រដ្ឋា​ភិបាល​​ដាក់​ចេញ​​អនុ​សាសន៍​៦​ចំណុច​​ថ្មី​ទៀត​ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍៦​ចំណុចបន្ថែមទៀត ដើម្បីទប់ស្កាត់​បទល្មើស​គ្រឿង​ញៀន ខណៈអង្គការសហប្រជាជាតិ​រកឃើញថា ​កម្ពុជា​ជា​គោល​ដៅ​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ផលិត​និង​ចែកចាយ​

តាមរយៈសារលិខិតនៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា វិធានការ​ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​នោះ រួមមាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់លើកទី៦ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លង​មក។​

មួយវិញទៀត គណៈកម្មការនេះត្រូវបន្តផ្សព្វផ្សាយ អប់រំ និងជំរុញទៅក្រសួងស្ថា​ប័នពាក់ព័ន្ធ ហើយ​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម រួមទាំងនៅតាមគ្រឹះស្ថានអប់រំសិក្សាគ្រប់កម្រិត ជាដើម។

លិខិតដដែលថា អាជ្ញាធរដែលទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ត្រូវដោះស្រាយនូវរាល់បញ្ហាកើតឡើង ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននិងអនុវត្តឱ្យមានប្រសិទ្ធភាព ដោយដាក់ចេញពាក្យស្លោក «៣កុំ ១រាយការណ៍»។

លិខិតថា៖ «ទី១ កុំពាក់ព័ន្ធ គឺកុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំគប់គិត និងកុំប្រើប្រាស់គ្រឿងញៀន និងទី២ កុំអន្តរាគមន៍ គឺកុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ និងទី៣ កុំលើកលែង គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តច្បាប់»។

មួយវិញទៀត រដ្ឋាភិបាលបានណែនាំ​ដល់​អាជ្ញាធរ ត្រូវបន្តបំផុសឱ្យមាតាបិតា អាណាព្យាបាល យកចិត្តទុកដាក់និងចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងការអប់រំកូនចៅកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬអប់រំ ណែនាំ និងលើកទឹកចិត្តកូនចៅដែលពាក់ព័ន្ធឬញៀនគ្រឿងញៀនឱ្យបញ្ឈប់និងទៅទទួលយកការព្យាបាលនិងស្តារនីតិសម្បទាឱ្យបានទាន់ពេលវេលា។

ក្រៅពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងជាសកល ដើម្បីទប់ស្កាត់ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៃក្រសួងមហា​ផ្ទៃ​ លោក មាស​ វិ​រិទ្ធ ​មានប្រសាសន៍​ថា កត្តាដែលមិនទាន់អាចទប់ស្កាត់គ្រឿងញៀនបាន ដោយសារ​ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាន​ផ្លាស់​ប្ដូរពី​របៀប​ជួញ​ដូរ ផលិត និងការដាំដុះ ពីរយៈពេលយូរមករយៈពេលខ្លី។

លោកថា៖ «និន្នាការពិភពលោកមានការប្រែប្រួល ទាំងស្ថានភាពនយោបាយ​ សេដ្ឋកិច្ច ជម្លោះទឹកដីជាតិ​សាសន៍ និងបញ្ហាផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ធ្វើឱ្យយន្តការត្រួតពិនិត្យគ្រឿងញៀនមានភាពឆកល្វែង​។ ទន្ទឹម​នោះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផ្លាស់ប្ដូរក្នុងការផលិត ក្នុងការដាំដុះគ្រឿងញៀនដែលប្រើរយៈពេលយូរ មក​ធ្វើការផលិតចេញគ្រឿងញៀនចេញពីសារធាតុគីមីផ្សំ​ ហើយចំណុចនេះ វាបង្កលក្ខណៈងាយស្រួលឱ្យក្រុមឧក្រិដ្ឋជនដោយមិនប្រើប្រាស់ពេលវេលាច្រើន»។

អង្គការសហប្រជាជាតិបានចេញរបាយការណ៍កាលពីថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២១ ឱ្យដឹងថា កម្ពុជាគឺ​ជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែការចរាចរគ្រឿងញៀន ផលិត និងចែកចាយ មិនមាន​ការថយ​ចុះឡើយ។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ​​ឱ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ច​ជំនាញ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ ដែល​ចំនួននេះបានកើនឡើង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ