មន្ត្រី​ថា​ការ​រិះគន់​របស់​លោក​ សម រង្ស៊ី ​ដែលថា CPP បង្កើត​ដោយ​​វៀត​ណាម​ជា​​ការ​​បំភ្លៃ​​ប្រវត្តិ​​សាស្ត្រ​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ចាត់ទុកការលើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា គណ​បក្ស​ប្រជាជន​កម្ពុជា (CPP) បង្កើតឡើង​ដោយ​វៀតណាម ថា​ជា​​ការព្យាយាម​​​បំភ្លៃ​​ប្រវត្តិសាស្រ្តខុសពីការពិត និងប្រតិដ្ឋរឿងដែលគ្មានបានការ។

ការឆ្លើយតបពីសំណាក់មន្រ្តីរដ្ឋាភិបាលពេលនេះ ធ្វើឡើង​​បន្ទាប់ពីអតីតប្រធានស្តីទីបក្សប្រឆាំងបាន​លើកឡើង​នៅលើទំព័រហ្វេសប៊ុក​របស់​​លោក ​​នៅ​​ថ្ងៃទី​២៨ ខែមិថុនានេះ​ ដោយ​ចោទ «​គណបក្សប្រជាជនកម្ពុជា» ថាមានដើម​កំណើតមកពីបក្សកុម្មុយនីស្ត​វៀតណាម ដែលមានលោក ហូ ជីមិញ ជាអ្នកបង្កើត។

លោក សម រង្ស៊ី បន្ត​ថា បិ​តា​គណបក្សកុម្មុយនីស្តមួយនេះ គឺមាន​លោក សឺន ង៉ុកមិញ ជាកូនកាត់វៀតណាម ដែលមានឈ្មោះដើមហៅថា ហ្វាម វ៉ាន់ហួរ ហើយ​​​ការដាក់ឈ្មោះ សឺន ង៉ុកមិញ នេះ គឺយកតាម​នាមដើមរបស់លោក សឺន ង៉ុក​ថាញ់ ដែលជាអ្នកស្នេហាជាតិខ្មែរមួយរូបក្នុងសម័យនោះ។

ការរិះគន់របស់លោក សម រង្ស៊ី ធ្វើឡើង​​​ស្របពេលដែលគណបក្សកាន់អំណាចបានប្រារព្ធ​ថ្ងៃកំណើត​បក្សប្រជាជនកម្ពុជា​លើក​ទី​៧០​ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២១) នៅ​​ថ្ងៃ​​ចន្ទ​​នេះ​។

លោក សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការរិះគន់របស់លោក សម រង្ស៊ី ថា​ជាអ្នកនយោបាយខ្វះដើមទុនលេង​​ និង​ជាទម្លាប់របស់​គាត់​ទៅហើយដែលតែងដើរលាបពណ៌គេ​ខុសពីការពិត។ លោកបន្ថែម​ទៀត​ថា គណបក្សកាន់​អំ​ណាច​​​មានប្រវត្តិស្អាតស្អំ ហើយការបង្កើតគណបក្សនេះទៀតសោត គឺជាការជួយឱ្យកម្ពុជាមានស្ថិរភាព មានការឯកភាពផ្ទៃក្នុង និងមានភាព​​ម្ចាស់​​ការ​ពេញលេញក្នុងនាមជារដ្ឋអធិបតេយ្យ។

បើតាមលោក សុខ ឥសាន កម្ពុជាមានប្រវត្តិឈឺចាប់រួចមកហើយដែលមានអ្នកតស៊ូ​​ តែជា​ការតស៊ូ​​មិន​មាន​​រចនាសម្ព័ន្ធ ទើបធ្វើឱ្យចលនានោះត្រូវបរាជ័យក្នុងសមរភូមិនយោបាយរហូត។

លោកបន្តថា៖ «មិនបាច់តែគូប្រជែងជាមួយគាត់ទេ​ដែលគាត់​លាបពណ៌ គាត់វាយប្រហារសូម្បីតែគ្នាគាត់​ពេលដែលធ្វើការបម្រើគាត់ គាត់ថាជាវីរជន តែពេលណាគេបាត់ជំនឿ គេដើរចេញពីគាត់ ថាគេហ្នឹងអាយ៉ង។ អាហ្នឹងរឿងជាធម្មតារបស់ទណ្ឌិតរត់ចោលស្រុក អ៊ីចឹងយើងមិនបាច់​ឆ្ងល់ទេ។ គណបក្សប្រជាជនកម្ពុជា កើតចេញពីណាពីណីជារឿងគាត់អ្នកថា ប៉ុន្តែប្រជាពលរដ្ឋ​ទូទាំងប្រទេសយល់ដឹងថា បក្សប្រជាជនកម្ពុជា កើតចេញពីស្មារតីស្នេហាជាតិ ស្រឡាញ់​ជាតិ និងប្រជាជន»។

បើតាមលោក សម រង្ស៊ី ទម្រាំបានផ្លាស់មកជាគណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃ បក្សកាន់អំណាចមួយនេះបានផ្លាស់​​ប្តូរឈ្មោះជា​បន្ត​បន្ទាប់ទៅ​តាម​​​សម័យ​​កាលនីមួយៗ។ នៅសម័យអាណានិគម​និយមបារាំង មានចលនាមួយឈ្មោះ «ចលនាយៀកមិញ» ដែលដឹកនាំដោយលោក ហូ ជី​​មិញ បានដាក់ឈ្មោះថា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា»។ ហើយនៅសម័យសាធារណៈ ដែលដឹក​នាំដោ​យលោកសេនាប្រមុខ លន់ ណល់ គណបក្សប្រជាជនបដិវត្តន៍កម្ពុជានេះ បានប្តូរឈ្មោះទៅជា«គណបក្សពលករកម្ពុជា» និងបន្ទាប់មកជា«បក្សកុម្មុយនីស្តកម្ពុជា» និងចុងក្រោយ​​ជា​​«គណ​​បក្ស​​ប្រជាជនកម្ពុជា» ដូចសព្វថ្ងៃនេះ។

លោក សម រង្ស៊ី បាន​ថ្លែងបន្ថែម​លើសំណេរ​​បស់​ខ្លួន​​ថា មេដឹកនាំសព្វ​​ថ្ងៃគឺជា​​អ្នក​​ជួយ​​ឱ្យ​​គណបក្សយួន​​កុម្មុយ​​​នីស្តរស់ឡើងវិញ ក្នុងបំណងត្រួតត្រាប្រទេសកម្ពុជាបន្តតាមបំណងរបស់លោក ហូ ជីមិញ។

លោកបន្តថា៖ «ពួកខ្មែរយៀកមិញជំនាញ និងខ្មែររណបយួនជំនាន់ក្រោយ មាន ហេង សំរិន ជា ស៊ីម និង ហ៊ុន សែន បានប្រោសឱ្យគណបក្សប្រជាជនបដិវត្តន៍កម្ពុជារស់ឡើងវិញ ដោយយកឈ្មោះគណបក្សកាលពីដំបូងបង្អស់ គឺកាលពីឆ្នាំ១៩៥១ មកប្រើឡើងវិញ»។

តែយ៉ាងណា យោងតាមសាររបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា ក្នុងទិវារំឭក​ខួប​លើកទី​៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បាន​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជន​បដិវត្ត​ន៍ខ្មែរ» មាន​ប្រភពពីចលនា​តស៊ូស្នេហាជាតិ​របស់​ប្រជាជនកម្ពុជា ប្រឆាំង​ពួកអាណានិគម​និយម​ដើម្បីឯករាជ្យ​ជាតិ។

លោក​នាយករដ្ឋមន្ត្រីបន្តថា គណបក្សនេះបានដឹកនាំប្រជាជន​ធ្វើការ​តស៊ូប្រយុទ្ធ​ ដើម្បី​រំដោះ​ប្រទេស​​ជាតិពីការឈ្លានពានត្រួត​ត្រា​របស់​ពួកបរទេស និងវាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សង្គ្រោះជាតិ​ឡើងវិញ។ 

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថា ការរិះគន់របស់ប្រធានស្តីទីអតីត​​​គណបក្សសង្រ្គោះជាតិនេះ មិន​ត្រឹម​​ត្រូវ​​​តាម​​ប្រវត្តិសាស្រ្តដើមទាំង​​ស្រុង​នោះទេ។ លោក​ថា ​ផ្អែកលើ​ប្រវត្តិ​សាស្រ្ត ដើម​កំណើតគណ​បក្សប្រជាជកម្ពុជានេះ គឺកើតចេញពីសម្ព័ន្ធឥណ្ឌូចិន ដែល​​មាន​​​វៀត​​ណាម កម្ពុជា និងឡាវ ប៉ុន្តែវៀតណាមគឺជាបងធំនៃចលនាសម្ព័ន្ធកុម្មុយនីស្តនៅឥណ្ឌូ​ចិ​នមួយ​នេះ។

លោក​​យល់ឃើញថា ជាមោទកភាពដែរ ក្រោយពីកម្ពុជាមានថ្ងៃទី២៣​តុលា គេឃើញ​​បក្ស​​កាន់​​​​អំណាចមួយនេះបានអនុវត្តនូវគោលការណ៍និងបទដ្ឋានគតិយុត្តិជា​​អន្តរជាតិមួយ​​ចំនួន​​។​​ ប៉ុន្តែការអនុវត្តនេះ ក្រោយៗមកទៀត គណបក្សនេះ​ហាក់ដើរឆ្ងាញពី​​ទម្រង់​​ប្រជាធិបតេយ្យទៅវិញ ដែលនាំឱ្យមានការទិះតៀនចំពោះ​​ការរំ​លោ​​​ភ​គោលការណ៍នានាស្តីពី ប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិពលរដ្ឋជាមូលដ្ឋាន។

លោកបន្តថា៖ «យើងប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស! តែសេរីពហុបក្សមែន ប៉ុន្តែបើយើងមើលបក្សទៅ បក្សប្រឆាំងៗដែលមានច្រើនហ្នឹង ធ្វើឱ្យអន្តរជាតិមិនសូវឱ្យតម្លៃជាបក្សប្រឆាំងពិតប្រាកដទេ ទី១! ហើយទី២ សេរីភាពពលរដ្ឋហ្នឹងត្រូវបានបាត់បង់ មិនបានអនុវត្តពេញលេញតាមគោលការណ៍ច្បាប់និងរដ្ឋធម្មនុញ្ញ»។

យ៉ាងនេះក្តី សម្រាប់លោក ឯម សុវណ្ណរ៉ា ថ្លែងថា ការរិះគន់គ្នារឿងតួនាទីឬប្រវត្តិដើមនៃកំណើតគណបក្សនយោបាយ នេះ ​វាមិន​​ចំណេញ​​អ្វី​សម្រាប់​​កម្ពុជាទេ។ លោកថា ​អ្នកនយោបាយគួររៀនពីប្រវត្តិសាស្រ្ត ហើយកែប្រែចំណុចមិនល្អ និងងាកមកចរចាគ្នា ដើម្បីឱ្យប្រ​​ទេស​​មាន​​ឯក​​ភាពជាតិ និង​មានសេដ្ឋកិច្ចរឹងមាំដូចប្រទេសជាតិខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ