ផ្សារ​ឯកជន​មួយ​ចំនួន​នៅ​ភ្នំពេញ​បើក​​ដំណើរ​កា​រ​​វិញ​ ប៉ុន្តែ​ភ្ជាប់​​លក្ខ​ខណ្ឌដើម្បី​ទប់​ស្កាត់​​កូវីដ-១៩

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវម្ដុំផ្សារឈូកមាស ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាល​រាជធានីភ្នំពេញ ​​អនុញ្ញាតឱ្យ​បើកដំណើរការឡើង​វិញ​នូវផ្សារ​ឯកជនមួយចំនួនចាប់ពីថ្ងៃស្អែក​​ទៅ ប៉ុន្តែ​ភ្ជាប់ជាមួយ​នូ​​វ​លក្ខខណ្ឌមួយចំនួន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺ​កូវីដ-១៩ចូលទៅក្នុងសហគមន៍។

ក្នុងសេចក្តីសម្រេចមួយ​ចុះថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ បាន​លើកឡើង​ថា អំឡុងពេលបើកឱ្យដំណើរការឡើងវិញនូវផ្សារឯកជន ​​លើកលែងតែ​ផ្សារណាដែលមាន​លក្ខណៈមិនរៀបរយ​នេះ ម្ចាស់​ផ្សារឬគណៈគ្រប់គ្រងផ្សារឯកជនទាំងនោះ​ ត្រូវអនុវត្ត​នូវវិធានការរដ្ឋបាលនិងវិធានការសុខាភិបាល​ឱ្យបានខ្ជាប់ខ្ជួន។

រដ្ឋបាល​​រាជធានីភ្នំពេញ បានតម្រូវឱ្យម្ចាស់ផ្សារត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារឱ្យបានសមស្រប ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល សង្គម និងចៀសវាងការប្រជ្រៀតគ្នាឬការប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

សេចក្តីសម្រេចដដែល​បន្ថែមថា អាជីវករ សន្តិសុខ បុគ្គលិក កម្មករ អតិថិជន និងជនទាំង​ឡាយ​ដែល​មាន​វត្តមានក្នុងបរិវេណផ្សារ ត្រូវ​ពាក់​ម៉ាស់និងរក្សាគម្លាត​ជា​ចាំបាច់ ហើយ​ក្នុងករណី​ពួកគេមិនអនុវត្តតាម ម្ចាស់ផ្សារឬគណៈគ្រប់គ្រងផ្សារឯកជននីមួយៗត្រូវសហការជាមួយមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលនោះពី២០ម៉ឺនរៀល ដល់១លានរៀល ខណៈ​ការប្រមូលផ្តុំមនុស្សច្រើនខុសពីការណែនាំនេះ ត្រូវពិន័យប្រាក់២លានរៀលទៅតាមច្បាប់កំណត់។

ប្រភពដដែលបន្តថា ម្ចាស់ផ្សារឬគណៈគ្រប់គ្រងផ្សារឯកជននីមួយៗត្រូវចាត់ឱ្យមានអ្នកចាំវាស់កម្តៅ បាញ់ទឹកអាល់កុល ជែល និងអនុវត្តការស្កេន QR Code «ទប់ស្កាត់កូវីដ Stop Covid» នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់ និងវិធានការផ្សេងៗទៀត។

រដ្ឋបាល​​រាជធានីភ្នំពេញ បានប្រគល់ភារកិច្ចនេះ​ទៅរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញចុះត្រួតពិនិត្យតាមផ្សារនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាពីការអនុវត្តវិធានការនេះឱ្យ​បានត្រឹមត្រូវតាមសេចក្តីសម្រេច ហើយព្រមានចាត់វិធានការរដ្ឋបាលនិងច្បាប់ចំពោះម្ចាស់ឬគណៈគ្រប់គ្រងផ្សារណាដែលមិនព្រមសហការនិងមិនអនុវត្តតាម​។

អ្នកគ្រប់គ្រង​ផ្សារអាហារធម្មជាតិនៅរាជធានីភ្នំពេញ លោក រិច ចំរើន បានសាទរចំពោះការ​សម្រេចដែលមានភ្ជាប់ជាមួយលក្ខខណ្ឌនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ 

អ្នកគ្រប់គ្រងរូបនេះ ឱ្យដឹងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩កំពុងរាតត្បាតនេះ ផ្សារអាហារធម្មជាតិដែលលោកគ្រប់គ្រងសព្វថ្ងៃ​ បានអនុវត្តនូវវិធានការរដ្ឋបាលនិងវិធានការការពាររបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺមួយនេះ។

លោកបន្ថែមថា៖ «ក្នុងស្ថានភាពដែលលំបាកនេះ មិន​ចាំបាច់ដល់ក្រសួងឬសាសាក្រុងគាត់ណែ​នាំយើងទេ គឺយើងបានអនុវត្តនូវវិធានការការពាររបស់សុខាភិបាល​យ៉ាងខ្ជាប់ខ្ជួនរួចទៅហើយ។ ដូចករណីក្រសួងគេចេញនូវ QR Code ដើម្បីឱ្យស្កេន សឹងថាមិនចាំដល់គេប្រាប់យើងផង គឺយើងត្រូវធ្វើខ្លួនឯង យើងត្រូវអនុវត្តរួមគ្នាជាមួយក្រសួង។ បើសិនយើងអត់ធ្វើអីទៅតាមការណែនាំរបស់រដ្ឋាភិបាល វានឹងបង្កបញ្ហា។ យើងដឹងថា វាមានការប្រឈមមុខមួយចំនួន ប៉ុន្តែ​ត្រូវតែទ្រាំ ត្រូវតែសម្របខ្លួនទៅក្នុងបរិបទថ្មី ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា»

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ក៏បានសាទរចំពោះវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបើកឱ្យដំណើរការឡើងវិញចំពោះផ្សារឯកជននេះ។ លោកថា ការអនុញ្ញាតឱ្យផ្សារឯកជន​ដំណើរឡើងវិញនេះ ជាឱកាសមួយសម្រាប់កសិករខ្មែរមាន​កន្លែងសម្រាប់លក់ផលិតផលកសិកម្មរបស់ពួកគេ។

លោកបន្ថែមថា៖ «រឿងដែលត្រូវគិតមួយទៀតនោះ សាលារាជធានីគួរតែលើកទឹកចិត្តឱ្យផ្សារឯកជនដែលបានបើកឡើងវិញនោះ ប្រមូលទិញផលិតផលកសិករដែលជាវិស័យកសិកម្មឱ្យបានច្រើនក្នុងការលក់ដូរ។ ជាឱកាសមួយដើម្បីផ្តល់នូវចំណូលជូនដល់ពួកគាត់ដែលកំពុងមានបញ្ហាទីផ្សារ អាចលក់ដូរនៅផ្សារឯកជនដែលបានបើកនេះ។ ហើយមួយទៀត សុំឱ្យមានការរឹតបន្តឹងការនាំចូល ការនាំបន្លែពីប្រទេសជិតខាងចូលមកកម្ពុជា ព្រោះទុកឱកាសទីផ្សារសម្រាប់កសិករខ្មែរគាត់អាចលក់បន្លែរបស់ពួកគាត់បាន»

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​គ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់​នៅរាជធានីភ្នំពេញ ក្រោយបានបិទមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ