ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ត្រូវ​បាន​​បញ្ចប់​តំណែង​ជា​​អនុភូមិ​ ក្រោយ​សកម្ម​រឿង​​ប្រយោជន៍​​សហ​គមន៍

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ជនជាតិដើមភាគតិចម្នាក់​​នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវថ្នាក់លើ​​បញ្ចប់មុខ​តំណែង​ជា​​អនុ​ប្រធានភូមិ ក្រោយរូបគាត់សកម្មក្នុងការចូលរួមបង្កើតនិងការពារផលប្រយោជន៍សហគមន៍ជនជាតិដើមភាគតិចពូនង។

លោក ញាស់ ពើង ជាអនុប្រធានភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុក​កោះញែក ​បានប្រាប់ វីអូឌី​ នៅថ្ងៃពុធនេះថា រូប​គាត់​ត្រូវបានរដ្ឋបាលឃុំសម្រេច​បញ្ចប់​មុខតំណែង​កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ លោកបញ្ជាក់​ថា ករណី​អាជ្ញាធរឃុំបញ្ចប់​មុខ​តំណែងនេះ ធ្វើឡើង​ក្រោយពីរូបលោកសកម្មជាមួយ​សហគមន៍ក្នុងការជំរុញឱ្យមានការចុះបញ្ជីដីធ្លី​ជាសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចពូនង។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ការដកខ្ញុំចេញពីតំណែងនេះជារឿងអយុត្តិធម៌មួយសម្រាប់ខ្ញុំ។ ខ្ញុំគ្មានធ្វើខុសអីសោះ បើខ្ញុំលួចគេ ឆក់គេ ប្លន់គេ ឬរំលោភបំពានយកដីធ្លី ឬលក់ដីរដ្ឋ ឬរំលោភយកផលប្រយោជន៍ប្រជាពលរដ្ឋសម្រាប់បម្រើផលប្រយោជន៍ខ្លួនឯង មិនថាទេ»

បើតាមលោក ញាស់ ពើង នៅឆ្នាំ២០១៣ បានចូលបម្រើការងារជាអនុប្រធានភូមិ និងនៅឆ្នាំ២០១៥ ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការសហគមន៍ជនជាតិដើមភាគតិច រហូតមកដល់បច្ចុប្បន្ននេះ។

លោក ញាស់ ពើង ឱ្យដឹងទៀ​ត​ថា កន្លងមក រូបលោកនិងប្រជាសហគមន៍តែងតែជំរុញឱ្យមានការកំណត់និង​ចុះបញ្ជីដីធ្លីជាសមូហភាពសម្រាប់ជនជាតិដើមភាគតិចពូនង។ ហើយនៅដើមឆ្នាំ២០២១នេះ មន្ត្រីក្រសួង​រៀបចំដែនដី និងអាជ្ញាធរ​ពាក់ព័ន្ធ បានចុះវាស់វែងដីសម្រាប់ចុះបញ្ជីជាសមូហភាពជូនពួកគាត់។

លោក​បន្ត​ថា ដីធ្លីដែលពួកគាត់ទាមទារចុះបញ្ជីជាសមូហភាពសម្រាប់ជនជាតិដើមភាគតិចនោះ មាន​៥ប្រភេទ រួម​មាន ​ដីលំនៅឋាន​ជាក់ស្តែង ដីអាស្រ័យផលជាក់ស្តែង ដីសម្រាប់កប់សព ដីអារក្ស និងដីចម្ការវិលជុំ ដែលមានទំហំជាង​២ ០០០​ហិកតា ស្ថិត​ក្រោមការគ្រប់គ្រងរបស់ជនជាតិដើមភាគតិច​ពូនង​ ៤៨គ្រួសារ។ លោក​ថា ចាប់​តាំងពីមានការកំណត់វាស់វែងនិងជំរុញឱ្យមានការចុះបញ្ជីដីធ្លីជាសមូហភាពនេះ ថ្នាក់ដឹកនាំឃុំមួយចំនួនមិនពេញចិត្តនោះទេ ដោយសារបានប៉ះពាល់ដីធ្លីនិងផលប្រយោជន៍របស់ថ្នាក់ដឹនាំឃុំទាំងនោះ។

ពលរដ្ឋជនជាតិដើមភាគតិចរស់នៅ​ភូមិអន្ត្រេះ អ្នកស្រី យ៉ា យ៉ាន់នី និយាយថា ក្រុបប្រឹក្សាឃុំបញ្ចប់មុខតំណែង​អនុប្រធានភូមិ លោក ញាស់ ពើង នេះ គឺពុំបានបញ្ជាក់​ហេតុផលច្បាស់លាស់នោះទេ។ អ្នកស្រីថា រូបគាត់​និងពលរដ្ឋភាគច្រើននៅក្នុងភូមិមិនពេញចំពោះការបញ្ចប់មុខតំណែង​នេះទេ។

ជនជាតិដើមភាគតិចពូនងរូបនេះ ឱ្យដឹងថា លោក ញាស់ ពើង តែងតែយកចិត្តទុកដាក់និងគិតគូរពីផលប្រយោជន៍របស់ជនជាតិដើមភាគតិចពូនង ជាពិសេសក្មេងជំនាន់ក្រោយ តាមរយៈការជំរុញឱ្យមាន​ការ​ចុះបញ្ជីដីធ្លីជាសមូហភាព។ អ្នកស្រីថា កន្លងមក ថ្នាក់ដឹកនាំមួយចំនួនបាននាំគ្នាលក់ដីរដ្ឋប្រហែល​៩០០ហិកតាទៅឱ្យ​ឈ្មួញ ប៉ុន្តែលោក ញាស់ ពើង មិនបានចូលរួមឡើយ ដែលធ្វើឱ្យមេឃុំនិងថ្នាក់ដឹកនាំផ្សេងទៀតមិនពេញចិត្ត។

អ្នកស្រីបន្ថែមថា៖ «ជនជាតិភាគតិចពួកខ្ញុំ បានធ្វើដល់អនុភូមិសម្រាប់គ្រប់គ្រងក្នុងភូមិ ហើយភូមិនេះពោរ​ពេញទៅដោយជនជាតិដើមភាគតិច ហើយឥលូវគាត់ដកអនុប្រធានភូមិដែលជាជនជាតិដើមភាគតិ​ចទៀត ហើយគ្មានការឯកភាពពីសាម៉ីខ្លួនថែមទៀត ដកយកៗ ដល់ពេលប្រជាពលរដ្ឋតវ៉ាមិនឱ្យដក គាត់ថា ពលរដ្ឋគ្មានសិទ្ធិគាំទ្រ គ្មានសិទ្ធិផ្តិតមេដៃ ទាល់តែក្រុមប្រឹក្សាឃុំបានមានសិទ្ធិ។ មិនមែនពួកយើងមិនពេញចិត្តនឹងគាត់រើសអ្នកថ្មីនោះទេ សំខាន់ការដកនេះសុំឱ្យមានហេតុផល។ យើងទាមទារឱ្យគាត់មកប្រជុំប្រាប់ហេតុផលជូនពលរដ្ឋក្នុងភូមិ តែគាត់អត់ព្រមមកទេ»

មេឃុំអរបួនលើ លោក ហាន សុខន មានប្រសាសន៍ថា ការបញ្ចប់មុខ​តំណែង​លោក ញាស់ ពើង ពី​អនុប្រធា​នភូមិ​នេះ មិនមែនដោយសារការគុំកួនអ្វីនោះទេ។ លោកថា ការបញ្ចប់មុខតំណែងអនុប្រធានភូមិរូបនោះ គឺដើម្បីប្តូរដាក់បេក្ខភាពជាស្ត្រីវិញ ដោយសាររដ្ឋបាលឃុំអរបួនលើ ខ្វះបេក្ខភាព​ជាស្ត្រីសម្រាប់​ធ្វើកិច្ចការងារផ្នែកស្ត្រីនិង​កុមារទៅតាម​ការស្នើសុំរបស់ក្រសួងកិច្ចការ​​នារី។

លោកបន្ថែមថា៖ «អ៊ីចឹងហើយយើងសុំប្តូរគាត់ ទី១! ទី២ គាត់ជាប្រធានសហគមន៍នីតិបុគ្គលផង ដល់​អ៊ីចឹង​គាត់​ធ្វើការបម្រើសហគមន៍ ពេលយើងត្រូវការគាត់ធ្វើការងារ​រដ្ឋបាល គាត់មិនសូវបានចូលរួមទេ។ អ៊ីចឹងយើង​សុំប្តូរសមាសភាពទៅ ហើយ​សមាស​ភាព​ស្ត្រីនោះ​ ក៏យើងយកចេញពីភូមិអន្ត្រេះដែរ មិនមែនយក​ពីណាមកទេ។ យើងធ្វើនេះយោងតាមការស្នើសុំរបស់ក្រសួងកិច្ចការនារី ចង់បានស្ត្រីម្នាក់នៅក្នុងភូមិ ដើម្បីជួយការងារស្ត្រីនិងកុមារទេ»

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តំណាងក្រុមគណបក្សប្រជាជនកម្ពុជា នៅឃុំអរបួនលើ បានជូនលិខិតមួយទៅមេឃុំ លោក ហាន សុខន ដោយបដិសេធ​ចំពោះការដកតំណែងលោក ញាស់ ពើង ពីអនុប្រធានភូមិ ដោយថា​ តំណាងក្រុមបក្សនិងប្រជាពលរដ្ឋពេញចិត្តនឹងសកម្មភាពការងាររបស់ លោក ញាស់ ពើង ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នាពេលកន្លងមក។

លិខិតដដែលបន្តទៀតថា តំណាងក្រុមបក្សនិងប្រជាពលរដ្ឋមិនអាចទទួលយកបានទេដែលក្រុមប្រឹក្សាឃុំបញ្ឈប់លោក ញាស់ ពើង ពីតំណែង ក្រោមហេតុផលចង់បានស្ត្រីមកជំនួស ដើម្បីបំពេញការងារឱ្យមានសមភាព​យេនឌ័រនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ