កម្ពុជា​ដាក់​ក្រុង​បាត់ដំបង​ចូល​ជា​បេក្ខភាព​សមាជិក​បណ្តាញ​ទីក្រុង​ច្នៃ​ប្រតិដ្ឋ​ម្ហូប​អាហារ​របស់​យូណេស្កូ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលីបួងសួង រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណរូបសំណាកលោកតាដំបងគ្រញូង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ (រដ្ឋបាលខេត្តបាត់ដំបង)

កម្ពុជាជ្រើសរើសយកទីក្រុងបាត់ដំបងចូលជាបេក្ខភាពសមាជិកបណ្តាញទីក្រុងដែលមានភាព​ច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូក្នុង «ប្រភេទទីក្រុង​ដែល​មានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ» ដើម្បីចែករំលែកនិងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ​កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា ដើមចមដែលនាំឱ្យកម្ពុជាសម្រេចជ្រើសរើសយកទីក្រុងបាត់ដំបង់ចូលជាសមាជិកបណ្តាញទីក្រុងនេះ លើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើ​ផ្នែក​ម្ហូបអាហារ» ដោយសារខេត្ត​បាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទនិងច្រើនទម្រង់ដែលត្រូវបានរៀបចំនិងកែច្នៃ ដើម្បីចែករំលែកនិងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

រដ្ឋមន្ត្រីរូបនោះបញ្ជាក់ថា ការចូល​ជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឱ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និមិត្តសញ្ញា (Logo) របស់​បណ្តាញ សម្រាប់ផ្សព្វផ្សាយសក្តានុពលនិងភាពពិសេសៗរបស់ទីក្រុងខ្លួន​ទៅកាន់​ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយ​នូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេស​ជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក។

គួររំឭកថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ចំណោមទីក្រុងមានភាពច្នៃប្រតិដ្ឋលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តា​គន្លឹះ​សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន២៤៦នៅជុំវិញពិភពលោក ដែលចែកចេញជា៧ប្រភេទ ​រួមមាន ​ទី១ ទីក្រុងដែល​​មានភាព​ច្នៃប្រតិដ្ឋ​លើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ ទី២ ទីក្រុង​ដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកសិល្បៈនៃ​ការផ្សព្វផ្សាយ ទី៣ ទីក្រុង​ដែល​មាន​ភាពច្នៃប្រតិដ្ឋលើផ្នែកខ្សែភាពយន្ត ទី៤ ទីក្រុងដែលមាន​ភាព​ច្នៃប្រតិដ្ឋលើផ្នែករចនាបទនិងការតុបតែង ហើយទី៥ ទីក្រុង​ដែលមានភាពច្នៃ​​ប្រតិដ្ឋលើ​ផ្នែកម្ហូបអាហារ ទី៦ ទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែក​អក្សរសាស្ត្រ និងទី៧ ជាទីក្រុងដែល​មាន​ភាព​ច្នៃប្រតិដ្ឋលើផ្នែកតន្ត្រី។

ចំណែកនៅតំបន់អាស៊ាន​ មានទីក្រុងចំនួន៦ ក្នុងប្រទេសចំនួន៤ដែល​ជា​សមាជិក​ក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង  និងទីក្រុង​ផេកាឡុងហ្កាន, ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ