សត្វ​គោ​របស់​កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ឆ្លង​ជំងឺ​​ដុំ​ពក​ស្បែក

មន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន មន្ត្រីបសុសត្វ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ព្យាបាល អង្កេតតាមដានជំងឺដុំពកលើស្បែកសត្វគោក្របី (LSD) និងផ្សព្វផ្សាយអំពីបញ្ហាជំងឺនេះដល់កសិករ ស្ថិតនៅភូមិសំបូរ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន Agriculture Pailin)

សត្វគោរាប់សិបក្បាល​របស់ប្រជាកសិករនៅខេត្តជាប់ព្រំដែន​កម្ពុជា-ថៃ បានឆ្លងជំ​ងឺដុំពកលើស្បែក ក្រោយ​ពីក្រសួងដាក់ចេញវិធានការត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺមួយនេះនាពេលកន្លងមក។

កាលពីខែឧសភា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់​ចេញវិធានការបន្ទាន់​​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាល «ជំងឺដុំពក​ស្បែក» (Lumpy Skin Disease-LSD) លើសត្វគោក្របី ខណៈជំងឺមួយនេះកំពុងរាលដាលលើសត្វគោក្របីនៅប្រទេសថៃ និងប្រទេសវៀតណាម។

កសិករម្នាក់នៅភូមិមរតក​តេជោ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត​​ ខេត្ត​ព្រះវិហារ អ្នកស្រី ភាព ម៉ារីយ៉ា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា សត្វគោជាង៣០ក្បាលរបស់អ្នកស្រីបានកើតជំងឺដុំពកលើស្បែកទាំងអស់ រយៈពេលជាង១ហើយ ដោយ​ព្យាបាលមិនជាឡើយ និងបានឈឺងាប់អស់មួយក្បាលផងដែរ។

កសិកររូបនេះកំពុងព្រួយបារម្ភពីការខាតបង់ផលប្រយោជន៍ ខណៈគ្រួសារអ្នកស្រីបានចំណាយលុយរាប់លានរៀល ដើម្បីទិញគោមកចិញ្ចឹម។ អ្នកស្រីថា សត្វគោរបស់អ្នកស្រីមួយក្បាលតម្លៃចន្លោះពី៥លាន​រៀល ទៅ៦លាន​រៀល។ អ្នកស្រីបន្តថា​ ជំងឺដុំពកលើស្បែកគោនេះ មិនមែនកើតតែលើគោរបស់អ្នកស្រីនោះទេ គឺសត្វគោរបស់ប្រជាពលរដ្ឋផ្សេងដែលរស់នៅក្នុងភូមិជាមួយគ្នា ក៏បានកើតជំងឺនេះដូចគ្នា ដោយគ្រាន់តែកើតតិចឬច្រើនប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «កាលគោនៅល្អ គេសុំអត់ព្រមលក់ឱ្យគេទេ គោមួយក្បាល៥ទៅ៦លានរៀងដែរ។ ដល់ពេល​មក​ឈឺងាប់ស្រស់ៗ​អ៊ីចឹង ​យើងស្តាយដែរ។ ប្រជាពលរដ្ឋទាំងខ្ញុំ​ទាំងគេ ​ឥលូវគេង​អត់​លក់​​ បក់​​មិនល្ហើយ​ទេ ដោយសារបារម្ភរឿងគោកើតជំងឺហ្នឹង»

អ្នកស្រី ភាព ម៉ារីយ៉ា បន្ថែមថា ក្រោយសត្វគោរបស់អ្នកភូមិកើតជំងឺដុំពកលើស្បែកនេះ ខាង​មន្ត្រី​មន្ទីរកសិកម្ម​ខេត្តព្រះវិហារ បានចុះ​ទៅ​ពិនិត្យនិង​ផ្តល់​ថ្នាំ​ចាក់​ព្យាបាលខ្លះ​ដែរ ប៉ុន្តែមិនទាន់បានធូរស្បើយនៅឡើយទេ។

កសិករម្នាក់ទៀតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ លោក ក្លំ ចាវ មានប្រសាសន៍ថា សត្វគោជាច្រើនក្បាលរបស់អ្នកភូមិបានកើតជំងឺដុំពកលើស្បែក និងបានឈឺងាប់ជាបន្តបន្ទាប់ប្រហែល៥ក្បាលហើយ។

លោកបន្តថា​ គ្រួសារគាត់​បាន​ចិញ្ចឹមសត្វគោចំនួន៨ក្បាល ដោយមានតម្លៃចន្លោះពី១ ៥០០ដុល្លារ ទៅ២ ០០០ដុល្លារ​ក្នុង​មួយ​ក្បាល។ លោកថា បច្ចុប្បន្ន សត្វគោរបស់លោកបាន​កើតជំងឺដុំពកលើស្បែកចំនួន៤ក្បាលហើយ ដែលបញ្ហានេះធ្វើឱ្យលោកមានក្តីបារម្ភយ៉ាងខ្លាំង។

កសិករ​រូបនេះបន្ត​ថា សត្វគោរបស់អ្នកភូមិបានកើតជំងឺដុំពកលើស្បែកនេះជាង១ខែហើយ ដោយ​លោក​មិន​ឃើញ​អាជ្ញាធរឬមន្ត្រីជំនាញណាចុះមកពិនិត្យនិងជួយព្យាបាលនោះទេ ក្រៅពីអ្នកភូមិរកពេទ្យសត្វមក​ចាក់ថ្នាំព្យាបាលដោយខ្លួនឯង។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យរដ្ឋអំណាចឬអាជ្ញាធរពាក់ព័ន្ធចុះជួយប្រជាពលរដ្ឋ ឱ្យខាងពេទ្យសត្វជួយព្យាបាល​សត្វគោប្រជាពលរដ្ឋផង ពីព្រោះអីសត្វគោនៅក្នុងភូមិក៏កើត អានៅក្នុងព្រៃក៏កើតដែរ ជំងឺនេះកើត​មានគ្រប់កន្លែងហើយ»

លោក ក្លំ ចាវ អះអាងថា នៅសង្កាត់សំរោង មានកសិករមិនតិចជាង១០០គ្រួសារទេដែលចិញ្ចឹមសត្វគោ ហើយមួយគ្រួសារមិនក្រោម១០ក្បាលឡើយដែលពួកគាត់ចិញ្ចឹម។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា ពិតជាមានជំងឺដុំពកលើស្បែកឆ្លងដល់គោកសិករនៅតាមបណ្តាខេត្តមួយចំនួនពិតមែន ប៉ុន្តែលោកថា ពុំមានការរាលដាលធំដុំនោះទេ។ លោកថា មន្ត្រីជំនាញរបស់ក្រសួងបានចុះព្យាបាលជំងឺជាបណ្តើរៗហើយ។

លោកបន្ថែមថា៖ «យើងបានព្យាបាលជាជំងឺ​ជាបណ្តើរៗហើយ ពុំមានការរាលដាលជាធំដុំទេ ដោយយើងមាន​វិធានការទាន់ពេលវេលា។ កន្លងមក​ មានកើតនៅខេត្តខាង​លើហ្នឹង​មែន ហើយក៏បានរាលដល់ខេត្តប៉ៃលិន​ចំនួនពីរ​បីក្បាលដែរ ប៉ុន្តែមិនមានបញ្ហាទេ»

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង​កាលពីខែ​ឧសភាថា សត្វគោក្របីដែល​កើតជំងឺ​ដុំពកស្បែកនេះ វាអាចមានអត្រា​ឈឺពី៥ទៅ៤៥ភាគរយ និងអត្រាស្លាប់តិចជាង១០ភាគរយ ដែលបង្កឱ្យខាតបង់ធ្ងន់​ធ្ងរដល់គ្រួសារកសិករនិង​សេដ្ឋកិច្ច​ជាតិ។

ក្រសួងបញ្ជាក់ថា ជំងឺនេះមានរោគសញ្ញាដូចជា ដុំពកតូចៗឬធំ​ទៅតាមស្ថានភាព​នៃជំងឺ ដែល​គេរកឃើញលើស្បែក​តាម​ដងខ្លួន កញ្ចឹងក ច្រមុះ ក្រអូម​មាត់ ប្រដាប់​ភេទ និង​កន្សោម​ដោះរបស់សត្វគោក្របី ហើយ​​កម្ដៅខ្លួនវាឡើងរហូតដល់៤១អង្សា​សេ។

ក្រសួងបន្តថា ​មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះពាល់ផ្ទាល់និងប្រយោល តាមភ្នាក់​ងារចម្លងរោគដូចជា រុយ មូស ដង្កែ និងសត្វបឺតជញ្ជក់ឈាមផ្សេងទៀត ឬតាមធ្យោបាយដឹក​ជញ្ជូនសត្វ ទឹក​មេជីវិត រួមទាំងភ្នាក់ងារចម្លងផ្សេងៗទៀត។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ធ្លាប់មានប្រសាសន៍ថា ប្រសិនសត្វចិញ្ចឹមរបស់កសិករឆ្លងឬកើតជំងឺអ្វីមួយរហូតស្លាប់នោះ វានឹងធ្វើឱ្យខាតបង់ផលប្រយោជន៍និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់​​ពួកគេ។ លោកបានសំណូមពរដល់រដ្ឋាភិបាលពង្រឹងការទប់ស្កាត់និងការពារឱ្យបាននូវជំងឺឆ្លងផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ