ក្រសួង​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ជា​ច្រើន​​ករ​ណី​លើ​ពលករ​ចំណាក​ស្រុក​​ពី​​ប្រទេស​​ថៃ

នៅ​ថ្ងៃអាទិត្យ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រុមថ្នាក់ដឹកនាំខេត្តនិងមន្ត្រីសុខាភិបាល ​ពិនិត្យ​យក​សំណាក​បងប្អូន​ពលករ​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បរិវេណ​ច្រក​ទ្វារ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងសុខាភិបាលកម្ពុជា រកឃើញមានការកើនឡើងនូវការ​ឆ្លង​​វីរុសកូវីដ-១៩ប្រភេទបំប្លែងថ្មី​ទៅលើ​ព​​ល​ក​រខ្មែរ​ត្រឡប់មកពីប្រទេសថៃ ​ស្របពេលអាជ្ញាធរថៃបិទខ្ទប់មណ្ឌលស្នាក់នៅពលករសំណង់​ទូទាំងក្រុ​ងបាងកក ​និងខេត្តជុំវិញ រយៈពេ​លមួ​យ​ខែ។

ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង ថ្លែងថា ក្រសួងបានរកឃើញករណីផ្ទុះជំងឺកូវីដ-១៩​ ឈ្មោះ «ដែលតា (Delta)» ជាច្រើនករណី លើព​លករចំណាក​ស្រុកត្រឡប់មកពីប្រទេសថៃ។ លោកបន្ត​ថា វីរុ​សបំប្លែងខ្លួនថ្មីនេះមានភាព​សាហាវ​ជាង​វីរុសបំប្លែងខ្លួនមុនៗចំ​នួន១៥ដង។

លោក ម៉ម ប៊ុនហេង បាន​លើកឡើងបន្តនៅក្នុង​សេចក្តីជូនដំណឹង​នោះ​​ថា៖ «ទន្ទឹមនឹងនោះ យើងមិនដឹងថា វីរុសកូវីដ-១៩នេះ​មានអត្តចរិតបែបណានិងនៅកន្លែងណាដែររហូតដល់បច្ចុប្បន្ននេះ ហើយក៏មិន​អាចដឹងដែរថាតើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវី​រុសនេះ ហើយបុគ្គល​ដែលកើតជំងឺកូវីដ-១៩នេះក៏ប្រហែលមិនដឹងខ្លួនថាឆ្លងផង»

ករណីនេះ ក្រសួងបានអំពាវនាវដល់សាធារណជនទាំងអស់ត្រូវ​អនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បី​រួម​ចំណែក​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺកូវីដ-១៩ និងការចម្លងវីរុសពីមនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់​ ជាពិសេស​ត្រូវចូលរួមការពារការចម្លងវីរុសបំប្លែងថ្មីនៅកម្ពុជា។

មន្រ្តី​គម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន ឱ្យ​ដឹងថា អាជ្ញាធរថៃបានចាប់អនុវត្តវិធានបិទខ្ទប់កន្លែងស្នាក់នៅរបស់កម្មករសំណង់បរទេ​សដែលភាគច្រើនជាពលករខ្មែរ ទូទាំងក្រុងបាងកក ដែលមានប្រមាណ៤០០​​ទីតាំង និង​នៅខេត្តជាប់​ទីក្រុងមួយនេះ​ចំនួន៤ទៀត រយៈពេល១ខែ រាប់ចាប់ពីថ្ងៃចន្ទនេះ បន្ទាប់ពីប្រកាសឱ្យដឹងជាមុន នៅថ្ងៃទី២៥​ ខែមិថុនា។ លោកបន្ថែមថា រដ្ឋាភិបាលថៃ​ក៏គ្រោងនឹងបិទខ្ទប់ខេត្តចំនួន១០ផងដែរ។

ប្រភពដដែលបន្តថា សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីតួលេខករណីឆ្លងថ្មីក្នុងសហគមន៍កើនឡើង​ដល់ជាង៥ ០០០ករណី​ក្នុង​មួយ​ថ្ងៃ ដោយ​ភាគច្រើន​រក​ឃើញ​ក្នុង​សហគមន៍ពលករសំណង់ក្នុងរដ្ឋធានី​ដែលមា​នពលរដ្ឋរស់នៅជិត១០លាននាក់។

​មន្រ្តីស​ង្គមស៊ីវិលរូបនេះថ្លែងថា ពលករខ្មែរមួយចំនួនបានសម្រេចត្រឡប់មកស្រុកកំណើតវិញ ដោយ​​​សារ​បារម្ភពី​ការ​បាត់​បង់​កា​​រ​ងារ​ធ្វើនិង​ឆ្លង​ជំងឺ។

លោក សុផុន មានប្រសាសន៍ថា៖ «នៅពេលដែលពួកគាត់ត្រូវប្រឈមនឹងបញ្ហា ពួកគាត់ត្រូវការស្បៀង​អាហារ ត្រូវការ​អីអ៊ីចឹង ថៅកែគាត់អត់បានទទួលខុសត្រូវរឿងហ្នឹង ហើយថៅកែទុកចោល ភាគច្រើននៅតាមតំបន់ពលករសំណង់នៅក្នុងទីក្រុងថេប។ ហើយ[ពលករ]ដឹងថា រដ្ឋាភិបាលថៃប្រកាសបិទអ៊ីចឹងទៀត ធ្វើឱ្យពួកគាត់ភ្ញាក់ផ្អើល ហើយព្រួយបារម្ភរឹងរឹតតែខ្លាំងតែម្តង ហើយមិនថាកន្លែងខ្ញុំ ឬកន្លែងខេត្តផ្សេងៗនោះទេ»

បើតាមប្រភពដដែល អាជ្ញាធរថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥០ភាគរយនៃប្រាក់ខែគោលសរុប សម្រាប់ពលករណាដែលមានបណ្ណរបបសន្តិសុខ ប៉ុន្តែលោកថា ពលករខ្មែរមួយចំនួនមិនមានបណ្ណនេះនោះទេ ដោយសារលិខិតឆ្លងដែនពួកគេហួសសុពលភាព។

ពលករចំណាកស្រុកម្នាក់នៅជាយទីក្រុងបាងកក លោក ផា ម៉ារ៉ាឌី ឱ្យដឹងថា លោកកំពុងជាប់នៅកន្លែងស្នាក់នៅរយៈពេល​១ខែ ​ដោ​យ​ទទួលបានការផ្គត់ផ្គង់របបអាហារមួយថ្ងៃ៣ពេល។ លោកថា ក្រុមហ៊ុនសាងសង់សន្យាផ្តល់ប្រាក់ឧបត្ថម្ភដល់ពលករ៥០ភា​គរយសម្រាប់រយៈពេលនេះ ប៉ុន្តែលោកមិនទាន់ជឿជាក់ថានឹងទទួលបានពិតមែននោះទេ។

លោកបន្ថែមថា នៅការដ្ឋានរបស់លោកមានករណីឆ្លងតិចតួច ប៉ុន្តែលោកមិនដឹងតួលេខពិតប្រាកដនោះទេ។ លោកបន្តថា រូបលោកនិងពលករខ្មែរដទៃទៀតមានប្រមាណជិត១០០នាក់សម្រេច​បន្តរង់​ចាំទ​ទួល​ការងារធ្វើឡើងវិញ ខណៈមួយចំនួនបានត្រ​ឡប់ទៅស្រុ​កកំណើតមុនមានការបិទខ្ទប់។

លោក ផា ម៉ារ៉ាឌី និយាយថា៖ «ពិបាកត្រង់ថា យើងទៅ ក៏វាត្រូវចំណាយពេលច្រើន! ហើយបើយើងនៅនេះទៅ ក៏ចាំមើលស្ថានការគេល្អ មើលទៅវាឆាប់បានការងារធ្វើវិញ ក៏វាល្អ! ហើយបើដល់ស្រុកខ្មែរ ក៏យើងមិនប្រាកដថាយើងត្រូវចំណាយពេលប៉ុ​ន្មានខែប៉ុន្មានថ្ងៃ ដើម្បីបានការងារធ្វើ។ នៅមួយកន្លែងទៅ ព្រោះកន្លែងណាក៏ដូចកន្លែងណាដែរហ្នឹង នៅខ្មែរយើងក៏ឆ្លងច្រើនដែរហ្នឹង»។ 

ទាក់ទងនឹងបញ្ហាបិទខ្ទប់នៅកន្លែងស្នាក់នៅរបស់ពលករសំណង់ខ្មែរក្នុងប្រទេសថៃនេះ អ្នកនាំក្រសួងការបរទេសកម្ពុជា លោ​ក កុយ គួង ប្រាប់ វីអូឌី តាមសារ Telegram យ៉ាងខ្លីថា ក្រសួងនិងស្ថានកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃ កំពុងត្រៀមខ្លួនជួ​យដោះស្រាយបញ្ហាលំបាករបស់ពលករខ្មែរជានិច្ច។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីចំនួនតួលេខករណីរកឃើញវីរុសបំប្លែងខ្លួនថ្មី “ដែលតា” ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃ​នេះ។ 

យ៉ាងណា ក្រសួង​បានប្រកាស​កាលពីថ្ងៃទី១៨​ ខែមិថុនា ពីការរកឃើញករណីវីរុសបំប្លែងខ្លួនថ្មីនេះលើពលករចំណាកស្រុកត្រឡប់ពីប្រទេសថៃចំនួន៧នាក់ បន្ទាប់ពីរកឃើញវីរុសប្រភេទថ្មីដែលរកឃើញលើកដំបូងនៅប្រទេសឥណ្ឌាចំនួន៣ករណីដំបូងកាលពីដើមខែ។ 

តាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងរយៈពេល២៤ម៉ោងចុង​ក្រោយ កម្ពុជារកឃើញករណីនាំចូលជំងឺកូវីដ-១៩ កើនដល់​កំណត់ត្រាថ្មី១៣៥​ករណី ក្នុងចំណោម​តួលេខឆ្លងថ្មីសរុប៨៨៣នាក់ ដែលធ្វើឱ្យករណីនាំចូលសរុបកើនដល់២ ៣១១ករណី ក្នុងចំណោមតួលេខឆ្លងសរុបចំនួន៤៨ ៥៣២ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ