស្រុក​ ក្នុងការប្រើប្រាស់តម្រូវការមនុស្សទូទៅ»។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះសាច់បង្កកនិងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត ដែលមានប្រភពមកពីប្រទេសឥណ្ឌា ខណៈស្ថានភាពនៃឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសពពួកវីរុសជំងឺនេះបំប្លែងខ្លួនថ្មីនៅប្រទេសឥណ្ឌាមានសភាពធ្ងន់ធ្ងរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ