មន្រ្តី​នាំ​ពាក្យ​​ថា​​ រដ្ឋា​ភិបាល​មិន​ខ្វល់​នឹង​​សម្ដី​​លោក​ សម​ រង្ស៊ី​ រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ជន ចាន់រ៉ែន)

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល​ អះអាងថា ​​រដ្ឋាភិ​​បាល​មិន​ចាប់​​អារម្មណ៍ទៅ​នឹងសម្ដីរបស់​លោក សម រង្ស៊ី ​​​ដែល​បាន​ថ្លែងប្រមាថអង្គព្រះមហាក្សត្រនោះ​ឡើយ ខណៈប្រធាន​អតីត​​បក្ស​ប្រឆាំង​រូប​នេះ​ជា​ទណ្ឌិត​​រួចទៅហើយ។

លោក ផៃ ស៊ីផាន ប្រធាន​ក្រុម​អ្នកនាំពាក្យរបស់រដ្ឋាភិបាល មានប្រសាសន៍នៅថ្ងៃសុក្រនេះថា មក​ដល់​ពេល​នេះ សារនយោបាយ​របស់លោក សម រង្ស៊ី លែងមានតម្លៃអ្វីទៀត​ហើយ សម្រាប់​រដ្ឋាភិបាល​យកទៅពិចារណាក្នុងការដាក់បន្ទុកបន្ថែម។ លោកបន្តថា ការសម្រេច​ប្តឹងឬ​មិន​ប្តឹង​នោះជា​​ដែន​​​សមត្ថកិច្ចរបស់តុលាការឬនគរបាលយុត្តិធម៌ជាអ្នកដើរតួក្នុងរឿង​នេះ ខណៈ​​រដ្ឋាភិ​បាលបា​នចាត់ទុកបុគ្គលរូបនោះ​​ជា​​ទណ្ឌិត​​រួច​ទៅហើយ។

លោកបន្តថា៖ «យើងអត់ពិចារណាអីទេចំពោះ សម រង្ស៊ី! គេជាជន​ជាប់​ទោស​រួច​ទៅ​ហើយ យើងអត់​ចាប់​​​អារម្មណ៍​អីរឿងហ្នឹ​​ង​​​​ផង​​​។ រឿង​ប្តឹងផ្តល់ ទៅសួរខាងនគរបាលនិង​ក្រសួង​យុត្តិធម៌​ទៅ»។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ​លោក សម រង្ស៊ី បានលើកឡើងនៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់លោក​ថា ព្រះ​មហា​ក្សត្រ​សព្វ​ថ្ងៃ ព្រះ​​អង្គ​​មិន​​​​ដែល​ការពារប្រយោជន៍​សម្រាប់​ប្រជា​ពលរ​ដ្ឋរបស់​ទ្រង់​ទេ ផ្ទុយទៅ​វិញ ​បាន​បើក​ផ្លូវ​ឱ្យ​លោក​នាយក​រដ្ឋម​ន្រ្តី ហ៊ុន សែន ​​ចាប់និង​ចោទ​​​ប្រ​កាន់យុវជន​ការ​ពារ​បរិស្ថាន​ជាដើម។ លោក សម រង្ស៊ី បន្ត​ថា កម្ពុជា​ត្រូវចំណាយ​ថវិកា​រដ្ឋ​ជា​ច្រើនសម្រាប់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ប៉ុន្តែ​ប្រជា​ពលរដ្ឋមិនអាចទីពឹង​លើព្រះអង្គបានពេលជួបវិបត្តិ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា តំណាង​អយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការប្តឹង​បន្ថែម​ទៀត ប្រឆាំង​​​ប្រធាន​ស្តីទីអតីត​​គណ​បក្សសង្រ្គោះជាតិ រឿងប្រមាថព្រះមហាក្សត្រនេះ។

វីអូឌី មិនអាចស្នើសុំការបំភ្លឺបន្ថែមពីលោក ជិន ម៉ាលីន អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ និងលោក ប្លង់ សុផល មន្ត្រី​ព្រះបរមរាជវាំង​​ បានទេ នៅ​ថ្ងៃ​សុក្រ​នេះ។

បើទោះជាបែបណា នេះមិនមែនជារឿងថ្មីឡើយសម្រាប់លោក សម រង្ស៊ី។ អតីតមេបក្សជំទាស់រូបនេះធ្លាប់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសសរុបជិត៥០ឆ្នាំ ក្នុងរយៈ​ពេល២០​ឆ្នាំ​កន្លង​ទៅ​នេះ ពាក់ព័ន្ធនឹងបទចោទជុំវិញ​ការ​​​​ប្រមាថនិងតិះដៀល​អង្គ​​ព្រះមហាក្សត្រជាហូរហែ និង​​បទ​ល្មើស​ដទៃ​ទៀត។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា កត់សម្គាល់ឃើញថា ការ​រិះគន់​អង្គព្រះមហាក្សត្រពីសំណាក់មេដឹកនាំអតីតបក្សប្រឆាំង​រូបនេះ ពិតជាបាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយ​ភាពរបស់​គណបក្ស​មួយនេះ។ យ៉ាងណា លោក ឯម សុវណ្ណរ៉ា អះអាងថា ចំពោះប្រជាប្រិយភាពរបស់អង្គព្រះមហាក្សត្រក៏មានការ​ថយចុះដែរ ព្រោះតែ​ទ្រង់​មិន​មាន​ព្រះរាជ​សិទ្ធិ​ដូច​ព្រះមហាក្សត្រ​មុនៗ ដោយសារ​តែរដ្ឋធម្មនុញ្ញ​បានកំណត់​​ការគ្រងរាជ្យ តែ​មិន​កាន់​​​អំ​ណាច​។

លោកបន្តថា៖ «ឧត្តមភាពនិងប្រជាប្រិយភាពរបស់ព្រះមហាក្សត្រក៏ស្រុត​ចុះខ្លាំងដែរ នៅ​ក្នុង​បរិបទ​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ​​ដោយ​​សារតួនាទីនិងព្រះរាជសកម្មភាព។ ហើយ​មួយ​ទៀត ​ប្រជា​ពលរដ្ឋ​​លែង​ដូច​ពី​អតីតកាល​ ដែលជឿជាក់​ឬក៏ផ្តល់ការគាំទ្រដើរតាមព្រះមហាក្ស​ត្រ​ទាំង​ស្រុង»។

ទាក់ទិនរឿងនេះ កាលពីខែ​មករា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះវីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេសស៊ុក​របស់​លោក ដោយទា​មទារ​​ឱ្យកែ​ប្រែ​រដ្ឋធម្មនុញ្ញត្រង់​ចំណុច​​ស្តីពី​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ។ ការស្នើសុំនេះ ដោយ​លោក សម រង្ស៉ី យល់ឃើញថា ព្រះមហាក្សត្របច្ចុប្បន្នទ្រង់​មិនបានបំពេញតាមព្រះរាជតួនាទីរបស់ព្រះអង្គដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់​កំពូលរបស់​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ