ប្រមុខ​រដ្ឋា​ភិបាល​ឱ្យ​លោក​ សៅ​ សុខា​ ប្រមូល​ឈើ​ដែល​បង្រ្កាប​បាន​ធ្វើ​ក្តារមឈូស​ដាក់​សព​អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​

មន្ត្រីបរិស្ថាននិងមន្ត្រីពាក់ព័ន្ធចុះមើលឈើដែលរឹបអូសបានពីករណីបង្ក្រាបបទល្មើសព្រៃឈើ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ឱ្យប្រមូលឈើដែលបង្ក្រាបបានពីបទល្មើស មកធ្វើជាក្តារមឈូសសម្រាប់ដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីបូជាសពបានសមរម្យតាមបែបប្រពៃណីសាសនា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាជំងឺផ្លូវដង្ហើមមួយនេះ នៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១​។

ក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន សែន បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងនិងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ កំពុងខ្វះក្តារមឈូសសម្រាប់ដាក់សព។ លោកបានជំរុញទៅគណៈកម្មការមួយនេះឱ្យពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីយកឈើដែលបង្ក្រាបបានពីបទល្មើសកន្លងមក ទៅធ្វើជាក្តារមឈូសសម្រាប់ដាក់សាកសពយកទៅបូជាឱ្យសមរម្យ។

លោកបន្ថែមថា៖ «ឯកឧត្តម សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មើលៗឈើនៅណាខ្លះ ហើយបើនីតិវិធីផ្លូវច្បាប់ ជំរុញការរឹបអូសឱ្យរហ័ស។ វាមិនមែនសុទ្ធតែត្រូវការក្តារមឈូសឆ្លាក់គ្រប់សពនោះទេ។ តែយ៉ាងណា កុំឱ្យយកទៅកប់សូម្បីតែក្តារមឈូសក៏គ្មាន យកទៅដុតសូម្បីតែក្តារមឈូសក៏គ្មាន យើងមិនគប្បីធ្វើបែបនេះចំពោះពលរដ្ឋយើងទេ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាទៅអភិបាលរាជធានី-ខេត្ត និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ឱ្យបញ្ចេញថវិកាទិញក្តារមឈូសយកទុកសម្រាប់ដាក់សាកសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ​មិនទាន់អាចបញ្ជាក់បានពីទំហំឈើដែលបង្ក្រាបបាននៅឡើយទេ ដោយលោកថា សមត្ថកិច្ចកំពុងធ្វើការបូកសរុបនៅឡើយ។ លោកថា ឈើដែលបង្ក្រាបបាននោះ មានគ្រប់ខេត្តគោលដៅ។

លោកបន្ថែមថា៖ «យើងនឹងអនុវត្តទៅតាមបទបញ្ជា។ ឥលូវគេកំពុងបូកសរុប វាមាននៅតាម[បណ្ដាខេត្ត]បន្តិចៗទេ»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មានប្រសាសន៍ថា លោកមិនជំទាស់ចំពោះការយកឈើដែលប្រមូលបានពីបទល្មើសទៅធ្វើក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែលោកថា គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបង្ហាញទីតាំងនិងចំនួនឈើដែលបង្ក្រាបបាននោះឱ្យបានច្បាស់លាស់ ហើយប្រើប្រាស់ឈើនោះសម្រាប់ប្រយោជន៍សាធារណៈឱ្យមានតម្លាភាពផង។

លោកបន្ថែមថា៖ «គួរតែបង្ហាញជាផ្លូវការនូវចំនួនបទល្មើសនិងចំនួនឈើដែលបានរឹបអូស ជាពិសេសកំណាត់ឈើ ថាតើបានតម្កល់នៅកន្លែងណាឱ្យបានច្បាស់លាស់! ហើយប្រភេទឈើដែលត្រូវយកមកប្រើសម្រាប់ជាប្រយោជន៍សាធារណៈនេះ គួរតែយកប្រភេទឈើណាដែលប្រើប្រាស់បាននូវវិស័យធម្មតា ប៉ុន្តែចំពោះឈើប្រណិតឬឈើកម្រ គួររក្សាទុកនៅសារមន្ទីរធនធានធម្មជាតិ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់»។

កាលពីឆ្នាំ២០១៩ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចាប់និងបញ្ជូនមនុស្ស៥៩នាក់ទៅតុលាការ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើនៅទូទាំងប្រទេស និងបានចាប់យកឈើចម្រុះជាង៩ពាន់ម៉ែត្រគូប និងរឹបអូសមធ្យោបាយដឹកជញ្ជូនឈើ៤៩១គ្រឿង​ ខណៈរបាយការណ៍ថ្មីជាងនេះ មិនបានទាន់បានបង្ហាញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ