ក្រុមអ្នកភូមិដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាធ្វើពិធីបែបសាសនា ដោយដាក់បណ្តាសាចំពោះអ្នករំលោភយកដីធ្លីរបស់ពួកគេទាំងមិនបានដោះស្រាយសំណងសមរម្យ។
កាលពីថ្ងៃអាទិត្យ ពលរដ្ឋជាង១០០នាក់ មកពីឃុំចំនួន៣ នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង១ឃុំ នៃស្រុកបាទី ខេត្តតាកែវ បានជួបជុំគ្នាធ្វើពិធីសែនព្រេនបែបសាសនា នៅកន្លែងក្បាលដីកំពុងមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីដាក់បណ្តាសាចំពោះក្រុមហ៊ុននិងអ្នកពាក់ព័ន្ធដែលយកដីធ្លីរបស់ពួកគេ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ។
ពលរដ្ឋនៅឃុំបឹងខ្យាង អ្នកស្រី ឃឹម ម៉ាលី ដែលប៉ះពាល់ដីទំហំ២៧អា និងចូលរួមប្រារព្ធពិធីនេះ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា អ្នកភូមិសម្រេចធ្វើពិធីសាសនានោះ ដោយសារពួកគាត់អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក។
ពលរដ្ឋរូបនោះបន្តថា ពលរដ្ឋកម្ពុជាគោរពព្រះពុទ្ធសាសនា និងមានអប្បិយជំនឿ ជឿលើបុណ្យបាប។ អ្នកស្រីបន្តថា តាមរយៈការធ្វើពិធីនេះអាចជួយបន្ទន់ចិត្តថ្នាក់ដឹកនាំប្រទេសជួយដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ពួកគាត់។
អ្នកស្រីបន្ថែមថា៖ «យើងធ្វើពិធីនេះ ដើម្បីដាក់បណ្តាសាបុគ្គលមួយចំនួនដែលគាត់ពុករលួយរំលោភយកដីធ្លីប្រជាពលរដ្ឋ និងមួយទៀត យើងចង់បង្ហាញថា ពួកយើងកំពុងមានការឈឺចាប់ អត់មានអ្នកជួយដោះស្រាយ ហើយការដោះស្រាយតាមផ្លូវច្បាប់មានភាពយឺតយ៉ាវ អ៊ីចឹងយើងមានតែធ្វើពិធីបែបនេះខ្លះទៅ»។
ក្នុងវីដេអូឃ្លីបមួយដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមិថុនានេះ ក្រុមអ្នកភូមិបានស្រែកបួងសួងនិងដាក់បណ្តាសាថា «សូមឱ្យវត្ថុស័ក្តិសិទ្ធិឱ្យពរជ័យដល់កូនចៅនៅទាំង៤ឃុំនេះ ទទួលឈ្នះអស់មារសត្រូវ និងកម្ចាត់ពួកសត្រូវដែលឈ្លានពានចង់រំលោភចង់បានដីប្រជាពលរដ្ឋនៅទាំង៤ឃុំនេះ។ បើមកតាមផ្លូវ សុំឱ្យក្រឡាប់ឡាន ឱ្យគ្រោះថ្នាក់ចរាចរណ៍ បើមកតាមលំហវេហា ឱ្យធ្លាក់យន្តហោះរលាយបាត់បង់ទៅ បើមកតាមផ្លូវទឹក សំពៅ ជាដើម ឱ្យរលាយហិនហោចអស់ទៅ»។
អ្នកស្រី អ៊ុន សឿន អាយុ៦៩ឆ្នាំ នៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដែលប៉ះពាល់ដី៦០អា និយាយថា ករណីនេះ អាជ្ញាធរអូសបន្លាយមិនដោះស្រាយជូនពលរដ្ឋឡើយ ដែលធ្វើឱ្យអ្នកស្រីព្រួយបារម្ភរាល់ថ្ងៃពីការបាត់បង់ដីធ្លីរបស់ខ្លួនដោយមិនបានទទួលសំណងសមរម្យ។
អ្នកស្រី អ៊ុន សឿន ឱ្យដឹងថា គ្រួសារអ្នកស្រីមានដីតែ៦០អាប៉ុណ្ណោះ សម្រាប់បង្កបង្កើនផលនិងបែងចែកទៅឱ្យកូនៗសម្រាប់ធ្វើស្រែចម្ការ។
អ្នកស្រីបន្ថែមថា៖ «យើងធ្វើពិធីនេះ ដើម្បីឱ្យម្ចាស់ទឹកម្ចាស់ដី លោកតាលោកយាយជួយដល់កូនចៅដែលកំពុងរងគ្រោះដីធ្លីទទួលបានការដោះស្រាយសមរម្យ ដោយជួយបន្ទន់ចិត្តដល់ថ្នាក់ដឹកនាំជួយដោះស្រាយដល់ពលរដ្ឋដែលអាចទទួលយកបានទាំងអស់គ្នា»។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា មានប្រសាសន៍ថា អាជ្ញាធរកំពុងស្រាវជ្រាវនិងដោះស្រាយលើបញ្ហានេះ។
លោកបន្ថែមថា៖ «ពាក់ព័ន្ធជាមួយបញ្ហានេះ យើងកំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនិងទំហំដី ដើម្បីឈានទៅរកការដោះស្រាយ។ អ៊ីចឹងវាមានភាពយឺតយ៉ាវខ្លះ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា ប្រជាពលរដ្ឋឈានដល់ការធ្វើពិធីដាក់បណ្តាសាបែបនេះ ដោយសារពួកគេគ្មានជម្រើស និងអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការដែលប្រជាពលរដ្ឋធ្វើបែបនេះ ក៏ជាការរំឭកដល់អាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ក្រុមហ៊ុនដែលកាន់ព្រះពុទ្ធសាសនា ដែលបានរំលោភយកដីធ្លីប្រជាពលរដ្ឋ គប្បីធ្វើការផ្លាស់ប្តូរចិត្តឡើងវិញផងដែរ។
លោកបន្ថែមថា៖«អាជ្ញាធរនិងក្រុមហ៊ុន ពួកគាត់គួរតែធ្វើការពិចារណាឡើងវិញ ពីព្រោះទៅអនាគត វាមិនដឹងប្រែប្រួលទៅជាយ៉ាងណាខ្លះ។ អ៊ីចឹងសូមឱ្យគាត់សាងអំពើល្អទាក់ទងជំនឿខ្លះទៅ។ ហើយត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីអំពីធុរកិច្ចនិងសិទ្ធិមនុស្ស ដែលក្រុមហ៊ុនត្រូវតែគោរពនិងដោះស្រាយនៅពេលដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ»៕