រដ្ឋា​ភិបាល​ចេញ​វិធាន​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី​កុំ​ឱ្យ​ឆ្លង​ចូល​សហគមន៍៍

នៅ​ថ្ងៃអាទិត្យ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រុមថ្នាក់ដឹកនាំខេត្តនិងមន្ត្រីសុខាភិបាល ​ពិនិត្យ​យក​សំណាក​បងប្អូន​ពលករ​និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បរិវេណ​ច្រក​ទ្វារ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

រដ្ឋាភិបាលដាក់ចេញវិធានការមួយចំនួនដល់អាជ្ញាធរខេត្តជាប់ព្រំដែនថៃ ក្នុងនោះមានទាំងឱ្យបង្កើនទីតាំងធ្វើចត្តាឡីស័ក ស​ម្រា​ប់​តាមដានសុខភាពពលករឆ្លងដែន ដើម្បីទប់ស្កាត់រលកចម្លងកូវីដ-១៩បំប្លែងថ្មី កុំឱ្យឆ្លងចូលទៅកាន់សហគមន៍ ក្រោយពីក្រសួងរកឃើ​ញ​​មេរោគប្រភេទថ្មីនេះកើតលើពលករជាបន្តបន្ទាប់ដែលមានចំនួនសរុប២២នាក់រួចមក។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយក្នុងលិខិតចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ដើម្បីគ្រប់គ្រងមេរោគបំប្លែងថ្មីប្រភេទ Delta ដែ​លបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍ លោកបានដាក់ចេ​ញវិធានការ៩ចំណុចឱ្យមន្ត្រីពាក់ព័ន្ធអនុវត្ត ពិសេសអាជ្ញាធរខេត្តជាប់ព្រំដែនថៃ។

បើតាមលិខិតនោះ អាជ្ញាធរពាក់ព័ន្ធត្រូវគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស ដោយចាត់វិធានធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានវិលចូលកម្ពុជាវិញ ត្រូវសាងសង់និងជួសជុលបន្ទាន់មណ្ឌលធ្វើចត្តាឡីស័កបន្ថែមតាមមាត់ច្រកទ្វារព្រំដែន។

វិធានធ្វើចត្តាឡីស័ក ឬការតាមដានសុខភាពអ្នកពាក់ព័ន្ធ ត្រូវដាក់ដាច់ដោយឡែកពីគ្នារវាង​ពលករដែលត្រឡប់មកពីប្រទសថៃ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងត្រូវ«បង្កើតឱ្យមានមណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់»។

មួយវិញទៀត អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរថៃ ដើម្បីពង្រឹងការគ្រប់គ្រងលំហូរចូលនៃប្រជាពលរដ្ឋនិងពលករខ្មែរដែលវិលត្រឡប់ចូល​កម្ពុជាវិញ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនសម្ភារបរិក្ខារសុខាភិបាល​ និងការផ្គត់ផ្គង់ស្បៀងអាហារ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានគូសបញ្ជាក់ថា កងកម្លាំងនៅជួរមុខដែលប្រចាំការនៅតាមច្រកទ្វារព្រំដែន ត្រូវធ្វើតេស្តប្រចាំខែ។ អាជ្ញាធរខេត្តត្រូវអនុញ្ញាតឱ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែ​ន​រៀងរាល់ថ្ងៃ ដោយត្រូវអនុវត្តការធ្វើតេស្តរហ័សនេះរៀងរាល់៧២ម៉ោងម្តងជាដើម។

អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យ លោក សឿម ប៊ុនរិទ្ធ និយាយថា ខេត្តជាប់ព្រំដែនមួយនេះបានដាក់ផែនការទៅដល់អភិបាលក្រុង-ស្រុកទាំង១៤ ឱ្យត្រៀមពង្រីកមណ្ឌលធ្វើចត្តាឡីស័កក្នុងស្រុកនិងក្រុងនីមួយៗដែលអាចផ្ទុកមនុស្សបានជាង៥០០នាក់ ដែលសរុបទូទាំងខេត្តអាចផ្ទុកមនុស្សបានប្រមាណ​៨ពាន់នាក់ រួមទាំងវិធានមួយចំនួនទៀត។

លោកថា៖ «វិធានថ្មី យើងបានអនុវត្តបានពីរថ្ងៃមុនមកហើយ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរយើងដែលចូលទៅប្រទេសថៃ ទៅទិញទំនិញ ទិញអីហ្នឹង ត្រូវធ្វើសំណាក ធ្វើតេស្តរហ័ស ដើម្បីរកជំងឺកូវីដ-១៩។ បើករណីអវិជ្ជមាន យើងឱ្យគាត់ទៅ បើករណីវិជ្ជមាន យើងស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកធ្វើចត្តាឡីស័ក បើអ្នកវិជ្ជមាន យកមកព្យាបាល។ ពាក់ព័ន្ធនឹងពលរដ្ឋថៃ យើងធ្វើដូចគ្នា»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ផងដែរថា ក្នុងខេត្តបាត់ដំបងរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩បំប្លែងថ្មី៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ។

ការដាក់ចេញវិធានការសុខាភិបាលនេះ បានធ្វើឡើងស្របពេលក្រសួងសុខាភិបាលបង្ហាញជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ថាបានរកឃើញកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ចំនួន២២ករណី គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ជាករណីនាំចូល ពិសេសរកឃើញលើពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ។

ការរកឃើញកូវីដ-១៩បំប្លែងថ្មីនាំចូលពីក្រៅប្រទេស រួម​ទាំងរលកចម្លងក្នុងប្រទេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងតែបន្តឆ្លងចូលទៅកាន់ទីផ្សារនិងបណ្តុំកម្មករក្នុងរោងចក្រឥតស្រាកស្រាន្តនេះ ​អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រាប់ថា ជាប់រវល់។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ លោកស្រីបានបន្តក្រើនរំឭកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ ចូលរួមអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយថា រលកចម្លងហាក់បានរុញកម្ពុជាឱ្យរំកិលទៅហួសបន្ទាត់ក្រហម។

លោកស្រីថា៖ «ឥលូវហ្នឹងយើងសឹងតែឈានផុតបន្ទាត់ក្រហមហើយណា! អ៊ីចឹងយើងអត់ចង់ឱ្យការវាយលុករបស់កូវីដ-១៩នេះ​​​លើសពីបន្ទាត់ក្រហមរបស់យើងទេ ហើយបើកាលណាលើសពីបន្ទាត់ក្រហមហើយ ពិបាកណាស់ ដែលគេហៅថាការរាត​ត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ បើសិនជាការរាតត្បាតជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង មូលដ្ឋានសុខាភិបាល​សាធា​​​រណៈ មន្ទីរពេទ្យ ត្រូវតែហួសពីសមត្ថភាពហើយ»។

អ្នកប្រកបមុខរបររត់កង់បីនៅភ្នំពេញ លោក យី វាន់យុត និយាយថា បើវិបត្តិកូវីដ-១៩ ចេះតែអូសបន្លាយ ជីវភាពគាត់អាចប្រឈមខ្លាំង ជាពិសេសបញ្ហាបំណុលដែលចេះតែកើនឡើងឥតឈប់ឈរ។

លោកថា៖ «យកទិញកង់បីឥណ្ឌាហ្នឹងផង យកសងគេផង វារាងក្រែលដែរ! ជាប់៦ពាន់ដុល្លារ [រកបានបង់ដែរសព្វថ្ងៃ ទប់បានទេ?] ខ្ញុំខ្ចីប្អូនយកមកបង់ប្រមាណជា៧ទៅ៨ខែហើយ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើទោះបីកន្លងទៅរដ្ឋាភិបាលបានបញ្ចេញប្រាក់ជួយអ្នកងាយរងគ្រោះមួយចំនួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រួមទាំងអ្នករស់នៅក្នុងតំបន់បិទខ្ទប់ខ្លះក៏ដោយ ក៏ទំហំនេះមិនទាន់អាចរើខ្លួនរួចពីបញ្ហាបំណុលបាននៅឡើយទេ។

លោកផ្តល់ជាយោបល់ ខណៈដែលរដ្ឋាភិបាលមិនមានលទ្ធភាពកាត់ផ្តាច់រលកចម្លងនេះនៅឡើយ រដ្ឋាភិបាលគួរពិនិត្យមើលពីការបន្ធូរបន្ថយការយកពន្ធ យកផាស៊ី ឬពន្យារការសងបំណុល រួមទាំងបញ្ចេញកញ្ចប់ថវិកាជាតិ បង្កើនជំនួយសង្គម ឧបត្ថម្ភដល់អ្នកងាយរងគ្រោះក្នុងវិបត្តិកូវីដ-១៩ នោះទើបអាចឈានទៅសម្រេចនៃការកាត់ផ្តាច់រលកចម្លងបាន។

លោកថា៖ «ដោយសារតែរដ្ឋកន្លងទៅ បានពន្ធបានចំណូលពីប្រជាពលរដ្ឋដែលរកស៊ីហ្នឹងច្រើនតើ! ដល់ឥលូវ ពលរដ្ឋជួបការលំបា​ក រដ្ឋមានតួនាទីជួយពលរដ្ឋក្នុងការសម្រាលបន្ទុករបស់ពួកគាត់។ កាលណាគាត់ [ពលរដ្ឋដែលរងផលប៉ះពាល់] អត់មានអីសោះ វាធ្វើឱ្យមានបញ្ហា​ច្រើននៅក្នុងសហគមន៍និងសង្គមហ្នឹងផងដែរ»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង កាលពីថ្ងៃទី២៨ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងថា ជំងឺកូវីដ-១៩​ ឈ្មោះ «ដែលតា (Delta)» ជាវីរុ​សបំប្លែងខ្លួនថ្មី មានភាព​សាហាវ​ជាង​វីរុសបំប្លែងខ្លួនមុនៗចំ​នួនដល់ទៅ១៥ដង។

គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជាង៥ម៉ឺននាក់ (៥០ ៣៨៥) ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួនជាង៤ម៉ឺននាក់ (៤៤ ១៤៣) អ្នកស្លាប់សរុប៦០២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុបជាង២ពាន់នាក់ (២ ៥៤៨)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ