លោក​ កឹម​ សុខា​ បន្ត​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ខណៈ​កំពុង​ជាប់​បណ្តឹង​​

លោក កឹម សុខា អតីត ប្រធាន គណបក្សសង្គ្រោះ ជាតិ ដើរ ចេញ ពី គេហដ្ឋាន របស់ លោក នៅ រាជ ធានី ភ្នំពេញ នៅ ថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ (បញ្ញា ឆពណ្ណ)

អតីតប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបន្តបញ្ជាក់​ជាថ្មីទៀត​ពីភាព​ស្អាត​ស្អំចំពោះប្រទេស​ជាតិនិង​ប្រជាពលរដ្ឋ ខណៈលោកកំពុងរងបណ្តឹង​ចោទ​ប្រកាន់​ពី​បទ «ក្បត់ជាតិ» ដែល​ប្តឹង​ដោ​យ​​រដ្ឋាភិបាល។

តាមសារនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោក កឹម សុខា បានថ្លែងអំណរ​គុណដល់​អ្នកគាំទ្រទាំងអស់់​ដែល​​បាន​ជូនពរ​ខួបកំណើតរបស់​លោកគម្រប់៦៨​ឈានចូល​៦៩​ឆ្នាំ នៅថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២១។

លោកគូសបញ្ជាក់ក្នុងសារនោះទៀត​ថា ទឹកចិត្តនេះជាការផ្តល់យុត្តិធម៌សម្រាប់​​រូបលោក ទោះបីស្ថិត​នៅក្នុង​កាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ លោកថា៖ «ជាថ្មីម្តងទៀត អ្វីដែលខ្ញុំធ្លាប់សន្យានិងខ្ញុំនៅតែ​ហ៊ានសន្យាជាមួយជនរួមជាតិខ្មែរ​នោះ គឺ​ខ្ញុំ កឹម សុខា មិនក្បត់ជាតិ មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ និងមិនបោះបង់ចោលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងខ្ញុំជាដាច់ខាត»។

លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ គិតចាប់ពីថ្ងៃ​ដែល​សមត្ថកិច្ច​ឆ្មក់ចូល​ចាប់​ខ្លួនកាល​ពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

បច្ចុប្បន្ន អតីតមេដឹកនាំបក្សប្រឆាំងរូបនេះកំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់តុលាការ ដែល​បម្រាម​នេះមិន​អនុញ្ញាតឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​មិនឱ្យចេញ​ទៅ​ក្រៅប្រទេស តែអាចធ្វើដំណើរក្នុងប្រទេស​បាន។

អតីតគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតដ៏មានឥទ្ធិពលជាមួយគណបក្សប្រជាជនកម្ពុជានេះ ត្រូវបានតុលាការកំពូល ប្រកាស​រំលាយកាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​គណបក្សនេះ​ទទួល​បានសន្លឹក​ឆ្នោត ៣ ០៥៦ ៨២៤សំឡេង​ ទល់​នឹង៣​ ៥​៤០ ០៥៦សំឡេង​ ហើយក្រុមប្រឹក្សា​ឃុំ-សង្កាត់ចំនួន​៥ ០០៧អាសនៈ​ ទល់​នឹង​៦ ៥០៣អាសនៈ​ គិតជា​ភាគរយ ៤៣,២៧% ទល់នឹង ៥៦,២០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ