មន្ត្រី​ថា​អគ្គិភ័យ​​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់​បង្ក​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គិស​នី​

ក្រុមពន្លត់អគ្គិភ័យ ចូលអន្តរាគមន៍រកជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យដែលបានកើតឡើងនៅហាងលក់សាច់ប៉ាត់តេ ស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០​០​ ក្រុមទី២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ​នៅវេលាម៉ោង​០៤និង៣០​នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញ​ បានស​ន្និដ្ឋានជាដំបូងថា អគ្គិភ័យដែលបណ្តាលឱ្យ​មនុស្សយ៉ាងហោច​ណាស់​៤នាក់ស្លាប់បាត់បង់ជីវិត និងរបួសស្រាលម្នាក់ គឺ​​បង្ក​ឡើងដោយសារ​ឆ្លងចរន្តអគ្គិសនី​ ប៉ុន្តែសមត្ថកិច្ចនឹងស្រាវជ្រាវបន្ថែមទៀតលើ​ករណីនេះ។

អធិការខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា បើតាមព័ត៌មានបឋម កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គិភ័យមួយបានកើតឡើងទៅលើផ្ទះលក់សាច់ប៉ាត់តេមួយកន្លែងដែលមានទំហំ៨ម៉ែត្រគុណ២២ម៉ែត្រ ស្ថិតនៅ​សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើនថែមទៀត។

លោកមានប្រសាសន៍ថា៖ «ជាការសន្និដ្ឋានបឋម ចំពោះមុខ សមត្ថកិច្ចយើងពាក់ព័ន្ធទាំងអស់កំពុងសហការគ្នាធ្វើការស្រាវជ្រាវបន្ថែម ​យើងមើលទៅវាផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី»។

អធិការរូបនេះបញ្ជាក់ថា មនុស្សដែលស្លាប់នោះ រួមមាន ទី១ ឈ្មោះ សម្បត្តិ បញ្ញា អាយុ១៨ឆ្នាំ, ទី២ ឈ្មោះ ផុន ដាវី អាយុ១៩ឆ្នាំ, ទី៣ ឈ្មោះ ផុន ដាវីត អាយុ១៨ឆ្នាំ និងទី៤ ឈ្មោះ លី អាយុ១៨ឆ្នាំ ដែលពួកគេសុទ្ធតែជាកម្មករបម្រើការងារក្នុងហាងលក់សាច់ប៉ាត់តេមួយនេះ។

លោក ទៀង ច័ន្ទសារ បន្ថែមថា អំឡុងពេលចុះប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន៣៨គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន និងរថយន្តជំនួយមួយគ្រឿង ​ទើបពន្លត់បានទាំងស្រុងនៅ​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។​

របាយ​ការណ៍របស់នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា កាលពីឆ្នាំ​២០២០ មានអគ្គិភ័យកើតឡើងចំនួន៩៣៧ករណី​ បណ្តាលឱ្យមនុស្សចំនួន២៤នាក់ស្លាប់ និងរបួសចំនួន៣៦នាក់។ ចំនួននេះមានការកើនឡើងចំនួន២២០​ករណី បើប្រៀបធៀបទៅនឹងឆ្នាំ​២០១៩៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ