ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សថ្មីមួយទៀតដែលស្ថាបនិកចេញពីអតីតមន្ត្រីបក្សប្រឆាំង

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្សថ្មីមួយទៀតដែលបង្កើតឡើងដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ខណៈ​អតីត​​គណបក្សប្រឆាំង​ធំជាងគេមួយនេះនៅ​បន្តផាត់ចេញពីឆាកនយោបាយនៅឡើយ។

ក្នុងលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើង​ថា ខ្លួន​បានយល់​ព្រមតាមការស្នើសុំបង្កើត«គណបក្សបេះដូងជាតិ» ដែលមាន​លោក សៀម ភ្លុក ជាតំណាងស្ថាបនិក ស្រប​តាម​ច្បាប់ស្តីពី​គណបក្សនយោបាយរបស់កម្ពុជា។

ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាត​ឱ្យ​បង្កើតគណបក្ស​បេះដូងជាតិនេះ។

ប៉ុន្តែក្រសួងថា៖ «ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពនយោបាយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេ​ល​​១​៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទនិងបំពេញលក្ខខណ្ឌស្នើចុះបញ្ជីនៅក្រសួងម​ហា​ផ្ទៃ​​ ស្របតាមលក្ខខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ ​នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

អតីត​គណបក្សសង្គ្រោះជាតិ ដែលទទួលបាន​សន្លឹកឆ្នោត​ជាង​៤៣ភាគរយ ត្រូវបានតុ​លាការ​កំពូល រំលាយ​កាល​ពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីចាប់ឃុំខ្លួន​ប្រធានអតីត​គណបក្សនេះ ​គឺលោក កឹម សុខា។

អំណាចសាលដីកានោះ អតីតគណបក្សប្រឆាំងត្រូវបានរឹបអូសអាសនៈទាំងអស់នៅក្នុងសភានិងឃុំសង្កាត់ ​ដែលមាន​ប្រហាក់ប្រហែលទៅនឹងគណបក្សកាន់អំណាច។ បន្ថែមពីនេះ អតីតមន្ត្រីគណបក្សនេះចំនួន ១១៨នាក់ក៏ត្រូវបានហាមធ្វើស​​កម្មភាពនយោបាយ៥ឆ្នាំចាប់ពីពេលនោះមក។

ប៉ុន្តែវិធានការផាត់អតីត​​គណបក្សប្រឆាំងនេះ​ចេញពីឆាកនយោបាយអស់រយៈពេលជាង៣ឆ្នាំមកនេះ ជំរុញ​ឱ្យអតីតមន្ត្រីគណបក្សនោះ​ជាង២០នាក់បានចេញសុំសិទ្ធិធ្វើនយោបាយឡើងវិញ បើគិតត្រឹមថ្ងៃអង្គារ​នេះ ដែលការចេញសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ ពួកគេបានបង្កើតគណបក្សនយោបាយចំនួន៥ហើយ បូកទាំងគណបក្សបេះដូងជាតិនេះ។

លោក សៀម ភ្លុក តំណាង​ស្ថានិកគណបក្សបេះដូងជាតិ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

ប៉ុន្តែអតីតមន្ត្រី​បក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបង្កើត«គណបក្សកែទម្រង់កម្ពុជា» បានបង្ហាញការយល់ឃើញថា ដើម្បីយកសំឡេងនៅថ្នាក់មូលដ្ឋានឡើងវិញ អំឡុងពេលបោះឆ្នោតខាងមុខ​ គណបក្ស​ដែលទើបបង្កើតថ្មីទាំងអស់គួររួមគ្នាបង្កើតប្រព័ន្ធនយោបាយតែមួយ។

លោកថា៖ «ខ្ញុំមើលឃើញអញ្ចេះ បើសិនជាគាត់មានបំណងចង់រួបរួមគ្នា ចង់ប្រកួតប្រជែងពិតប្រាកដ​ យើង​អាច​ចូលគ្នានូវ​អ្វីដែលយើងកំពុងធ្វើ កំពុងកសាង​កម្លាំង កំពុងកសាងបែបបទដូចគ្នាអ៊ីចឹង […] ប៉ុន្តែបើមានគំនិតចង់ចូលរួមបោះឆ្នោត ខ្ញុំគិតថា គួរតែជជែកគ្នា»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់​ឃើញថា ការបង្កើតគណបក្ស​នយោបាយ​ថ្មី ជាសិទ្ធិរបស់​អ្នកនយោបាយទាំងនោះ​។ ប៉ុន្តែលោកថា រលកនៃការចាកចេញ ដើម្បីទៅប្រកួតនៅទីលានដែលគ្មានប្រព័ន្ធធានាពីគោលការណ៍ឯករាជ្យ មិនបានជំរុញឱ្យមានការស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេ។

លោកថា៖ «ការប្រកួតប្រជែងពិតប្រាកដ​តាមលទ្ធិប្រជាធិបតេយ្យហ្នឹង យើងនៅឃើញថា ​នៅមានបញ្ហា ដោយសារស្ថាប័នមួយចំនួនដែលមានតួនាទីជំរុញឱ្យមានប្រជាធិបតេយ្យពិតប្រាកដហ្នឹងនៅជាប់ជំពាក់ទៅនឹងនិន្នាការនយោបាយ ខ្វះអព្យាក្រឹត្យភាព ទាំងអស់ហ្នឹង​ដែលជាបញ្ហា»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្តត់គំនិត លោកបណ្ឌិត សេក សុជាតិ និយាយថា ការមានគណបក្សច្រើនចូលរួមប្រកួតការបោះឆ្នោត អាចត្រូវបានគេមើលឃើញថា ការបោះឆ្នោតមានប្រព័ន្ធប្រជាធិបតេយ្យ។  ប៉ុន្តែលោក​ថា លទ្ធភាពនៃការចូលរួមប្រកួតរបស់ពួកគេ​​ដែល​គ្មានឱកាសស្មើគ្នាឬក៏មានការគំរាមកំហែងផ្នែកណា​មួយនោះ នោះ​ប្រព័ន្ធនយោបាយនឹង​មិនបាន​ធានាដល់ដំណើរការប្រជាធិបតេយ្យទេ។

លោកថា៖ «ខ្ញុំនៅតែរំពឹងទុកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះមិនទាន់មានសេរីភាពទេ  ហាក់នៅមានការ​រឹតត្បិត ហើយ​ក៏មានការរារាំងខ្លាំងទៅលើផ្នែកនយោបាយឬក៏ការសម្រេចចិត្តរបស់អ្នកនយោបាយ»។

យ៉ាងណា លោកផ្តល់ជាយោបល់ថា មូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ត្រូវធានាសិទ្ធិមូលដ្ឋាន សិទ្ធិជួបជុំ សិទ្ធិប្រមូលផ្តុំ គ្មានការគំរាមកំហែងផ្នែកនយោបាយ ស្ថាប័នកំពូលរបស់ជាតិ រួម​មាន តុលាការ និងកងកម្លាំងប្រដាប់អាវុធ ជាដើម ជាស្ថាប័នឯករាជ្យ មិនចំណុះឱ្យគណបក្សនយោបាយណាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ