អ្នក​នេសាទ​ព្រួយ​បារម្ភ​ពី​ជីវភាព​ ខណៈ​​ចរន្ត​ទឹក​​បឹង​ទន្លេ​សាប​​មាន​ការ​កើន​ឡើង​យឺត​ក្នុង​រដូវ​ត្រី​ពង​កូន

ស្ថានភាពកម្រិតទឹកទាបនៃផ្នែកមួយនៃដងទន្លេសាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ (វ៉ា សុភានុត)

ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នានេះ កម្រិតទឹកដែលហូរចូលបឹងទន្លេសាប​មានភាពយឺតយ៉ាវនិងមានកម្រិតទាប​ជាង​មុន  ស្របពេលដែលរដូ​វត្រីពងកូនបានមកដល់ ដែលករណី​នេះ​បាន​ធ្វើ​​ឱ្យ​​ប្រជាពលរដ្ឋមួយចំនួន​រស់​នៅ​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប មាន​ក្តីបារម្ភពីការប្រកបមុខរបរនេសាទរបស់​ពួកគេ។  

ទោះជាយ៉ាងណា សម្រាប់​មន្ត្រីរដ្ឋាភិបាលបែរ​ជា​​មានក្តីសង្ឃឹមច្រើន ដោយពួកគេរំពឹងថា ឆ្នាំនេះនឹងមានភ្លៀង​ធ្លាក់ច្រើន​នៅក្នុងតំបន់ ដែលនាំឱ្យបរិមាណទឹកនឹងហក់ឡើងលើសកម្រិត​មធ្យម​ភាគ​ ជាហេតុ​បង្កឱ្យចំនួនត្រីមានការប្រសើរឡើង។

តំបន់​ដីសើមនិងព្រៃជុំវិញបឹងទន្លេសាបដែលលិចលង់ជាមួយទឹកបឹងនេះ ត្រូវបានគេស្គាល់ថា​ជាតំបន់សម្បូរទៅដោយជីវចម្រុះ ត្រី សត្វ និងរុក្ខជាតិផ្សេងៗទៀត។

អ្នកស្រី ប៉ាន់ គឹមហាង អាយុ៤៥​ឆ្នាំ មានប្រសាសន៍ថា បច្ចុប្បន្ន​ ឈានចូលដល់ជិតដាច់​ខែមិថុនាទៅ​ហើយ ប៉ុន្តែទឹកនៃបឹងទន្លេសាបនៅមិនទាន់ឡើង​ដល់ក្រោមផ្ទះរបស់គាត់​នៅ​ឡើយ។

អ្នកស្រី ប៉ាន់ គឹមហាង អាយុ៤៥​ឆ្នាំ និងអ្នកស្រី លម សំធា អង្គុយផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធស្ថានភាពជីវភាពស្របពេលមានក្ដីបារម្ភពីកម្រិតទឹកទន្លេសាបមានការកើនឡើងយឺត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ (វ៉ា សុភានុត)

អ្នកស្រីមានប្រសាសន៍ថា៖ «ឆ្ងល់ថាឆ្នាំមុនៗ កាលពួកខ្ញុំនៅតូច ខែ៥[ឧសភា] ខែ៦[មិថុនា​]អី ទឹក​ចាប់ផ្ដើមឡើង! ដល់ពេលនេះ ខែ៥ ខែ៦ អត់មានទឹក​ទេ! ពេលអត់មានទឹក ខ្លាចបាត់បង់ជីវិត វាអត់មានអីរក អត់មានអីរក អត់មានអីហូប អត់​មានអីចិញ្ចឹមកូន»។

អ្នកស្រីបន្ថែមថា ត្រីប្រភេទមានតម្លៃមួយចំនួនដូចជា ត្រីឆ្ដោ ក៏មិនសូវសម្បូរ​ដូចពីមុនដែរ។

បើតាមស្ត្រីម្នាក់ទៀតឈ្មោះ លម សំធា ក៏​បានកត់សម្គាល់ដូចគ្នាដែរ​ថា ក្នុង​ឆ្នាំនេះ ទឹក​ឡើងហាក់​បី​ដូចជា​យឺត​ជាង​រាល់ឆ្នាំ។

អ្នកស្រី សំធា មានប្រសាសន៍ថា៖ «អត់ដឹងដែរ ថាហេតុអ្វីបានទឹកអត់ឡើង ដូចទឹកវាក្រឡើង ពីមុនវាឡើងហើយ! បើបានទឹកធំទៅ យើងរកស្រួល ទឹកតូច ពិបាក អត់មានត្រី។ យើងទៅនេសាទ វារកអត់បាន ទឹកធំ យើងទៅនេសាទដឹងតែរកបាន»។

យ៉ាងណាមិញ ក្រៅពីប្រកបរបរជាអ្នកនេសាទ គ្រួសារដែលមានកូនប្រុស២នាក់​រូបនេះ ក៏ប្រកបរបរ​ជាអ្នកចែវទូកដឹកភ្ញៀវទេសចរ​ផងដែរ។

អ្នកនេសាទម្នាក់ទៀត គឺលោក ជា សម្បត្តិ មានប្រសាសន៍ថា អំឡុងខែនេះ វាមាន​សារៈសំខាន់​​ណាស់សម្រាប់​ជោគ​វាសនា​គ្រួសារអ្នកនេសាទនៅក្នុងរយៈពេលពេញមួយឆ្នាំ ដោយ​សារតែជារដូវត្រីពងនៅតាមតំបន់ព្រៃលិចទឹក។ លោកថា បើគ្មានទឹកឡើងទេ​ នឹងលែងមានត្រី​ពងកូនច្រើនទៀតដែរ។

តំណាងសហគមន៍នេសាទទន្លេសាប លោក ឌុល ប៊ុនថា បានកត់សម្គាល់ថា ដោយសារឆ្នាំនេះអត់សូវមានភ្លៀងដូចឆ្នាំរាល់ដង និងតំបន់ខាងលើទន្លេមេគង្គក៏មិនទាន់មានទឹកហូរចូលទៅកាន់បឹងទន្លេសាប ទើបបណ្ដាលឱ្យចរន្តទឹកមានការកើនឡើងយឺត។

មូលហេតុនិងកត្តាដែលនាំឱ្យទឹកទន្លេទាបជាងមុន​នេះ ត្រូវបាន​​អ្នកស្រាវជ្រាវមួយចំនួនចង្អុល​បង្ហាញ​ថា ដោយសារតែ​​ការធ្វើទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេស​ចិន ដែលបណ្ដាលឱ្យបិទខ្ទប់នៃលំហូរទឹកដែលត្រូវធ្លាក់ចុះមក។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន បង្ហាញថា ដើមហេតុនាំ​ឱ្យកម្ពស់ទឹកទាបនេះ ដោយសារ​តែ​ការប្រែប្រួលអាកាសធាតុ ប៉ុន្តែ​ស្ថានភាពកម្ពស់ទឹកក្នុងឆ្នាំនេះនឹងល្អប្រសើរជាងរាល់ដង។ 

គណៈកម្មការទន្លេមេគង្គដែលជាស្ថាប័នអន្តររដ្ឋាភិបាលបានកត់ត្រា​កម្ពស់​ទឹក​ទន្លេសាប នៅព្រែកក្តាម ថាមានកម្រិត២,៣៤​ម៉ែត្រ គិតត្រឹមថ្ងៃចន្ទ ដែលនោះគឺខ្ពស់ជាងឆ្នាំ​២០១៩ និង២០២០ ដែល​មានជម្រៅ​១,២៨ម៉ែត្រ​ និង ១,៣៨​ម៉ែត្រ ប៉ុន្តែកម្ពស់នេះ​នៅ​តែ​ទាប​ជាង​កម្ពស់មធ្យម៣,៤៤​ម៉ែត្រ។

លោក ឈន គុជ​ស៊ាក់ ជំទប់ទី១ ឃុំ​កំពង់​ភ្លុក​ និយាយថា កម្រិតកម្ពស់ទឹកទាប ដោយសារ​តែមាន​ភ្លៀង​តិច ហើយ​នេះ​គឺជារឿង​​ធម្មតា​​ដែលតែងតែកើត​​ឡើង។ ថ្វីត្បិត​តែនេះជា​រដូវ​ត្រីពង ប៉ុន្តែ​​ពួកវា​គ្រាន់​តែពង​ប៉ុណ្ណោះ ហើយ​លោក​​រំពឹង​ថា នៅចុងខែកក្កដានេះ ចរន្តទឹកនឹងកើនឡើង​ដែលនាំឱ្យត្រីអាចញាស់បាន។

អនុប្រធានអាជ្ញាធរទន្លេសាប លោក ម៉ៅ ហាក់ បានគូសបញ្ជាក់​ថា ឆ្នាំនេះនឹងមានភ្លៀងធ្លាក់ល្អប្រសើរជាងឆ្នាំមុន ហើយគាត់រំពឹងថា ទឹកភ្លៀងនឹងបណ្ដាលឱ្យលិចព្រៃនៅជុំវិញបឹងទន្លេសាប ដែលនាំឱ្យត្រីនៅក្នុងបឹងអាចញាស់បាន។

លោកមាន​ប្រសាសន៍ថា៖ «យើងមើល គឺស្ថានភាពអាកាសធាតុវាអំណោយផល ភ្លៀងក៏មានដែរ វានឹងកើនឡើងអាចជាលំដាប់ អាចថាពាក់កណ្ដាលខែ៧ [កក្កដា] វាឡើងដល់កម្រិតព្រៃលិចទឹក។ ឆ្នាំមុន ខែនេះ ទឹកនៅបឹងអត់ទាន់ឡើងអីបន្តិចផង»។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ បាននិយាយថា កម្ពស់ទឹកទន្លេមេគង្គបានស្ទុះឡើងនៅទូទាំងតំបន់ រួមមាន ក្នុងប្រទេសកម្ពុជា ថៃ ឡាវ និង​វៀត​​ណាម។

លោក ណាវុធ និយាយថា៖​​​​ «ទឹកទន្លេមេគង្គបានកើនកម្ពស់គ្រប់គ្រាន់ ដោយសារមានភ្លៀងធ្លាក់ច្រើននៅក្នុងអាង​ទន្លេមេគង្គ​ប៉ែកខាងលើ​ប្រទេស​កម្ពុជា ធ្វើឱ្យទឹកទន្លេមេគង្គចាប់ផ្ដើមឡើងហើយ ចាប់ផ្ដើមហូរចូលបឹងទន្លេសាប។ អ៊ីចឹង​យើង​នឹងសង្កេតឃើញយ៉ាងដូច្នេះ​ចាប់ពីពេលនេះតទៅ រហូតដល់ខែតុលា»។

អ្នកពិគ្រោះយោបល់​ឯករាជ្យស្តីពីការប្រែប្រួលអាកាសធាតុ លោក ហែម ឧត្តម និយាយថា ការ​ឡើង​កម្ដៅផែនដីនិងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទំនងជានឹងរួមចំណែកដល់ការខ្វះទឹកនៅទន្លេសាប។

លោក ឧត្តម និយាយទៀតថា ទំនប់វារីអគ្គិសនីថ្មីៗដែលទើបសាងសង់រួច បានបង្ខាំងទឹករាប់លានម៉ែត្រ​គូប ខណៈបឹងទន្លេសាបកំពុងហួតទឹកច្រើនឡើង ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់។

លោក​មានប្រសាសន៍ថា៖ «យើងឃើញថា ទំនប់ [វារីអគ្គិសនី] តាំងពីខ្សែ​ទឹក​ខាងលើនៅក្នុង​ប្រទេសចិននោះមាន១១ ទៅ១២​ហើយ។ នៅខាងក្រោមនេះ គេគ្រោង១២ទំនប់ទៀត ឡាវបានសាងសង់៣ទំនប់ហើយ។ អ៊ីចឹងយើងឃើញថា ទឹក​ហ្នឹងបាន​រាំង​ខ្ទប់​ទំនប់មួយៗ ទម្រាំតែហូរមកដល់ផ្នែកខាងក្រោម ហើយចាក់ចូល​ទន្លេ​សាប»។

ការព្យាករមួយដែលត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ ដោយនាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹក ឱ្យដឹងថា ទឹកភ្លៀងនៅដើមរដូវវស្សានេះអាចខ្ពស់ជាងកម្រិតមធ្យមដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយការព្យាករ​នេះក៏បង្ហាញ​ថា​ ជំនន់ទឹក​ភ្លៀង​អាច​កើត​មាន​ឡើងក្នុង​អំឡុង​ខែ​សីហាដល់​ខែ​កញ្ញា។

យ៉ាងណាក៏ដោយ សម្រាប់​ប្រជាពលរដ្ឋរស់នៅឃុំ​កំពង់ភ្លុក នៅតែមាន​ការ​ភ័យ​ខ្លាច បើទោះបីជាការព្យាករ​បានចង្អុលថា ទឹកអាចនឹងមានគ្រប់គ្រាន់ក៏ដោយ។

អ្នកស្រី គឹមហាង សង្កេតឃើញថា ចរន្តទឹកឡើងនៃបឹងទន្លេសាបនៅតែមិនទាន់ឈានដល់ក្រោមផ្ទះរបស់គាត់ដូចឆ្នាំមុនៗ ហើយគាត់និយាយទៀតថា ប្រាក់ចំណូលរបស់គាត់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខណៈអ្នកស្រីមានការព្រួយបារម្ភថា ឆ្នាំនេះនឹងជួបការលំបាកម្តងទៀត។

អ្នកស្រីនិយាយថា ប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់ក្នុងរដូវនេសាទបានធ្លាក់ចុះពី៤០ ០០០រៀល​ ទៅ១០០ ០០០​រៀល ក្នុងមួយថ្ងៃ មកត្រឹម២០ ០០០រៀ​ល ទៅ៣០ ០០០​រៀលប៉ុណ្ណោះ។

អ្នកស្រីមានប្រសាសន៍ថា៖ «ខ្លាចជាងគេ គឺត្រី [ពួកយើង] ខ្លាចវាបាត់បង់ត្រី»។

បឹងទន្លេសាប ដែលមានព្រំប្រទល់ជាប់នឹងខេត្តចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ មានការរីកមាឌយ៉ាងខ្លាំងជារៀងរាល់ឆ្នាំក្នុងរដូវវស្សា នៅពេលដែលទឹកហូរបញ្ច្រាស ហើយទឹកទន្លេមេគង្គហូរចូល។ អាជ្ញាធរទន្លេសាបនិយាយថា ៦២ភាគរយនៃបរិមាណទឹកនៃបឹងទន្លេសាបដែលកើនឡើងនៅរដូវវស្សា បានមកពីទន្លេមេគង្គ និង៣៨ភាគរយមកពីទន្លេជុំវិញចំនួន១១ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ