មេធាវីការពារ​ក្តីអតីតសកម្មជនបក្សប្រឆាំងស្នើ​តុលាការខេត្តកំពង់ស្ពឺ​ដោះលែងកូនក្តី​ខ្លួន

អ្នកស្រី ​សំ សុខា​ ដើរ​​ចូល​​សាលា​ដំបូង​​ខេត្តកំពង់ស្ពឺ​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៨។ (លីកាដូ)

មេធាវីការពារក្តីឱ្យអ្នកស្រី សំ សុខា ​​អតីត​សកម្មជន​គណបក្សសង្គ្រោះជាតិ បានស្នើ​ដល់​តុលា​ការ​​សាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែង​កូនក្តីរបស់​ខ្លួន ដោយ​លើកហេតុផលថា កូន​ក្តី​របស់​ខ្លួន​​​មាន​​ជំងឺប្រចាំកាយ​រ៉ាំរ៉ៃ និងបារម្ភពីការឆ្លងជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារនេះ។

ពិរុទ្ធជនឈ្មោះ សំ សុខា បា​នរង​ការចោទប្រកាន់ពី​បទ «ប្រមាថ» និង «ញុះញង់ឱ្យ​មានការ​រើស​អើង​​» ប្រព្រឹត្តកាល​ពីខែ​មេសា ឆ្នាំ២០១៧ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បទ​ចោទ​ប្រឆាំង​អតីត​អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរូប​នេះ ធ្វើឡើង​​បន្ទាប់​​​ពី​អ្នក​ស្រីបានបង្ហោះ​​វីដេអូ​​នៅលើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហាញ​ពី​សកម្មភាព​​​​គប់ស្បែក​ជើង​ទៅលើ​ស្លាក​សញ្ញា​គណបក្ស​​ប្រជាជន​​កម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្រោយចាប់ខ្លួន អង្គការលីកាដូ បានចេញរបាយការណ៍ដោយបញ្ជាក់ថា អ្នកស្រី​ សំ សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ដោយ​កំបាំងមុខ​ និង​បាន​នាំខ្លួន​ពី​ប្រទេសថៃ​ កាល​ពីខែកុម្ភៈ​ ទោះបីជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុកជន​ភៀស​​​​ខ្លួន (UNH​C​R​)​ ក៏ដោយ។​

នៅក្នុងលិខិត​មួយច្បាប់​របស់លោក​ ឡោ ជុនធី ​​ជា​សហមេធាវី​ការពារក្តីឱ្យជនជាប់ចោទ​ ដាក់​ទៅ​តុលាការ​ខេត្តកំពង់​ស្ពឺ កាលពីថ្ងៃ​ម្សិលមិញ ​លើកឡើង​ថា ​កាស្នើសុំឱ្យតុលាការដោះលែងកូនក្តីរបស់ខ្លួន​​ ដោយសារអ្នកស្រី សំ សុខា​ បាន​អនុវត្ត​ទោស​​នៅ​​​ក្នុង​​ពន្ធនាគារ​បាន​ជាង​៣ឆ្នាំហើយ ក្នុងចំណោមទោសសរុប៤ឆ្នាំ ខណៈ​​អ្នកស្រីក៏កំពុង​​មាន​ជំងឺ​ក្រពះធ្ងន់ធ្ងរនិង​ស្គមស្គាំង ជាពិសេសមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារថែមទៀត។

បន្ថែមលើលិខិតស្នើសុំនេះ លោក ឡោ ជុនធី មានប្រសាសន៍ថា ការស្នើសុំនេះ ដោយមើលឃើញកូនក្តីរបស់ខ្លួនបានអនុវត្តទោស​ស្ទើរតែស្មើទោសសរុបទៅហើយ ដែលមាន​ន័យ​ថា ​នៅ​សល់​តែ៥ខែទៀត​ប៉ុណ្ណោះ នឹងត្រូវរួចផុតពីការចោទប្រកាន់​តាមផ្លូវតុលាការ​ហើយ​​​។

លោកបន្តថា៖ «យើងឃើញថា ការដែលផ្តន្ទាទោសគាត់ហ្នឹង និយាយពីសំណុំរឿង​ដល់ទៅ៤ឆ្នាំ​ឯ​ណោះ​​​ ដល់អ៊ីចឹងទៅ ឥលូវហ្នឹងគាត់ជាប់ដូចជាលើស២ភាគ៣ទៅទៀតផង។ ឥលូវនេះ គាត់មានជំងឺ​ក្រពះអីផង»។

ឆ្លើយតបរឿងនេះ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ លោក សុង ប៊ុណ្ណារិទ្ធ បដិសេធថា លោកមិនបានទទួលរឿងក្តីនេះទេ ហើយ​ក៏​មិនទាន់ដឹងប្រាកដ​​​​ទាក់ទិនការស្នើសុំ​​នេះដែរ។

លោកបន្តថា៖ «ខ្ញុំធ្វើម៉េចដឹង! រឿងនេះមិនមែននៅខ្ញុំផង! បើរឿងវាច្រើន ខ្ញុំម៉េចដឹង»។

អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត យល់​ឃើញ​ថា ដើម្បីបញ្ចៀសបញ្ហាកើតឡើង​ដោយ​​សារ​​​ជំងឺ ជាពិសេសជំងឺកូវីដ-១៩ តុលាការគួរ​ផ្តល់​ការលើកលែងទោសតាមការស្នើសុំរបស់មេធាវី។

លោកបន្តថា៖ «ការអនុវត្តនិងការកែខ្លួនរបស់គ្នាហ្នឹងក៏បានល្អ មិន​ឃើញ​​មាន​បញ្ហាអីទេនៅក្នុង​ពន្ធនាគារ​ហ្នឹង។ ការ​អនុ​វត្ត​​ទោស​របស់​គ្នាប៉ុណ្ណឹង ​ដល់​ពេល​ដែ​លគួរបន្ធូរបន្ថយទោសតាមរយៈកូវីដ និង​​គួរ​​លើកលែង​ឱ្យ​​គ្នា​​នៅ​ក្រៅ​ឃុំ​ហើយ»។

គិតចាប់ពីខែ​មករា ដើមឆ្នាំ២០២០​មក អតីតសកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំង​សកម្មជន​ការពារ​បរិស្ថានផង ប្រមាណជាង៤០​​នាក់​​ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន។ ពួកគេ​ត្រូវរងការ​ចោទប្រកាន់ពីបទ «​រួមគំនិតក្បត់ជាតិ» និង«ញុះញង់ឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម​​»ជា​ដើម​៕


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌ៖ «នៅក្នុងលិខិត​មួយច្បាប់​របស់លោក​ ឡោ ជុនធី ​​ជា​សហមេធាវី​ការពារក្តីឱ្យជនជាប់ចោទ​ ដាក់​ទៅ​តុលាការ​ខេត្តកំពង់​ស្ពឺ កាលពីថ្ងៃ​ម្សិលមិញ ​លើកឡើង​ថា ​កាស្នើសុំឱ្យតុលាការដោះលែងកូនក្តីរបស់ខ្លួន​​ដោយ​គ្មានលក្ខខណ្ឌនេះ ដោយសារអ្នកស្រី សំ សុខា​ បាន​អនុវត្ត​ទោស​​នៅ​​​ក្នុង​​ពន្ធនាគារ​បាន​ជាង​៣ឆ្នាំហើយ ក្នុងចំណោមទោសសរុប៤ឆ្នាំ ខណៈ​​អ្នកស្រីក៏កំពុង​​មាន​ជំងឺ​ក្រពះធ្ងន់ធ្ងរនិង​ស្គមស្គាំង ជាពិសេសមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារថែមទៀត។» ខ្លឹមសារដែលត្រឹមត្រូវ «នៅក្នុងលិខិត​មួយច្បាប់​របស់លោក​ ឡោ ជុនធី ​​ជា​សហមេធាវី​ការពារក្តីឱ្យជនជាប់ចោទ​ ដាក់​ទៅ​តុលាការ​ខេត្តកំពង់​ស្ពឺ កាលពីថ្ងៃ​ម្សិលមិញ ​លើកឡើង​ថា ​កាស្នើសុំឱ្យតុលាការដោះលែងកូនក្តីរបស់ខ្លួន​​ ដោយសារអ្នកស្រី សំ សុខា​ បាន​អនុវត្ត​ទោស​​នៅ​​​ក្នុង​​ពន្ធនាគារ​បាន​ជាង​៣ឆ្នាំហើយ ក្នុងចំណោមទោសសរុប៤ឆ្នាំ ខណៈ​​អ្នកស្រីក៏កំពុង​​មាន​ជំងឺ​ក្រពះធ្ងន់ធ្ងរនិង​ស្គមស្គាំង ជាពិសេសមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារថែមទៀត។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ