កម្ពុជា​យក​ចិន​ជា​ខ្នង​បង្អែក​ធំ​ជាង​ប្រទេស​ដទៃ​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​​កូវីដ-១៩​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលថ្លែងថា កម្ពុជាប្រកាសជ្រើសរើសមហាមិត្តចិនជាខ្នងបង្អែកធំជាងប្រទេសដទៃក្នុងការជួយផ្គត់ផ្គង់វ៉ាក់សាំងបង្ការ​ការឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសដទៃមិនអាចជួយផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជាទាន់ពេលដូចប្រទេសចិននោះទេ។

ក្នុងពិធីថ្លែងសារពិសេសអំពីការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កន្លងមក ប្រទេសខ្លះបានត្រឹមតែសន្យាជួយផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជូនកម្ពុជាប៉ុណ្ណោះ ប៉ុន្តែមិនបានធ្វើតាមការសន្យានោះឡើយ។

ករណីនេះ លោក​ ហ៊ុន សែន ​បញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តជ្រើសរើសយកមហាមិត្តចិនជួយផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺសកលមួយនេះជូនកម្ពុជា ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានគ្រប់ចំនួន និងបញ្ចប់តាមផែនការត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

លោកថ្លែងថា៖ «ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង! ឯប្រភពផ្សេងទៀត ជាប្រភពគាំទ្រ មិត្តភក្តិបរទេសអាចយល់ពីចិត្តកម្ពុជា បន្តិចថាផ្អែកលើចិន ស្អីក៏ចិនៗ បើអស់លោកមិនផ្តល់ឱ្យខ្ញុំ តើខ្ញុំទៅពឹងអ្នកណា? បើមិនពឹងចិន ខ្ញុំត្រូវការការពារប្រជាជនខ្ញុំដែរ មើលប្រទេសមួយចំនួនដែលពឹងពាក់ទៅលើប្រទេសដទៃក្រៅពីចិន បានវ៉ាក់សាំងហើយឬនូវ? ទី៣ វ៉ាក់សាំងមកដល់ត្រូវចែកទៅតាមតំបន់អាទិភាព ហើយត្រូវប្រមូលផ្តុំកម្លាំងចាក់ឱ្យបានឆាប់​ បើមកដល់ត្រឹមខែ៨ ខ្ញុំគិតថា ខែ១១[ចាក់វ៉ាក់សាំង]ចប់ហើយ»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះប្រទេសដទៃដែលថានឹងជួយផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា ហើយមិនផ្គត់ផ្គង់វិញនោះទេ។ លោកបញ្ជាក់ថា ប្រទេសខ្លះទាមទារឱ្យរដ្ឋាភិបាលកក់លុយមុន ជាថ្នូរនឹងការលក់វ៉ាក់សាំងឱ្យកម្ពុជា ប៉ុន្តែមិនកំណត់ពីពេលវេលាច្បាស់លាស់ ថានឹងផ្ញើមកកម្ពុជានៅពេលណាប្រាកដឡើយ។

បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលថ្លែងទៀតថា ក្រៅពីប្រទេសកម្ពុជាជ្រើសរើសយកវ៉ាក់សាំងចិន ក៏មានប្រទេសមួយចំនួននៅតំបន់អាស៊ាន ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និងប្រទេសសាំងហ្គាពួរ ជាដើម ក៏បានជ្រើសយកវ៉ាក់សាំងចិនដូចគ្នាដែរ។

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលកម្ពុជាគួរតែប្រកាន់ជំហរនៅកណ្តាល មិនត្រូវទំនោរទៅប្រទេសចិន ពាក់ព័ន្ធការទទួលយកវ៉ាក់សាំងនោះទេ។ ករណីនេះ លោកថា បើកម្ពុជាប្រកាសយកតែភាគីចិនជាបង្អែកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងនោះ អាចធ្វើឱ្យកម្ពុជាប៉ះពាល់ដល់ប្រយោជន៍ជាច្រើនទៀត។

លោកមានប្រសាសន៍ថា៖ «បើនិយាយពីគោលនយោបាយអព្យាក្រឹត្យ អ្នកនយោបាយគួរតែប្រកាន់យកនូវឥរិយាបថមួយ មិនគួរឈរជាន់ឬផ្អែកទៅខាង[ប្រទេស]ណាមួយដាច់ណាត់ទេ។ កាលណាផ្អែកដាច់ណាត់ វាមិនបង្ហាញពីជំហរអព្យាក្រឹត្យរបស់កម្ពុជាទេ។ កាលណាមិនបង្ហាញពីជំហរអព្យាក្រឹត្យ វាអត់ស្តែងនៅក្នុងរដ្ឋធម្មនុញ្ញ វាអត់ទទួលបានអត្ថប្រយោជន៍ពីគ្រប់ភាគី គេហៅថា ចរន្តសកលភាវូបនីយកម្ម ឬពហុភាគីនិយមទេ»។

ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនជាបន្តបន្ទាប់ រួមមាន លើកទី១ មានចំនួន១លាន៥សែនដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ លើកទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែមេសា។ ដោយឡែក លើកទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា ថ្ងៃទី១១ ខែឧសភា។ លើកទី៤ នៅថ្ងៃទី១៦ ខែឧសភានេះ ដោយកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រទេសចិន ចំនួន៥០ម៉ឺនដូស។ លើកទី៥ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ​ពីប្រទេសចិន ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ និងលើកទី៦ វ៉ាក់សាំងចិន១លានដូសទៀត មកដល់កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ផងដែរ។

ប្រភពដដែលបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាង៤លាន៥សែនដូសរួចមកហើយ រួមមាន វ៉ាក់សាំង ស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លាន៧សែនដូស។ វ៉ាក់សាំង ស៊ីណូវ៉ាក់ ទិញពីចិន ចំនួន២លាន៥សែនដូស និងវ៉ាក់សាំង អាស្ត្រាហ្សេនិកា ជាង៣២ម៉ឺនដូស (៣២៤ ០០០) ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

លោក ហ៊ុន សែន អះអាងថា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងពីចិន ចំនួន៥លានដូស ក្នុងនោះ ថ្ងៃទី៦ ខែកក្កដា ទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស ហើយនៅថ្ងៃទី១០ ខែកក្កដា នឹងទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស និងវ៉ាក់សាំង ស៊ីណូវ៉ាក់ ៣លានដូសផងដែរ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបបាន៤លាន២សែននាក់ ស្មើ ៤២% នៃចំនួនមនុស្ស១០លាននាក់ ដែលត្រូវចាក់ឱ្យបានចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ