តុលាការ​សម្រេច​​ឃុំ​ខ្លួន​មន្ត្រី​យោធា​និង​នគរ​បាល​​​​៩​នាក់​​ ​ពាក់ព័ន្ធ​ការ​សម​គំនិត​នាំ​ឈើ​ខុស​​ច្បាប់​​​ទៅ​​​វៀត​​ណាម ​

ជនសង្ស័យដែលគប់គិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឱ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម ត្រូវបានក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងឃាត់ខ្លួន ក្នុងករណីបទល្មើសព្រៃឈើដែលបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ (ហ្វេសប៊ុក៖ GRK News)

សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនមន្ត្រីយោធានិងនគរបាលចំនួន៩នាក់ជាបណ្តោះអាសន្ន​នៅពន្ធនាគារខេត្ត ពាក់ព័ន្ធការសមគំនិតគ្នាជាមួយឈ្មួញ ដើម្បីនាំឈើខុសច្បាប់ចេញ​ទៅប្រទេស​វៀតណាម។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ ឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ឈឺន មករា សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នមន្ត្រីយោធា៦នាក់និងនគរបាល៣នាក់នៅពន្ធនាគារខេត្តមណ្ឌលគិរី។

ដីកាបញ្ជាក់ថា មន្ត្រីយោធា៥នាក់ រួមមាន​ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២ លោក អ៊ុក ណាខៃ, មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ ឈរជើងនៅអូរហ៊ុច លោក ឡឹក ញែក, លោក ផន សុផល ​និងលោក អ៊ាង ចាន់ឌី ព្រមទាំងមេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូរហ៊ុច វ៉ាន់ ចន្ធារី។ 

ដោយឡែក មន្ត្រីនគរបាល៣រូបផ្សេងទៀត រួមមាន ​លោក ព្រំ វណ្ណៈ លោក ផាត សុឡេង ​នាយរងប៉ុស្តិ៍អូរហ៊ុចនគរបាលការពារព្រំដែន និងលោក លាង ភារ័ត្ន ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនអូរហ៊ុច។ ក្នុងដីកាដដែលបញ្ជាក់ថា ពួកគេទាំង៨នាក់ត្រូវបានចោទចំនួន៣បទចោទ។ 

បទចោទទី១ «រួមគំនិតក្នុងអំពើនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាបណ្ណ» តាមមាត្រា​២៧​ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨៩ នៃច្បាប់ស្តីពីព្រៃឈើ និងបទចោទទី២ «ការធ្វើសកម្មភាព​ទាំងឡាយណា ដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់និងប្រយោលជួយដល់អាជីវកម្មព្រៃឈើ» តាមមាត្រា១០០​ នៃច្បាប់ស្តីពីព្រៃឈើ និងបទចោទមួយទៀត «ជួយសម្រួលក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់» តាមមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ខណៈមន្ត្រីយោធាម្នាក់ទៀត លោក ឌួង ចាន់វីរៈ ដាក់ឱ្យស្ថិតក្រោមការពិនិត្យ​ពី​បទ «ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់និងមានស្ថានទម្ងន់ទោស»

​អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ​សុំមិនបកស្រាយបន្ថែមពាក់ព័ន្ធករណីនេះ​ទេ ដោយលោកថា គណៈកម្មការកំពុង​​ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកបន្ថែមថា៖ «សូមចូលមើលក្នុងផេកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្ត គឺមានតែប៉ុណ្ណឹងទេ! ព្រោះពាក់ព័ន្ធការស៊ើបអង្កេត គេកំពុងធ្វើបន្ត។ ខ្ញុំមិនអាចឆ្លើយបានទេ»។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួន​កាលពីថ្ងៃទី២៥ និង​ថ្ងៃទី​២៦ ខែ​មិថុនា ​ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមបន្ទាត់​ព្រំដែន (អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួនមន្ត្រីយោធានិងនគរបាលជាបន្ត​បន្ទាប់ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់នោះ។

ប្រភពដដែល​ឱ្យដឹងថា អ្នកដែលត្រូវបានឃាត់ខ្លួននោះ បានសមគំនិតគប់គិតគ្នាជាមួយជនជាតិវៀតណាម ដោយបើកផ្លូវឱ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម ហើយក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងជាឈើមូលប្រភេទស្រឡៅចំនួន២៥២​កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង និងរណារយន្ត១គ្រឿង។

មន្រ្តីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានសាទរចំពោះចំណាត់ការស្ថាប័នពាក់ព័ន្ធនិង​​តុលាការ ទៅលើ​​មន្ត្រីយោធានិងនគរបាលដែល​ពាក់ព័ន្ធបទល្មើស​ព្រៃឈើនេះ។

ប៉ុន្តែលោកស្នើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងតុលាការខេត្តមណ្ឌលគិរី ត្រូវសើរើសំណុំរឿងចាស់ៗ និង​ស្រាវជ្រាវចាប់អ្នកពាក់ព័ន្ធផ្សេងទៀតមកដាក់ទោស ជាពិសេសមន្ត្រីជាន់ខ្ពស់មានអំណាច ឧកញ៉ា និងឈ្មួញឈើដែលមានឥទ្ធិពល ជាដើម។

លោកបន្ថែមថា៖ «យើងមើលទៅ វាឃើញថា ជាគំរូល្អហើយ! ប៉ុន្តែធ្វើបានតែលើមន្ត្រីតូចតាច ចំពោះមន្ត្រីជាន់ខ្ពស់ ឧកញ៉ា និងឈ្មួញដែលមានឥទ្ធិពលមួយចំនួននោះ មិនត្រូវបានធ្វើអ្វីទាំងអស់។ ហើយកន្លងមក យើងមើលឃើញថា មិនមែនមានតែមន្ត្រីធំៗនិងឧកញ៉ាទេ សូម្បីតែមន្ត្រីតុលាការខេត្ត​មណ្ឌលគិរីហ្នឹង ក៏ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះដែរ។ អ៊ីចឹងយើងទាំងអស់គ្នា​ សុំឱ្យតុលាការចាត់វិធានការទៅលើសំណុំរឿងចាស់ៗហ្នឹង ដោយនាំខ្លួនអ្នកដែលពាក់ព័ន្ធមកដាក់ទោសឱ្យខានតែបាន ពីព្រោះបទឧក្រិដ្ឋហ្នឹងធំជាងបទឧក្រិដ្ឋដែលកើតពេលនេះ​ទៀត»។​

កាលពីឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចាប់និងបញ្ជូនមនុស្ស៥៩នាក់ទៅតុលាការ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើនៅទូទាំងប្រទេស ក្នុងនោះគឺមានឧកញ៉ា២នាក់ ដូចជា ឧកញ៉ា ស៊ឹង សំអុល និងឧកញ៉ា គង់ ក្រឹង ផងដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ