រដ្ឋាភិបាលត្រៀមបែងចែកដីសង្គមកិច្ចទំហំ៣០ ០០០ហិកតា ជូនប្រជាពលរដ្ឋក្រីក្រជាង៦ ០០០គ្រួសារដែលកំពុងខ្វះខាតដីធ្លីសម្រាប់រស់នៅនិងអាស្រ័យផល នៅតំបន់គោលដៅមួយចំនួនតាមបណ្តារាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងការចំណាកស្រុករបស់ពលរដ្ឋ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគម្រោងបែងចែកដីសង្គមកិច្ចទំហំ៣០ ០០០ហិកតាដល់ពលរដ្ឋក្រីក្រ ក្នុងនោះ មានផ្ទៃដី១០ ០០០ហិកតា សម្រាប់សហគមន៍ជនជាតិដើមភាគតិច។
ក្រសួងបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានផលពីគម្រោងមួយនេះមាន៦ ៥០០គ្រួសារ ក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិច១ ៥០០គ្រួសារ ដោយទីតាំងដែលត្រូវបែងចែកដីសង្គមកិច្ចនេះ គឺមាន៧១ទីតាំង ក្នុងនោះ ២៦ទីតាំងសម្រាប់ការងារដីសម្បទានសង្គមកិច្ច និង៤៥ទីតាំងទៀតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។
ក្រសួងរៀបចំដែនដី បន្ថែមថា នេះជាការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ដោយត្រៀមចំណាយថវិកា១០៧លានដុល្លារ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងគាំទ្រជីវភាពពលរដ្ឋដែលត្រូវទទួលបានដីពីគម្រោងមួយនេះ។
ក្រសួងឱ្យដឹងទៀតថា គម្រោងនេះគឺផ្ដោតលើការងារដីសម្បទានសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជួយគាំទ្រដល់ជីវភាពរបស់ពលរដ្ឋ ហើយដំណើរការគម្រោងនេះគឺប្រើរយៈពេល៦ឆ្នាំ ដោយគិតពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២៦។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នឹងផ្ដល់ដីសម្រាប់លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុកការចាប់ផ្ដើមកសាងជីវភាពរស់នៅនិងបន្កបង្កើនផល»។
អ្នកប្រឹក្សាយោបល់បណ្តាញសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា បានសាទរដែលរដ្ឋាភិបាលមានគម្រោងបែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រ ជាពិសេសសហគមន៍ជនជាតិដើមភាគតិចនេះ ប៉ុន្តែលោកហាក់មិនមានជំនឿថា ដីនោះបានដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដឬជនជាតិដើមភាគតិចនោះទេ។
លោកបន្តថា៖ «ខ្ញុំអត់មានជំនឿ ពីព្រោះរហូតមកដល់ថ្ងៃនេះ ជនជាតិភាគតិចមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចសូម្បីតែមួយចំអាមឬមួយហិកតា។ តាមរបាយការណ៍ គឺក្រសួងរៀបចំដែនដីបានបែងចែកដីសម្បទានសង្គមកិច្ចច្រើនលើកហើយ ប៉ុន្តែអ្នកដែលបានហ្នឹងភាគច្រើនជាអ្នកមាន មិនដែលបានដល់អ្នកក្រពិតប្រាកដទេ»។
លោកបន្ថែមថា៖ «ដើម្បីបង្ហាញពីតម្លាភាព ត្រូវបង្កើតគណៈកម្មការមួយដែលមានជនជាតិដើមភាគតិចចូលរួមក្នុងគណៈកម្មការនោះតែម្តង។ មិនមែនគាត់ទៅបង្កើតគណៈកម្មការជាមួយអាជ្ញាធរ មន្ត្រីជំនាញ ហើយជនជាតិដើមយើងមិនដឹងអី អាហ្នឹងមិនមែនតម្លាភាពទេ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត បានបង្ហាញពីក្តីបារម្ភចំពោះគម្រោងបែងចែកដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលនេះ។
លោក វណ្ណ សុផាត បន្តថា ប្រសិនបើក្រសួងយកដីសម្បទានសង្គមកិច្ចចំនួន៣០ ០០០ហិកតានេះទៅចែកជូនពលរដ្ឋក្រីក្រខ្វះដី សម្រាប់រស់នៅនិងអាស្រ័យផលពិតប្រាកដមែន ជារឿងល្អមួយសម្រាប់ជួយដល់ប្រជាពលរដ្ឋ ប៉ុន្តែបើយកដីនោះទៅដោះស្រាយក្នុងរឿងជម្លោះដីធ្លី គឺវាមិនល្អនោះឡើយ ហើយវានឹងបង្កជាជម្លោះដីធ្លីរ៉ាំរ៉ៃថែមទៀត។
មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា កន្លងមក រដ្ឋាភិបាលបានយកដីសម្បទានសង្គមកិច្ចទៅដោះស្រាយក្នុងរឿងជម្លោះដីធ្លី ដូចជា នៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ និងបណ្តាខេត្តផ្សេងទៀត ហើយការបែងចែកនោះបានធ្វើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីមិនពេញចិត្ត ដោយសារដីរបស់ពួកគេដែលបាត់បង់មានចំនួនច្រើន ប៉ុន្តែទទួលជាសម្បទានសង្គមកិច្ចមកវិញបានចំនួនតិច។
លោកបន្ថែមថា៖ «អ៊ីចឹងខាងក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ច ត្រូវបែងចែកគោលបំណងនៃការផ្តល់ដីសម្បទានសង្គមកិច្ចឱ្យច្បាស់លាស់ ថាដីហ្នឹងជាដីសម្រាប់បែងចែកជាដីសម្បទានសង្គមកិច្ច ឬមួយក៏ជាដីដោះដូរសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លី។ ហើយត្រូវឱ្យប្រជាពលរដ្ឋដឹងឮ និងមានមតិយោបល់ជាសាធារណៈ។ ហើយបើចាប់បង្ខំឱ្យពួកគាត់ទទួលយកអ៊ីចឹង សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លី គាត់មិនអាចទទួលយកបានទេ ដូចនៅពោធិ៍សាត់ និងនៅឧត្តរមានជ័យ នៅតែមានការតវ៉ាអត់ឈប់ទេ»។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងបែកចែកដីដើម្បីសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ដំណាក់កាលទី១ បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ និងគម្រោងដំណាក់កាលទី២ បានអនុវត្តនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ខណៈគម្រោងដំណាក់កាលទី៣នេះ ចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០ ដល់២០២៦៕