អាជ្ញាធរ​​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​សួរ​បន្ត​រឿង​បន្លំ​ជា​មន្ត្រី​គ្រឿង​ញៀន​និង​បន្លំ​ឯកសារ​

សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបាន​ស្រាវជ្រាវ​និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្លែង​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ​ ឯកសារ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឯកសារ​ក្រសួងមហាផ្ទៃ​ និង​ក្លែងខ្លួន​ជា​នាយករង​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ភូមិ​ចម្ការឪឡឹ​ក​១​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ​កាលពីថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​០៥​នាទី។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិសាកសួរបន្ត ពាក់ព័ន្ធរឿងក្លែងខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្លែងខ្លួនស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ និងក្លែងឯកសារសាធារណៈផ្សេងទៀត។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២១​នេះ​ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយកម្លាំងជំនាញ និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិត វណ្ណៈ បានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅខូ ចន្ទ័សូឡារ ដែលក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសារក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាដើម។

លោកបន្តថា វត្ថុតាងដែលរឹបអូសបាន រួមមាន អាវុធខ្លី ១ដើម ម៉ាក TACTICAL23 លេខ WET5168 និងបង់ចំនួន២ (កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន១២គ្រាប់, ខ្នោះដៃចំនួន១គូ, វិទ្យុទាក់ទង ម៉ាកម៉ូតូរ៉ូឡា ចំនួន១គ្រឿង, ស្រោមអាវុធខ្លី ចំនួន៤ស្រោម , ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១, ម៉ាស៊ីនកាត់កាត ចំនួន១គ្រឿង, អាវក្រោះការពារគ្រាប់ចំនួន១អាវ, អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ ចំនួន១, កាបូបដាក់សម្ភារ ចំនួន៣, ស្បែកជើងកវែងចំនួន១គូ, កាតនគរបាលជាតិក្លែងក្លាយ ចំនួន២សន្លឹក, សក្តិថ្នាក់វរសេនីយ៍ទោ ១គូ, កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន២សន្លឹក, មួកនគរបាលជាតិថ្នាក់វរសេនីយ៍ ចំនួន២ និងថ្នាក់អនុសេនីយ៍ ចំនួន១, ឯកសណ្ឋាននគរបាលជាតិ ចំនួន៦កំប្លេ, ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌមួយចំនួនទៀត។

លោក ម៉ក់ ជីតូ បញ្ជាក់ថា ក្រោយពីសាកសួរចប់ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត ខណៈជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៦​ ខែមិថុនា ម្សិលមិញ ដើម្បីសាកសួរបន្ត ពាក់ព័ន្ធនឹងបទល្មើសថ្មីមួយទៀត។

លោកមានប្រសាសន៍៖ «មនុស្សម្នាក់ហ្នឹងពាក់ព័ន្ធនឹងសំណុំរឿងពីរ។ យើងពិនិត្យឃើញសំណុំរឿងមួយទៀត យើងបញ្ជូនទៅប៉ូលិសព្រហ្មទណ្ឌធ្វើការងារបន្ត ព្រោះពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារមួយចំនួននៅក្រសួងហ្នឹង»។

លោក ម៉ក់ ជីតូ បន្ថែមថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រុមការងារជំនាញមានតម្រុយអ្នកពាក់ព័ន្ធមួយចំនួនទៀត ហើយក្រុមការងារកំពុងស្រាវជ្រាវចាប់ខ្លួនអ្នកទាំងនោះបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ផងដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ង៉េង ជូ បានទេ នៅថ្ងៃនេះ។

ដោយឡែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបន្លំជាមន្ត្រីនគរបាល លួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រោយពីសាកសួរចប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរគ្រឿងញៀនបានបញ្ជូនសំណុំរឿងនិងជនសង្ស័យទាំង៤នាក់នោះទៅតុលាការ ដើម្បីចាត់វិធានការបន្តផងដែរ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងនិងធ្ងន់ធ្ងរ ចំពោះអ្នកដែលក្លែងបន្លំជាមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀននិងនគរបាលទាំងនោះ ដើម្បីជាគំរូនិងចៀសវាង​កុំឱ្យរឿងបែប​នេះកើតឡើងបន្តទៀតនៅថ្ងៃខាងមុខ។

លោកបន្ថែមថា បើអាជ្ញាធរមិនពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងទេ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿ ហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រសួងសាម៉ីនោះជាដើម។

លោកមានប្រសាសន៍ថា៖ «បើករណីនេះនៅតែមានបន្ត វាប៉ះពាល់ទៅដល់កិត្តិយសកងកម្លាំងសាធារណៈ [មន្ត្រីនគរបាល មន្ត្រីគ្រឿងញៀន] ទី២ អាចធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តពីមន្ត្រីសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌។ ចំណុចទាំងនេះហើយ ត្រូវតែមានវិធានការតឹងរ៉ឹង ក្នុងការទប់ស្កាត់ ឬក៏បង្ការ ឬបង្ក្រាបពាក់ព័ន្ធនឹងការបន្លំខ្លួនជាសមត្ថកិច្ចក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះ»។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ​​ឱ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ច​ជំនាញ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀនចំនួន៣ ១៨៩គីឡូក្រាម ​​និងសារធាតុគីមីផ្សំចំនួន៥ ០២៥គីឡូក្រាម។ ​​ចំនួន​នេះបានបង្ហាញពីការកើនឡើងប្រមាណ៤ដងនៃគ្រឿងញៀនដែលរឹបអូសបាន និងកើនឡើងប្រមាណ៥ភាគរយនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន បើធៀបនឹងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ