សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ឃាត់​ខ្លួន​មនុស្ស​៦​នាក់​ពាក់ព័ន្ធ​​លក់​​ដូរ​​បណ្ណ​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩

សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានធ្វើការនាំខ្លួនមនុស្សចំនួន០៦នាក់ ពាក់ព័ន្ធនឹងសកម្មភាពទិញលក់បណ្ណចាក់វ៉ាក់សាំងនិងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្ស៦នាក់យកទៅសួរនាំពាក់ព័ន្ធការធ្វើសកម្មភាពទិញលក់បណ្ណ​ចាក់វ៉ាក់សាំងនិងទម្រង់​​ពាក្យ​ស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

អ្នកនាំពាក្យរដ្ឋបាល​​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ វីអូឌី ​ថាគណៈបញ្ជាការឯកភាពខេត្តសហការជាមួយនគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សចំនួន៦នាក់យកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាក​សួរនិងចាត់វិធានការតាមនីតិវិធី ពាក់ព័ន្ធការ​ធ្វើសកម្មភាពទិញលក់បណ្ណចាក់វ៉ាក់សាំងនិងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោក ឃាង ភារម្យ មិនទាន់អាចផ្តល់ព័ត៌មានលម្អិតអំពីបញ្ហានេះ​បាននៅឡើយទេ ដោយថា រហូតមកដល់ម៉ោង៤កន្លះល្ងាចនេះ សមត្ថកិច្ចកំពុងសាកសួរមនុស្សទាំង៦នាក់នោះនៅឡើយ។

លោកបន្ថែមថា៖ «ឥលូវនេះ វាស្ថិតនៅក្នុងនីតិវិធី​នៃការសួរនាំនៅឡើយ អ៊ីចឹង​យើងអត់ទាន់អាច​និយាយអី​ឱ្យលម្អិតនៅក្នុងរឿងហ្នឹងឱ្យបានលម្អិតបានទេ»។ 

បើតាមលោក ឃាង ភារម្យ ​ខេត្តព្រះសីហនុបានបើកយុទ្ធនាចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​នៅទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដែលមានអ្នកត្រូវចាក់វ៉ាក់សាំងប្រមាណ២០ម៉ឺននាក់។ លោក​ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះពុំមានការគិតថ្លៃឡើយ។

កាលពីពេលថ្មីៗនេះ ក៏មានករណីពលរដ្ឋចំនួន៣៩នាក់ដែល​ទៅតេស្តរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបានគ្រូពេទ្យនៅទីនោះទារប្រាក់ក្នុង​ម្នាក់៦០ ០០០​រៀលផងដែរ ប៉ុន្តែ​​ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនិងមានការអន្តរាគមន៍ពីអាជ្ញាធរ ​ពលរដ្ឋទាំងនោះក៏ទទួល​បានថវិកានោះ​ម​កវិញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព លោក យង់ គិមអេង​ ចាត់ទុកករណីយកលុយ​ពីពលរដ្ឋពេលតេស្តនិងចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩ ថា​ជា​ការប្រព្រឹត្ត​អំពើពុករលួយនិង​ជាគំរូអាក្រក់​មួយផងដែរ។ លោកស្នើទៅអាជ្ញាធរឱ្យចាត់វិធានការច្បាប់ឱ្យខានតែបាន និងត្រូវផ្តន្ទា​ទោសឱ្យធ្ងន់ធ្ងរផងដែរ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឱ្យអនុវត្តតាម។

លោកបន្ថែមថា៖ «ករណីមានអ្នកលក់បណ្ណចាក់វ៉ាក់សាំង មានអ្នកយកលុយធ្វើតេស្តដែលប្រព្រឹត្តអំពើពុករលួយហ្នឹង ត្រូវតែដាក់ទោសទណ្ឌ​ឱ្យធ្ងន់ធ្ងរ ដើម្បីកុំឱ្យករណីហ្នឹងកើតឡើងតទៅទៀតដែល​ជាគំរូអាក្រក់។ បញ្ហាជំងឺកូវីដ​កំពុងបន្តរីករាលដាល ហើយមានអ្នកឆ្លៀត​រកផលប្រយោជន៍ ឆ្លៀតពុករលួយ​ពីបញ្ហាហ្នឹង គឺវានឹងជះឥទ្ធិពលអាក្រក់កាន់តែខ្លាំង ហើយវាបង្កហានិភ័យកាន់តែខ្ពស់នៅក្នុងសង្គម ហើយការចាក់វ៉ាក់​សាំងនឹង​មិនអាចសម្រេចបានតាមគោលដៅទេ»

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលឱ្យ​ស្រាវជ្រាវ​រក​មេខ្យល់និង​អ្នកដែលគប់គិតគ្នាជាមួយ​អាជ្ញាធរ​ទារលុយពីពលរដ្ឋ ជាថ្នូរបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈការចាក់វ៉ាក់សាំងនេះគឺរដ្ឋាភិបាលពុំអនុញ្ញាតឱ្យយកលុយពីពលរដ្ឋនោះឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ធ្លាប់អំពាវនាវទៅប្រជាពលរដ្ឋដែលរងគ្រោះដោយសារការទារលុយពីមេខ្យល់ឬពីមន្ត្រីមូលដ្ឋាន ត្រូវរាយការណ៍មកក្រសួងសុខាភិបាលនិងអាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បីចាត់វិធានការបន្ទាន់លើជនខិលខូចទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ