តុលាការ​ខេត្ត​កំពង់ធំ​សម្រេច​ឱ្យ​មន្ត្រីបរិស្ថាន​ម្នាក់​នៅ​ក្រៅ​ឃុំ​ ក្រោយ​​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​អ្នក​កាប់​ឈើ​រង​របួស​

អគារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ)

សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យមន្ត្រីបរិស្ថានម្នាក់នៅក្រៅឃុំបណ្តោះអាសន្ន ក្រោយពីមន្ត្រីបរិស្ថានរូបនោះបានប្រើប្រាស់​អាវុធបណ្តាលឱ្យពលរដ្ឋចូលកាប់ឈើក្នុងតំបន់ការពារម្នាក់រងរបួសធ្ងន់។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ មានការចុះផ្សាយថា ពលរដ្ឋម្នាក់ឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានមន្ត្រីបរិស្ថានម្នាក់ឈ្មោះ ចក់ សុជាតិ បាញ់ឱ្យរងរបួសត្រង់ភ្លៅ ខណៈ​ចុះទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនអភិរក្សព្រៃអង់តែន ស្ថិតនៅត្រពាំងឪឡឹក ស្រុកសន្ទុក ខេត្តកំពង់ធំ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា តុលាការសម្រេចឱ្យមន្ត្រីបរិស្ថាន លោក ចក់ សុជាតិ នៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែមិថុនានេះ។ លោកថា ការឱ្យនៅក្រៅឃុំនោះមិនមែនជាការបញ្ចប់សំណុំរឿងនេះឡើយ ប៉ុន្តែតុលាការទុកពេលឱ្យសមត្ថកិច្ចស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀត ដោយសារភាគីជម្លោះទាំងពីរបានអះអាងពីភាពត្រឹមត្រូវរៀងខ្លួន។

លោកបន្ថែមថា៖ «មន្ត្រីបរិស្ថានគាត់ព្យាយាមថា គាត់អនុវត្តការពារខ្លួន មិនមែនគាត់បាញ់សំដៅទៅលើពលរដ្ឋទេ ប៉ុន្តែខាងពលរដ្ឋថា មន្ត្រីបរិស្ថានហ្នឹងបាញ់ទៅលើគាត់។ ដល់អ៊ីចឹង យើងបានឱ្យខាងស្នងការនគរបាលខេត្តទៅស្រាវជ្រាវបន្ថែម។ ហើយតាមរយៈស្នងការគាត់ស្រាវជ្រាវឃើញថា ករណីនេះ មន្ត្រីបរិស្ថានអនុវត្តការពារខ្លួន។ គាត់[ស្នងការ]ថា បាញ់នេះបាញ់ទៅ វាផ្លាតគ្រាប់ចំពលរដ្ឋ។ អ៊ីចឹងដោយសារតែយើងមានលក្ខណៈស្រពេចស្រពិល យើងបានឱ្យខាងមន្ត្រីបរិស្ថានហ្នឹងទៅផ្ទះសិន ប៉ុន្តែសុំណុំរឿង យើងនៅតែបន្តធ្វើការស៊ើបអង្កេតទៀត»

ស្នងការរងខេត្តកំពង់ធំ លោក ទិត្យ សំណាង ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា តាមរយៈសមត្ថកិច្ចស្រាវជ្រាវនិងស៊ើបអង្កេត រឿងនេះមិនមែនជាករណីមនុស្សឃាត​ឬករណីហិង្សាដោយចេតនានោះទេ។ លោកបញ្ជាក់ថា នៅពេលមន្ត្រីបរិស្ថានចុះបង្ក្រាបបទល្មើសនោះ បានរត់ដួលហើយរាលកៃកាំភ្លើងបណ្តាលឱ្យផ្ទុះត្រូវជនរងគ្រោះត្រង់ភ្លៅតែម្តង។

លោកបន្ថែមថា៖ «ករណីអចេតនាទេ ដោយសារពេលគាត់ចុះបង្ក្រាបបទល្មើសព្រៃឈើទៅ ហើយគាត់បានរត់ដួល វារាលកៃទៅប៉ះ។ […] ហើយបានចោទពីបទហិង្សាដោយអចេតនាដោយមានអាវុធ»

វីអូឌី មិនអាចរកការបញ្ជាក់ពីជនរងគ្រោះ លោក ប៉ុន ផល្លា បានទេ នៅថ្ងៃពុធនេះ។

តែយ៉ាងណា នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទោះបីជាអំពើហិង្សានេះកើតឡើងដោយអចេតនាក៏ដោយ តុលាការត្រូវអនុវត្តទៅតាមច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ចនិងតុលាការទៅលើមន្ត្រីបរិស្ថានដែលជាមន្ត្រីរដ្ឋដូចគ្នានោះ។

លោក អំ សំអាត បន្តថា ប្រសិនបើការអនុវត្តច្បាប់មិនបានត្រឹមត្រូវ នឹងរងការរិះគន់ពីប្រជាពលរដ្ឋ ថាការអនុវត្តច្បាប់លម្អៀងទៅលើមន្ត្រីបរិស្ថាន ខណៈមន្ត្រីនេះបានប្រើប្រាស់កាំភ្លើងបាញ់ឱ្យប្រជាពលរដ្ឋរបួសទៅហើយនោះ។

លោកបន្ថែមថា៖ «បើសិនជាការអនុវត្តច្បាប់ បើយើងពិនិត្យមើលទាំងអស់ហ្នឹងជាចេតនាឬ​អចេតនា គឺការប្រើប្រាស់កាំភ្លើង។ អ្នកប្រើប្រាស់បានដឹងហើយពីរឿងទាំងអស់ហ្នឹង។ អ៊ីចឹងបញ្ហាទាំងអស់នេះ ខ្ញុំគិតថា គួរតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីឱ្យមានជំនឿពីប្រជាពលរដ្ឋ។ បើកាលណាមានការដោះលែងអ៊ីចឹង វានឹងមានការរិះគន់និងការអាក់អន់ស្រពន់ចិត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ