សង្គម​ស៊ីវិល​​និង​​មន្ត្រី​ទូត​ស្នើ​តុលាការ​​​​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​​៤​រូប​

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

អង្គការជាតិ-អន្តរជាតិ រួមនឹងតំណាង​ទូតជិត១០០ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​និង​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ទៅលើសកម្មជនបរិស្ថាន​​វ័យ​ក្មេងចំនួន៤នាក់​និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។​

ការទាមទារ​នេះ​ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនយុវជន​​​​​បរិស្ថានមាតា​​ធម្មជាតិ ចំនួន៤នាក់​ កាលពីថ្ងៃ​ទី១៦ ខែ​មិថុនា ក្នុងនោះ មាន​ម្នាក់​ត្រូវបានសមត្ថកិច្ចដោះលែងវិញ ប៉ុន្តែ៣នាក់ផ្សេង​ទៀត រួមមាន យុវជន​ លី ចាន់ដារ៉ាវុទ្ធ អាយុ២២ឆ្នាំ យុវជន ​យឹម លាងហ៊ី អាយុ៣២ឆ្នាំ និង​​កញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ ត្រូវ​បានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារ ដោយ​​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

សេចក្តីថ្លែងការណ៍រួមរបស់​អង្គការ​-សមាគមចំនួន៧៥ នៅថ្ងៃអង្គារនេះ ចាត់ទុក​ការ​​​ចោទប្រកាន់​​សមាជិក​៤នាក់​​នៃ​ចលនា​បរិស្ថាន​មាតា​ធម្មជាតិ​ ពីសំណាក់តុលាការនេះ ថា​ជា​ផ្នែក​មួយ​​​​​នៃការផ្ដន្ទាទោស​ដោយ​ការដាក់​គោលដៅ ​និង​មិនអាច​ទទួល​យកបាន​នោះទេ។

សេចក្តីថ្លែងការណ៍រួម​ បន្តថា ការចាប់ខ្លួន​​និង​បទចោទ​ប្រឆាំង​សកម្មជនបរិស្ថានវ័យ​ក្មេង​ទាំងនោះ ​គឺ​គ្មាន​​មូលដ្ឋាន​ច្បាស់លាស់ ​និង​​ជាឧទាហរណ៍​មួយទៀត​នៃអាជ្ញាធរ​កម្ពុជា​និង​ប្រព័ន្ធ​យុត្តិធម៌​ក្នុងការ​ប្រើប្រាស់​បទចោទ​មិនត្រឹមត្រូវ​ ដើម្បី​ចាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​​ដាក់​ពន្ធនាគារ។​

អង្គការទាំងនោះបន្ថែមថា៖ «ការតស៊ូមតិ​សម្រាប់​សិទ្ធិមនុស្សនិង​ការទាមទារ​ឱ្យ​អាជ្ញាធរ​ការពារបរិស្ថាន​ មិនមែន​ជា​បទល្មើស​នោះទេ ​ហើយ​ការចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេសជាតិ​ដាក់​ពន្ធនាគារ​ គឺ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​យើង​ទាំងអស់គ្នា»។​

សេចក្តីថ្លែងការណ៍បន្តទៀត​ថា​​ អាជ្ញាធរ​គួរ​បញ្ឈប់​ការចាប់សកម្មជនវ័យក្មេង​ទាំងនោះ​​ដាក់​​ពន្ធនា​គារ​ និង​គួរ​ចាប់ផ្ដើម​​ស្ដាប់​មតិយោបល់​របស់​ពួកគេ​ដែល​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ចង​ក្រង​​ឯកសារ​​ពី​ហានិភ័យ​​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ ចំពោះ​ការជញ្ជក់​ផលប្រយោជន៍​ពី​ធនធាន​​ធម្មជាតិ​និង​ការបំផ្លិច​បំផ្លាញ​បរិស្ថាន។​

អង្គការ-សមាគមទាំងនោះ​​ស្នើថា៖ «​យើងខ្ញុំ​សូមស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នៃចលនា​មាតាធម្មជាតិ​ទាំងនេះ ​ក៏ដូចជា​សកម្មជន​ការពារបរិស្ថាន​ ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត​ ដែល​កំពុង​ជាប់ឃុំ​ក្នុងពន្ធនាគារ​ ឱ្យបាន​ឆាប់រហ័ស​ ព្រមទាំង​ទម្លាក់​ចោល​បទចោទ​ទាំងអស់​ចំពោះ​អ្នកទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា លោក Patrick Murphy ក៏​បានសរសេរនៅលើបណ្តាញ​សង្គមធ្វីតទ័រ (Tweeter) របស់លោក ​ដោយ​បង្ហាញការ​មិន​សប្បាយ​ចិត្ត​នៅពេល​ទទួល​ព័ត៌​មាន​ថា មា​នការ​ចាប់ខ្លួន​សកម្មជនយុវជន​បរិស្ថាន​បន្ថែមទៀត។

លោកបន្តថា៖ «ការ​ចង​​ក្រងឯកសារ​អំពីការបំពុល​បរិស្ថាន ជាកិច្ចការ​បម្រើ​​​សាធារណៈ ពុំ​មែនជាអំពើភេរវកម្ម​នោះ​ទេ។ យើង​ជំរុញ​​ឱ្យអាជ្ញាធរឆ្លើយតបទៅ​​ពលរដ្ឋ​​របស់​ខ្លួន មិនមែនបំបិទ​មាត់ពួកគេឡើយ»។

ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ក៏បាន​បង្ហាញការព្រួយ​បារម្ភផងដែរ ជុំវិញការ​ប្រើ​ប្រាស់​ផ្លូ​វ​ច្បាប់​ប្រឆាំងនឹង​សកម្មជនបរិស្ថានវ័យក្មេងនៅកម្ពុជា​។

ស្ថានទូតនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «ការ​ចូលរួម​របស់​ពលរដ្ឋ ​ការទទួលបានព័ត៌មាន តម្លាភាព និង​ការសន្ទនា ជាគន្លឹះនៃការអភិវឌ្ឍប្រក​បដោយចីរភាព។ ការ​ចូលរួម​របស់​យុវជន​ គឺជាផ្នែកមួយនៃអនាគត ហើយគួរតែត្រូវបានលើកទឹកចិត្ត»។

ចំណែកអង្គការ​ Human Rights Watch ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ទាមទារ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់​លើយុវជនទាំង​​នោះ និងដោះលែង​យុវជន​៣នាក់​ដែល​ត្រូវ​បាន​តុលាការ​​សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន​នោះវិញផងដែរ។

លោក Phil Robertson នាយករងអង្គការ​ Human Rights Watch ប្រចាំតំបន់អាស៊ី បាន​លើកឡើង​​ក្នុងសេចក្តីថ្លែងការណ៍នោះថា រដ្ឋាភិបាលកម្ពុជាបានបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីបំបិទ​មាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន។

លោកបន្តថា៖ «រដ្ឋាភិបាលបរទេស ក្រុម​ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងម្ចាស់ជំនួយ​អន្តរជាតិ គួរតែអំពាវនាវទៅ​អាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ដែលមិនសមហេតុផល​ ចំពោះសកម្មជនបរិស្ថានទាំងនោះ និងថ្កោលទោសជាសាធារណៈចំពោះការគាបសង្កត់​បន្ថែម​ទៀត​លើសកម្មភាពដែលធ្វើឡើងដោយសន្តិវិធី»។

មេធាវីការពារក្តីឱ្យសកម្មជនការពារបរិស្ថាន លោក សំ សុគង់ មានប្រសាសន៍ថា កាលពីថ្ងៃ​ម្សិិល​មិញ​ ក្រុមមេធាវី​បានស្នើសុំទៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ឱ្យលើកលែងការចោទប្រកាន់កូនក្តីរបស់ខ្លួនដែរ ប៉ុន្តែត្រូវបានមន្ត្រីតុលាការច្រានចោលការស្នើសុំនេះ។

លោកមេធាវីរូបនោះយល់ឃើញ​ថា ការឃុំខ្លួននិងចោទប្រកាន់កូនក្តីរបស់លោកជារឿងអយុត្តិ​ធម៌ ដោយសារ​​ពួកគេធ្វើការងារជួយការពារធនធានធម្មជាតិតែប៉ុណ្ណោះ មិនមានបំណងប្រព្រឹត្តអំពើល្មើសនិងធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រនោះទេ។

លោកមានប្រសាសន៍ថា៖ «ទាក់ទងការចោទប្រកាន់នេះ ទាក់ទងនឹងរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ជាបទល្មើសមួយមានលក្ខណៈទ្រង់ទ្រាយធំ ធ្ងន់ធ្ងរ មិនទាន់ទទួលយកបានទេ។ យើងឃើញសកម្មភាពនិងកម្លាំងរបស់ពួកគាត់ពីរទៅបីនាក់នេះ ខ្ញុំគិតថា មិនអាចមានអំណាច ឬឥទ្ធិពល ឬមានបញ្ជាធ្វើអ្វីបានទេ ប៉ុន្តែគាត់គ្រាន់តែជាការចូលរួមធ្វើការងារសង្គម ដើម្បីផលប្រយោជន៍សង្គមតែប៉ុណ្ណោះ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេនៅថ្ងៃនេះ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹឹង សែនករុណា សង្កេតឃើញថា ការចាប់ឃុំខ្លួននិងចោទប្រកាន់សកម្មជនការពារបរិស្ថានទាំងនោះ​ហាក់ផ្ទុយនឹងអំពើដែលពួកគេប្រព្រឹត្ត។ លោកចាត់ទុកការចោទប្រកាន់របស់តុលាការថាជារឿងបំបាក់ស្មារតីអ្នកការពារធន​ធាន​​ធម្មជាតិ ខណៈកម្ពុជាកំពុងរងការបំផ្លិចបំផ្លាញបរិស្ថាននិងធនធានធម្មជាតិ​ពីសំណាក់​ជន​ខិល​ខូច​មួយ​ចំនួន ជាពិសេសអ្នកមានលុយនិងមានអំណាចជាដើម។

លោកមានប្រសាសន៍ថា៖ «វាជាការបំបាក់ទឹកចិត្តនិងស្មារតីរបស់សកម្មជនដែលហ៊ានចេញមុខការពារបរិស្ថាននិងការពារធនធានធម្មជាតិ។ ចំណុចទាំងអស់នេះ យើងដឹងស្រាប់ហើយ ធនធានយុវជនដែលហ៊ានលះបង់ធ្វើកិច្ចការងារដើម្បីប្រទេសជាតិ ដើម្បិសង្គមជាតិ យើងឃើញថា នៅកម្ពុជាយើងកំពុងតែមានភាពខ្សត់ខ្សោយ ហើយយើងឃើញហើយ ក្នុងខណៈយុវជនជាច្រើនទៀត ដែលភាគច្រើនមានភាពអាត្មានិយមច្រើនជាងការគិតគូរស្រុកទេសនិងសង្គមជាតិ»។

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជន​កម្ពុជា លោក សាន់ ម៉ាឡា យល់ឃើញថា ការចាប់ខ្លួននិងចោទប្រកាន់លើក្រុមយុវជន​បរិស្ថានកាន់តែច្រើនថែមទៀតនារយៈពេលចុងក្រោយនេះ បង្ហាញថា​ ជាសារគំរាមកំហែងដល់អ្នកការពារបរិស្ថាននៅកម្ពុជា ពីព្រោះអ្នកមានអំណាចមួយ​ចំនួនខ្លាចពួកគេនិយាយរិះគន់​ពីចំណុចខ្វះខាតនិងអំពើពុករលួយ​ជាដើម។

ទោះជាបែបនេះក្តី លោក សាន់ ម៉ាឡា ប្រកាន់ជំហរតស៊ូមតិនិងចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា ដោយមិនខ្លាចការគំរាមកំហែងចាប់ឃុំខ្លួនដាក់ពន្ធនាគារនោះទេ ដោយសារពួកគេធ្វើការងារបម្រើប្រយោជន៍ជាតិជាធំ។

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទា​ទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ ​

ចំណែកសកម្មជនមាតាធម្មជាតិ​​២នាក់​ផ្សេងទៀត ​គឺលោក ​Alejandro Gonzalez-Davidson​ និង​កញ្ញា ​ជា គន្ធីន ​ក៏ត្រូវបាន​កាត់ទោស​ដោយ​កំបាំងមុខនៅពេលនោះផងដែរ។

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣នាក់ ក្រោយពេលសមាជិករបស់ពួកគេម្នាក់​ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍៕


អត្ថបទទាក់ទង

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

បទ​វិភាគ​៖​ តើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ ចំណេញ​ឬ​ខាត​សម្រាប់​ជាតិ?

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ