សាច់​ញាតិ​យុវតី​២​នាក់​ស្លាប់​សង្ស័យ​ពុល​ស្រា​​ ស្នើ​អាជ្ញាធរ​​ស៊ើប​អង្កេត​ករណី​នេះ​បន្ថែម​ទៀត

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

សាច់ញាតិរបស់សពយុវតី២នាក់ដែលស្លាប់ដោយសង្ស័យពុលស្រាក្រឡុក ទទូចទៅអាជ្ញាធរជំនាញ​ឱ្យស្រាវជ្រាវរកមូលហេតុដែលធ្វើឱ្យប្អូនស្រីគាត់ស្លាប់ ត្បិតពួកគេយល់ថា ការស្លាប់នោះស្ថិតនៅក្នុងមន្ទិលសង្ស័យជាច្រើន។

ការទទូចនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានអះអាងថា យុវតី២នាក់បងប្អូនបង្កើតបានស្លាប់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយសមត្ថកិច្ចសន្និដ្ឋានថា ពួកគេផឹកស្រាក្រ​ឡុ​ក​ដែល​មាន​សារ​ធា​តុ​មេ​តា​ណុល​កម្រិត​ខ្ពស់​។​

តាមរយៈវីដេអូដែលផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ បុរសម្នាក់ដែលអះអាងក្នុងវីដេអូនោះថា ជាបងប្រុសបង្កើតរបស់យុវតីទាំង២នាក់ដែលស្លាប់នោះ លោក អ៊ុយ សុខទី ​បាននិយាយថា លោកមានការសោកស្តាយចំពោះការបាត់បង់ប្អូនស្រីទាំង២នាក់ជាខ្លាំង។

លោកបញ្ជាក់ថា ​ប្អូនរបស់គាត់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនអាចជួយសង្រ្គោះពួកគាត់បាន ហើយខាងមន្ទីរពេទ្យបញ្ជាក់ថា ការស្លាប់នេះបណ្តាលមកពីករណីពុលស្រា ខណៈមិត្តភក្តិប្អូនរបស់លោកពីរនាក់ទៀតក៏កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយ​មានអាការស្រដៀងគ្នានេះ។ ​

យ៉ាងនេះក្តី លោកនៅតែ​ទទូចទៅអាជ្ញាធរឱ្យ​ស្រាវជ្រាវករណីនេះឱ្យបានហ្មត់ចត់ ដើម្បីបង្ហាញការពិតលើរឿងនេះ ត្បិតការស្លាប់ប្អូនទាំងពីររបស់លោកដោយថាពុលស្រានេះ គ្រួសារមិនអាចទទួលយកបានឡើយ។

លោកបន្តថា៖ «ខ្ញុំសំណូមពរ ចង់ដឹងថាប្អូនខ្ញុំមានមូលហេតុអ្វី ពីព្រោះស្រស់ៗពេក ចង់ឱ្យសមត្ថកិច្ចស្រាវជ្រាវម្ដងទៀត»។

នាយ​ប៉ុស្តិ៍​នគរ​បាល​ស​ង្កា​ត់​ឃ្មួញ លោក ញាណ នន ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២៨ ខែមិថុនានេះ យុវតីពីរនាក់ឈ្មោះ ​អ៊ុយ​ ស្រី​ម៉ៅ ​អាយុ២១​ឆ្នាំ ​និង​ឈ្មោះ ​អ៊ុយ​ ស្រី​ដា ​អាយុ​១៩ឆ្នាំ​ ​ជា​បងប្អូន​បង្កើត​ ធ្លាប់​ធ្វើការ​នៅក្នុង​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ បានផឹកស្រាក្រឡុកដែលមានសារធាតុមេតាណុលខ្ពស់បណ្តាលឱ្យពុលស្លាប់។

នាយប៉ុស្តិ៍រូបនោះបញ្ជាក់ថា យុវតីទាំង២នាក់នោះបានពុលស្លាប់ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញ។ ក្រោយពីស្លាប់ សមត្ថកិច្ចជំនាញបានធ្វើកោសលវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

​ទាក់ទងនឹងការស្រាវជ្រាវ​ឬ​ធ្វើកោសលវិច័យលើសាកសពម្តងទៀតតាមការស្នើសុំរបស់គ្រួសារសពនោះ លោក ញាណ នន សុំមិនធ្វើការបកស្រាយជុំវិញករណី​នេះឡើយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ប្រជាពលរដ្ឋពុលស្រាស្លាប់ជាបន្តបន្ទាប់ ​​ធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះនិងសាច់ញាតិពួកគេ ខណៈវិធានការរបស់អាជ្ញាធរ​​មិនទាន់បានល្អប្រសើរនៅឡើយ។

ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលពន្លឿនអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះ មានប្រសិទ្ធភាព​។

លោកជំរុញដូច្នេះថា៖ «រដ្ឋាភិបាលត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដោយមានការដាក់ទោសទៅដល់អ្នកដែលបំពានច្បាប់ជាដើម ដើម្បីត្រួតពិនិត្យស្រាដែលអាចនឹងប្រើប្រាស់លើសជាតិមេតាណុលដែលធ្វើឱ្យពុល ឱ្យស្លាប់ ត្រូវគិតគូរពីបញ្ហាហ្នឹង! បើមិនអ៊ីចឹងទេ វាបង្កើតឱ្យមានការឈឺចាប់ដល់ប្រជាពលរដ្ឋជាហូរហែ»។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាលថា ករណីស្លាប់ពលរដ្ឋចំនួន១២នាក់ នៅភូមិចំនួន២ ប​ណ្តាលមកពីពលរដ្ឋទាំងនោះពិសាស្រា-ស និងស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ ខណៈម្ចាស់ទីតាំងផលិតស្រាត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការផងដែរ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការពិសាស្រា-សឬស្រាថ្នាំដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សុខភាពឬរហូតបាត់បង់ជីវិតបន្តទៀត។

ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។

ហេតុការណ៍ពុលស្រាមួយទៀតបានកើតឡើងកាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ នៅខេត្តបន្ទាយ​មានជ័យ បណ្តាលឱ្យមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយ​ពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ