តុលាការ​​កំពុង​ពិនិត្យ​​ផ្លូវ​ច្បាប់​ប្រឆាំង​​លោក​ សម រង្ស៊ី ដែល​​ប្រ​មាថ​អង្គ​​​ព្រះ​​មហា​​ក្សត្រ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុង​​ពិនិត្យ​វិធានការ​ផ្លូវច្បាប់​ទៅលើ​មេដឹកនាំអតីត​គណបក្សប្រឆាំង លោក សម រង្ស៊ី ដែល​បាន​រិះគន់និង​ប្រមាថ​អង្គ​ព្រះ​ម​ហាក្សត្រ។

ការលើកឡើងនេះ ធ្វើឡើង​បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទី​អតីតគណបក្ស​សង្គ្រោះ​ជាតិ កាល​ពីថ្ងៃ​ទី​២២ ខែ​មិថុនា បាន​​ប្រមាថ​ធ្ងន់ៗទៅ​លើ​​អង្គ​​ព្រះ​​​មហា​​ក្ស​ត្រ​​​។

​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី បានលើកឡើងថា ព្រះ​មហា​ក្សត្រ​សព្វ​ថ្ងៃ ព្រះ​​អង្គ​​មិន​​​​ដែល​ការពារប្រយោជន៍​សម្រាប់​ប្រជា​ពលរ​ដ្ឋរបស់​ទ្រង់​ទេ ផ្ទុយទៅ​វិញ ​បាន​បើក​ផ្លូវ​ឱ្យ​លោក​នាយក​រដ្ឋម​ន្រ្តី ហ៊ុន សែន ​​ចាប់និង​ចោទ​​​ប្រ​កាន់យុវជន​ការ​ពារ​បរិស្ថាន​ជាដើម។ លោក សម រង្ស៊ី បន្ត​ថា កម្ពុជា​ត្រូវចំណាយ​ថវិកា​រដ្ឋ​ជា​ច្រើន សម្រាប់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ប៉ុន្តែ​ប្រជា​ពលរដ្ឋមិនអាចទីពឹង​លើព្រះអង្គបានពេលជួបវិបត្តិ។

ឆ្លើយតបរឿងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា នេះ​ជា​ទម្លាប់​របស់លោក សម រង្ស៊ី ទៅហើយ ដែល​តែង​មាក់​ងាយ​អង្គ​ព្រះ​មហា​ក្សត្រជា​ហូរ​ហែ​កន្លង​មក ហើយ​ថា ​នេះជា​របៀប​ដែលលោក សម រង្ស៊ី តែង​ប្រើប្រាស់​​សម្រាប់​ធ្វើជាទុន​ក្នុង​ឆាក​​​ជីវិត​​នយោ​​បាយរបស់លោក។

អ្នកនាំពាក្យរូបនេះបន្តថា សកម្មភាពរបស់អតី​ត​​​ប្រធាន​​ស្តីទីបក្សប្រឆាំងនេះ មិន​មែន​ត្រឹម​តែ​ជា​ខ្មែរ​​ទេដែល​​មិន​​ហ៊ាន​​ដើរ​​​តាម សូម្បីបរទេស​​ក៏​ខ្លាច​​​ដែរ ព្រោះតែសកម្មភាព​ឆ្គាំឆ្គង​នេះ។

បើតាម​លោក ជិន ម៉ាលីន តុលាការ​នឹងពិនិត្យលទ្ធភាព​ក្នុងការចោទប្រកាន់​បន្ថែម​​ទៀត ប្រឆាំង​នឹង​អតីតប្រធានស្តីទីអតីតបក្សប្រឆាំង​រូបនេះ។

លោកបន្តថា៖ «ជាគោលការណ៍ច្បាប់​​ ការប្រមាថអង្គព្រះមហាក្សត្រនេះ គឺជា​បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​បញ្ញត្តិ​នៅក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។ អ៊ីចឹង​ទេ! ​ស្ថានប័ន​អយ្យការគឺ​ព្រះ​រាជ​អាជ្ញា គឺគាត់​ផ្តើម​នូវ​បណ្តឹង​អាជ្ញាបាន ធ្វើការចោទប្រកាន់​ទណ្ឌិ​ត សម រង្ស៊ី ដូចដែលធ្លាប់ធ្វើកន្លងមកបាន»។

គិតមកដល់ពេលនេះ លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសសរុបជិត៥០ឆ្នាំហើយ ក្នុង​រយៈ​ពេល​ប្រមាណ២០​ឆ្នាំមកនេះ​។ ​អតីត​មេ​បក្ស​​ប្រ​​ឆាំង​ដ៏ធំជាងគេនៅកម្ពុជារូបនេះ ធ្លាប់​លើ​ក​ឡើងថា កំហុសរបស់លោកគឺព្រោះតែជួយការពារជនរងគ្រោះរាប់លាននាក់ដែលមិនមាន​​សំ​ឡេងប្រឆាំងនឹង​ភាព​អយុត្តិធម៌។

នាយកខុទ្ទ​កាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ មាន​ប្រសាសន៍ថា ខាងព្រះបរមរាជវាំងនៅ​មិន​ទាន់​ដឹ​ងថា​នឹងត្រូវអនុវត្តបែបណានៅឡើយទេ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី នៅពេលនេះ។

យ៉ាងណា ​លោក​ថា៖ «ដូចដឹងស្រាប់ហើយ រឿង​ព័ត៌មានទាល់ទទួលបានគ្រប់ជ្រុងជ្រោយ ​បាន​យើង​​អាច​​បញ្ជាក់​​បាន! ​យើង​​មិនចេះតែនិយាយបានទេ តើប្រមាថយ៉ាងម៉េច ធ្ងន់​ធ្ងរ​យ៉ាង​ម៉េច​ ជា​ដើម»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់ឃើញ​ថា សកម្មភាពដដែលរបស់​លោក សម រង្ស៊ី អាចនឹងធ្វើឱ្យ​លោកពិបាកវិល​ចូលក្នុងឆាក​នយោបាយ​វិញណាស់។ លោកបន្តថា ការធ្វើនយោបាយនៅ​កម្ពុជា ​អ្នកនយោបាយខ្លះព្យាយាម​​​​​ធ្វើ​​យ៉ាង​ណា​ឱ្យ​​គូវិ​​វាទ​ឈឺចាប់និង​អាម៉ាស់ជាជាង​ជួយផ្តល់​ដំណោះ​​ស្រាយ។

លោកបន្តថា៖ «យុទ្ធសាស្រ្តឬក៏យុទ្ធវិធីដែលបែបដុតឱ្យខ្លោច​រោលឱ្យឆៅ វាមិ​ន​នាំ​ឱ្យខ្មែរ​យើង​ចំណេញ​​​អីទេ។ ប្រវត្តិសាស្រ្តបានបង្ហាញ​ហើយថា កាលណាខ្មែរប្រើយុទ្ធ​សាស្រ្តដុត​ឱ្យខ្លោចរោល​ឱ្យ​ឆៅ​ហើ​យ​​ នឹងធ្វើឱ្យ​ស្រុក​ទេសហ្នឹងត្រូវឆេះខ្លោចហើយ សាកសព​គរដូចភ្នំ តួយ៉ាងដូចសម័យ ប៉ុល ពល»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា កន្លងមក ​កម្ពុជាបាន​ព្យាយាម​​ចាប់ខ្លួនលោក សម រង្ស៊ី យកមកផ្តន្ទាទោស​តាមច្បាប់ ប៉ុន្តែ​​​​​​ការ​ធ្វើ​បត្យាប័ន​អតីត​មេបក្ស​ប្រឆាំង​នេះមាន​ភាពលំបាក។ លំបាក​ត្រង់ថា រដ្ឋជាបរទេសគឺមិនងាយផ្តល់កិច្ចសហការក្នុងការ​ផ្តល់​​​បត្យាប័នទៅតាមការស្នើសុំរបស់កម្ពុជា។

បើទោះជាបែបណា លោក សម រង្ស៊ី ធ្លាប់ប្រកាស​ពីការ​ធ្វើ​មាតុភូមិ​និវត្ត​​ន៍ចូល​មក​កម្ពុជា​ចំនួន២​ដង​រួច​មក​ហើយ តែ​មិន​បាន​សម្រេច ខណៈ​​​​រដ្ឋាភិបាលកម្ពុជាបាន​​បិទ​​ជើង​ហោះហើរនិង​បិទ​ព្រំដែន​​ជាដើម​។

រដ្ឋធម្មនុញ្ញមាត្រា​៧ ក្នុងកថាខណ្ឌទី៣ ចែងថា អង្គ​ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ដោយឡែក មាត្រា៤៣៧ (ស្ទួន) នៃ​​ក្រម​​​ព្រហ្មទណ្ឌវិញ បានកំណត់ថា ការ​ប្រមាថ​ព្រះ​ម​ហាក្សត្រ តាមរូបភាព​ទាំង​កាយវិការ សម្ដី និងគំនូរជាដើម ត្រូវផ្តន្ទា​ទោស​ដាក់​​​ពន្ធនា​​គារ​​ពី១​ឆ្នាំ​ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ