មន្ត្រី​ជំនាញ​បង្ក្រាប​​អាល់កុល​ក្លែង​ក្លាយ​​ជាង​៧​ពាន់​​លីត្រ​នៅ​រាជ​ធានី​ភ្នំពេញ

នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប សហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុកនិងចែកចាយអាល់កុលក្លែងក្លាយឬមេតាណុលមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ក.ប.ប)

មន្រ្តីអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបអាល់កុលក្លែងក្លាយ ឬមេតាណុល​ ជាង៧ ០០០លីត្រ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​។

ទំព័រហ្វេសប៊ុក​របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងអំឡុងពេលចុះបង្ក្រាបនោះ មន្រ្តីជំនាញបាន​ដក​យក​គំរូ​ផលិតផលអាល់កុលក្លែងក្លាយឬមេតាណុល ទៅ​ធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន។ ក្រោយការវិភាគ បានរកឃើញ​​ផលិតផល​ចំនួន១២១កាន និង៨០០ដប ស្មើនឹង៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល និងផលិតផលចំនួន១០៤កាន ស្មើនឹង៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល។

អគ្គនាយកដ្ឋាននេះបន្តថា វត្ថុតាងដែលបានរឹបអូស​ក្នុងការបង្ក្រាបនេះ ត្រូវបាន​រក្សា​ទុក​ដោយ​ហ៊ុមព័ទ្ធ ឃ្លុំបេ និងបិទសៀល ​ជាបណ្តោះអាសន្ននៅនឹងកន្លែង ដើម្បីរង់ចាំអនុវត្ត​នីតិវិធី​បន្ត។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានទេ នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យដឹងតាម​រយៈប្រព័ន្ធតេឡេក្រាម​ថា ចាប់តាំងពីកម្ពុជា​ទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ នៅ​ដើមឆ្នាំ២០២០ រហូត​ដល់​បច្ចុប្បន្ន​នេះ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានចុះ​ឃ្លាំមើលនិងពិនិត្យទំនិញយុទ្ធសាស្ត្រ ក៏ដូចជាទំនិញបម្រើវិស័យសុខាភិបាល រួមមាន អាល់កុល ជែលលាងដៃ ម៉ាស និងឧបករណ៍ឬសម្ភារផ្សេងទៀត។

លោកប​ន្ត​ថា ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានមួយនេះបានរឹបអូសនិងបំផ្លាញចោលនូវមេតាណុល​ដែល​បន្លំថា​ជាអាល់កុល​បានចំនួន១០៦​​តោន បង្គារ​ចាក់​ចាហួយ​ចូលចំនួន​២០​តោន និង​​រឹបអូសនូវសម្ភារ​ក្លែងក្លាយឬគ្មានគុណភាពតាមស្តង់ដារបានជាង៣០០​តោន​ផង​ដែរ។

លោក ស៊ាង ថៃ អះអាងថា​ អាជ្ញាធរនៅតែបន្តពិនិត្យទំនិញសេវា និង​បានកំណត់ច្បាស់​​លាស់​ក្នុង​ការបង្ក្រាបនូវរាល់ការធ្វើចរាចរណ៍ ការស្តុកទុក និងការលក់ដូរនូវទំនិញក្លែងក្លាយឬគ្មានគុណភាពបន្ថែមទៀត។

ទោះជាបែបនេះក្តី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​​ ​បាន​រិះគន់​ការបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក ដោយថា ពួកគេ​បង្ក្រាប​បាន​តែ​ទំនិញ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ចាប់​ខ្លួនអ្នក​ទទួល​ខុស​ត្រូវ​យកមក​ផ្ដន្ទា​ទោសឡើយ។ លោកបន្តថា ការ​ចាប់​ទំនិញ​ក្លែងក្លាយ​បាន​ហើយ​យក​ទៅ​កម្ទេច​ចោល​ ដោយ​មិន​មាន​ចាត់​វិធានការ​លើជន​ដែល​ប្រព្រឹត្ត​ល្មើស​ គឺ​មិន​អាច​បញ្ឈប់​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយនិង​ខូច​គុណ​ភាព​ទាំង​នោះ​នៅលើទីផ្សារបាន​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ