វិភាគ៖​ ហេតុអ្វី​ចក្រភព​អង់គ្លេស​បន្ត​លើក​ករណី​លោក​ កឹម​ សុខា​ ក្នុង​ដំណើរ​មក​កាន់​កម្ពុជា?​

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ ជួបជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន/ ១១ មករា ២០២០)

ក្នុងជំនួបទល់មុខជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃម្សិល​មិញ រដ្ឋមន្ត្រីការ​បរទេស​ចក្រ​ភព​អង់​​គ្លេ​ស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានលើកឡើងពី«ការព្រួយបារម្ភជុំវិញការស៊ើបអង្កេតបទឧ​​ក្រិ​ដ្ឋ ការឃុំខ្លួន និងការកាត់ទោស ជាពិសេសករណី​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​នៅកម្ពុជា គឺលោក កឹម សុខា»

ការ​លើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសនេះ ប្រហាក់ប្រហែលនឹងការលើកឡើងកន្លងទៅរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី  We​ndy Sherman ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាល​ពីខែមុន។

អំឡុងជួបពិភាក្សាទល់មុខជាមួយនាយករដ្ឋមន្ត្រីកម្ពុជា​ពេលនោះ លោកស្រី​បានស្នើ​​​ឱ្យមានការ​​បើ​​ក​​​លំហប្រជា​ធិបតេយ្យឡើង​វិញមុនការបោះឆ្នោតមកដល់ និងត្រូវទម្លាក់ចោលជាបន្ទាន់នូវ​ការ​ចោទ​ប្រកាន់​ដែល​មានចរិត​នយោបាយ​​ប្រឆាំង​​នឹងសមាជិកនៃគណបក្សប្រឆាំងនិងសកម្មជននានា។

សំណួរត្រង់ថា តើអតីតបក្សប្រឆាំង​មានគុណតម្លៃអ្វីបាន​ជា​ប្រទេស​មហាអំណាចលោកសេរីបន្តលើកឡើងនិង​ជំរុញឱ្យមានដំណោះស្រាយ​ផ្នែកនយោបាយ​នៅកម្ពុជា​​បែប​នេះ?

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា សហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក រួមទាំង​ចក្រ​ភពអង់​គ្លេស ជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា​ក្នុងការពង្រីកអនុត្តរភាព​សេ​​​រីក្នុង​ពិភពលោក រួមទាំង​អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ១៩៩១មក។ លោកប​​ន្ត​ថា សម្ពន្ធមិត្តកម្ពុជា​ទាំងនេះបាន​ចំណាយលុយរាប់ពាន់លានដុល្លារ ដោយ​ធ្វើយ៉ាង​ណា​​​ឱ្យ​កម្ពុជា​វិលត្រឡប់​មក​រក​គន្លងប្រជាធិបតេយ្យវិញ​ ក្រោយពីប្រទេស​មួយនេះបានរងគ្រោះពីមនោគមវិទ្យាក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត សេង សារី យល់ឃើញថា ការដែល​តំណាង​ចក្រភព​អង់គ្លេសនិងអាមរិកបន្តលើកយកករណីឃុំខ្លួនលោក កឹម សុខា និងការរំលាយអតីត​​គណបក្សសង្គ្រោះជាតិ មកជជែកជា​មួយបក្សកាន់អំណាចដដែលៗ​នៅពេល​នេះ​ អាចជា​​សារ​មួយដែលពួកគេយល់ថា ករណីនេះ​ជាការបំផ្លាញប្រជា​ធិបតេយ្យ​​ដែលកម្ពុជា​បានខំប្រឹងកសាងជិត៣០ឆ្នាំ​មក​នេះ។

លោកថា៖ «នេះជាសញ្ញាណលើកទី២ បើយើងមើលពីទម្ងន់​ការទូត ការលើកឡើងនៅចំពោះមុខដោយមិនក្រែងចិត្តរបៀបនេះមានន័យថា វាបង្ហាញថារឿងមួយធ្ងន់ធ្ងរ ជារឿងមួយដែលគេលែងទុកមុខឱ្យ»។

តែយ៉ាងណា ​លោក​យល់​ថា ក្នុងកាលៈទេសៈនេះ សម្ពាធ​​ផ្ទួនៗ​របស់ប្រទេស​ទាំង​នោះ​មិន​សូវ​​មាន​ឥទ្ធិពល​ជំរុញ​ដល់​ការ​សម្រេចចិត្ត​​​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ ខណៈ​កម្ពុជា​កំពុងមានខ្នងបង្អែករឹងមាំពីមហាអំណាច​ចិន។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មើលឃើញថា ការដែលបណ្តា​ប្រទេស​លោក​សេរីបន្តទាមទារឱ្យបើកលំហសេរីភាពគណបក្សប្រឆាំងឡើងវិញ ទំនង​ជាពួក​គេមើលឃើញ​ថា សំឡេងឆ្នោត​​នៅមូលដ្ឋាន​កាលពីឆ្នាំ២០១៧ របស់អតីត​​បក្សប្រឆាំងមួយនេះ​មានតុល្យភាព​អំណាចជាមួយ​បក្ស​កាន់​អំណាច ដែលអាចធានាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​​បាន​ និងមិនចង់ឃើញកម្ពុជាធ្លាក់ចូលទៅក្នុងរបបដឹកនាំដូចពីអតីតកាល។

លោកថា៖ «ប៉ុន្តែនៅពេលដែលយើងរំលាយគណបក្សសង្គ្រោះជាតិហ្នឹង ហើយយើងយកអាសនៈគេទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ យកទៅចែកឱ្យបក្សខ្លួនឯងហ្នឹង​ ដែលគេមើលឃើញថា វាជារូបភាពអាក្រក់មួយដែលធ្វើឱ្យលទ្ធផលដៃគូអភិវឌ្ឍន៍របស់កម្ពុជាប្រឹងចំណាយលុយរាប់លានដុល្លារ រាប់កោដដុល្លារ តាំងពីឆ្នាំ១៩៩១-៩២-៩៣ រហូត២០១៧ ធ្វើឱ្យអាលទ្ធផលហ្នឹងវារលាយសូន្យទៅវិញ»។

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងជំនួបនោះ កម្ពុជាបានប្រាប់​ភាគី​ចក្រភពអង់គ្លេស​ពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ក្រសួងថា «ភាគីទាំងពីរបានឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធឡើង ទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ» រួមទាំងបង្កើនកិច្ចសហការលើវិស័យមួយចំនួនទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញ​ថា ការរំឭកផ្ទួនៗឱ្យបក្សកាន់អំណាចបើក​លំហសេរីភាពអតីត​​បក្សប្រឆាំងឡើងវិញនេះ អាចមកពី​ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗទាំងនោះគិតថា ការ​ចូលរួមរបស់គណបក្សប្រឆាំងក្នុងការប្រកួតប្រជែងការបោះឆ្នោត​​ដោយសេរីនិងយុត្តិធម៌ នៅតែជារឿងចាំបាច់ក្នុងការធានានូវប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

លោកថា៖ «អ៊ីចឹងហើយបានជាយើងឃើញថា សម្រាប់មហាអំណាចធំៗ ពិសេសបស្ចិមប្រទេសដែលប្រកាន់​លទ្ធិប្រជាធិបតេយ្យហ្នឹង គេនៅ​តែលើកយកបញ្ហាការបោះឆ្នោត សិទ្ធិសេរីភាពនយោបាយជារឿងធំ ហើយជំរុញឱ្យមានការផ្សះផ្សាជាតិ រវាងបក្សកាន់អំណាចនិងបក្សប្រឆាំងដែលត្រូវបានរារាំងមិនឱ្យធ្វើនយោបាយជាដើម ព្រោះសិទ្ធិនយោបាយជាសិទ្ធិដែលធានាដោយច្បាប់»។

យ៉ាងណា លោកបង្ហាញការព្រួយបារម្ភថា បើរបត់នយោបាយនៅកម្ពុជាមិនត្រូវបានកែលម្អ​ទាន់​ពេលទេនោះ កម្ពុជា​អាចនឹងខាតបង់​ទាំងសេដ្ឋកិច្ច ទាំងទំនាក់ទំនងការទូត ដោយថា កម្ពុជាពេលនេះជាតំបន់ប្រទាញ​ប្រទង់រវាងមហាអំណាចលោកសេរី និងមហាអំណាចកុម្មុយនីស្ត។

អតីត​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ គិត​ចាប់ពីពេលសមត្ថកិច្ចឆ្មក់​ចូលចាប់ខ្លួនលោកទាំងយ​ប់​នៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អំឡុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ 

អតីត​​គណបក្សសង្គ្រោះជាតិ ដែលទទួលបានសន្លឹកឆ្នោតជាង៤៣ភាគរយ ត្រូវ​បាន​តុលាការកំពូលចេញសាល​ដីការំ​លាយចោលកាល​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​​​អាសនៈឃុំ-សង្កាត់​ចំនួន​​៥ ០០៧ ត្រូវបានចែកឱ្យ​​គណបក្សផ្សេង​ដែលពលរដ្ឋ​មិនបាន​បោះឆ្នោតឱ្យ។ ចំណែក​មន្ត្រីអតីតបក្សប្រឆាំងចំនួន១១៨​រូប ត្រូវបានហាមធ្វើនយោបាយ៥ឆ្នាំ ចាប់ពីពេលនោះមក។

ចំណែកឯសំណុំរឿងចោទប្រកាន់លោក កឹម សុខា ដ៏ចម្រូង​ចម្រាសពីបទ «ឃុបឃិតជាមួយបរទេសចង់ផ្តួល​រំលំ​រដ្ឋាភិបាល» ដែលមានរដ្ឋាភិបាលជាដើមបណ្តឹងនោះ នៅបន្តទើ​រនៅសា​លាដំបូងរាជធានីភ្នំពេញនៅឡើយ៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ